អន្តរជាតិ
ក្រុមបាតុករ​ស៊ូដង់ លែង​ចរចា​ជាមួយ​ក្រុម​យោធា ហើយ​បន្ត​តវ៉ា​តាមផ្លូវ​
22, Apr 2019 , 3:03 pm        
រូបភាព
​នៅ​ស៊ូដង់ មេដឹកនាំ​បាតុករ​នៅ​ថ្ងៃទី​២១ ខែមេសា បានប្រកាស​ផ្អាក​ចរចា​ជាមួយ​ក្រុម​យោធា​កំពុងកាន់​អំណាច បន្ទាប់ពី​យោធា​មិន​ព្រម​ផ្ទេរអំណាច​ឲ្យ​ក្រុម​ស៊ីវិល​ដើម្បី​ដឹកនាំ​ប្រទេស​វិញ​។ ក្រុមបាតុករ​ប្រឆាំង នឹង​បន្តធ្វើ​ការទាមទារ​រប​ស់​ខ្លួន​បន្តទៀត​រហូត​លក្ខខណ្ឌ​របស់​ពួកគេ ត្រូវបាន​គោរព​ដោយ​យោធា​។ យោធា​ស៊ូដង់​ដែល​បញ្ចប់​ការ​ក្ដាប់​អំណាច​៣០​ឆ្នាំ​របស់លោក អូ​ម៉ា អាល់​-​បា​សៀ កំពុង​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​អន្តរកាល​ចំនួន​ពីរ​ឆ្នាំ​។​

 
​ផ្ដួល​រលំ​មេដឹកនាំ​ផ្ដាច់ការ អូ​ម៉ា អាល់​-​បា​សៀ បាន​មែន តែ​ប្រជាជន​ស៊ូដង់​ដែល​ងើប​តវ៉ា​មិនទាន់​បញ្ចប់​ភារកិច្ច​របស់ខ្លួន​នៅឡើយ​ទេ​។ ក្រុមបាតុករ បានទាមទារ​ឲ្យ​ក្រុមប្រឹក្សា​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក អាល់​-​បា​សៀ តាម​ការទាមទារ​រប​ស់​ប្រជាជន ឲ្យ​ប្រគល់​អំណាច​ទៅ​ក្រុមប្រឹក្សា​ស៊ីវិល​ជាបន្ទាន់​។ ក្រុមបាតុករ ក៏មាន​ផែនការ​បង្ហាញមុខ​មេដឹកនាំ​ស៊ីវិល​ថ្មី​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​ជំនួស​ក្រុមប្រឹក្សា​យោធា​ទៀតផង​។​
 
​យ៉ាងណាមិញ ក្រុម​យោធា​កាន់អំណាច មិនបាន​ធ្វើតាម​ការទា​ម​ទារ​របស់​ក្រុមបាតុករ​ឡើយ​។ មិន​សប្បាយ​ចិត្តនឹង​ភាព​រឹងទទឹង​របស់​យោធា តំណាង​ក្រុមបាតុករ ក៏​ប្រកា​សលែង​ចរចា​ជាមួយ​យោធា​តែម្ដង​។ លើសពីនោះ បាតុករ នឹង​បន្ត​ការតវ៉ា​ដោយ​អង្គុយ​តាម​ដងផ្លូវ​រយៈពេល​ច្រើន​សប្ដាហ៍​ទៀត​ដើម្បី​ដាក់​ស​ម្ពា​ឌ​ឲ្យ​យោធា​បោះបង់​អំណាច​។ អ្នក​តវ៉ា​ក៏​ថែមទាំង​ចោទ​ក្រុម​យោធា​ថា ធ្វើ​សកម្ម​ភាពមិន​ខុសពី​របប​លោក អាល់​-​បា​សៀ ឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​បាតុករ​ម្នាក់​ឈ្មោះ Wagdi Saleh បាន​បន្ទោស​យោធា​ដែល​ពន្យារពេល​បញ្ចេញ​សមាសភាព​ក្រុមប្រឹក្សា​ស៊ីវិល​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​។ ប៉ុន្តែ​លោក Saleh អះអាងថា ក្រុម​យោធា​សុំ​ពេល​ពិចារណា​លើ​លក្ខខណ្ឌ​របស់​បាតុករ​ដែលមាន​ជាង​មួយរយ​លក្ខខណ្ឌ​ឯណោះ ព្រោះ​បក្សនយោបាយ​ជាច្រើន​ក៏​ដាក់សំណើ​ទៅ​ឲ្យ​យោធា​ដែរ​។​
 
​ជុំវិញ​ការផ្ទេរអំណាច​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ស៊ីវិល​នេះ ប្រមុខ​របប​យោធា​ស៊ូដង់ ឧ​ត្ត​ម​សេនីយ៍ Abdel Fattah al-Burhan បានប្រកាស​ពី​ជំហរ​របស់ខ្លួន​ក្នុង​ការប្រគល់អំណាច​ឲ្យ​ប្រជាជន និង​សន្យា​ពិនិត្យមើល​លក្ខខណ្ឌ​របស់​បាតុករ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​។ ប៉ុន្តែ​លោក​បាន​រិះគន់​ការធ្វើ​បាតុកម្ម​របស់​ប្រជាជន​ស៊ូដង់ ដែល​បាន​បិទផ្លូវ​ចរាចរណ៍ និង​ត្រួតពិនិត្យ​ការធ្វើដំណើរ​របស់​អ្នកផ្សេង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។​
 
​មុន​ផ្អាក​ការចរចា មេដឹកនាំ​យោធា និង​ក្រុមបាតុករ​បាន​ជួបគ្នា​ដើម្បី​ពិភាក្សា​ពី​ទម្រង់​របស់​ក្រុម​ម​ប្រឹក្សា​ស៊ីវិល ដែល​គ្រោង​កាន់អំណាច​ចំនួន​៤​ឆ្នាំ​សិន មុននឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ មេដឹកនាំ​ប្រឆាំង ចង់​ឲ្យ​យោធា​កំណត់​កាលបរិច្ឆេទ​ប្រគល់​អំណាច​ឲ្យ​ច្បាស់ ដើម្បី​បញ្ចៀស​ការអូសបន្លាយ​បញ្ហា ប៉ុន្តែ​ខាង​ក្រុម​យោធា​ហាក់​មិន​ចង់​ផ្ទេរអំណាច​ឲ្យ​ស៊ីវិល​ភ្លាមៗ​ឡើយ ខណៈ​ស្ថានការណ៍​មិនទាន់​ថមថយ​កម្ដៅ​នៅឡើយ​៕
 

Tag:
 ស៊ូដង់​
  Omar Al-Bashir
© រក្សាសិទ្ធិដោយ thmeythmey.com