អន្តរជាតិ
វាយប្រហារ​នៅ​ស្រីលង្កា​៖ ប៉ូលិស​ចេញ​សារ​ព្រមាន​តាំងពី​១០​ថ្ងៃមុន ប៉ុន្តែ​គ្មាន​វិធានការ​បង្ការ​
22, Apr 2019 , 9:39 pm        
រូបភាព
​មកទល់ពេលនេះ មនុស្ស​ជិត​៣០០​នាក់​បាន​ស្លាប់ និង​ប្រមាណ​៥០០​នាក់​របួស​ក្នុងការ​វាយប្រហារ​បន្ត​បន្ទាប់​គ្នា​នៅ​ស្រីលង្កា​កាលពី​ថ្ងៃទី​២១ ខែមេសា​។ នាយករដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe បានប្រកាសថា ប៉ូលិស​បានដឹង​ពី​គម្រោង​វាយប្រហារ​នេះ​ជាមុន ប៉ុន្តែ​បែរជា​គ្មាន​ការចាត់វិធានការ​ទប់ស្កាត់​ទៅវិញ​។ លោកនាយក​រដ្ឋមន្ត្រី​ក៏​ប្រកាស​ស៊ើបអង្កេត​ពី​ការធ្វេសប្រហែស​ដែល​នាំ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់​បែបនេះ​។

 
​ព្រឹក​ថ្ងៃទី​២១ ខែមេសា ការ​បំផ្ទុះ​ចំនួន​៦​លើក​ផ្សេងគ្នា បានកើត​ឡើង​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន​៣ (Shangri-La, Kingsbury និង Cinnamon Grand) និង​ព្រះវិហារ​គ្រិស្តសាសនា​ចំនួន​៣​ទៀត ខណៈដែល​មនុស្សម្នា​កំពុង​ប្រារព្ធ​ពិធីបុណ្យ Easter Sunday នៅ​រដ្ឋធានី​កូឡុំបូ​។ ប៉ុន្មាន​ក្រោយមក ការផ្ទុះ​ពីរលើក​ទៀត​បាន​កើតឡើង​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ប៉ូលិស​ស្រីលង្កា​ទទួលបាន​ការព្រមាន​ទៅហើយ បែរជា​មិនអាច​ធ្វើ​អ្វី​បាន​វិញ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេ​ប៉ូលិស​ស្រីលង្កា Pujuth Jayasundara បានចេញ​សេចក្ដីប្រកាស​អាសន្ន​មួយ​ទៅកាន់​មន្ត្រីប៉ូលិស​សំខាន់ៗ​ផ្សេងទៀត​តាំងពី​១០​ថ្ងៃ​មក ដោយ​ព្រមាន​ពី​គម្រោង​វាយប្រហារ​វិហារ​សំខាន់ៗ​។ ក្នុង​លិខិត​ព័ត៌មាន​សម្ងាត់​ដដែល មេ​ប៉ូ​លិ​ស្រីលង្កា​រូបនេះ​បានបង្ហាញ​ឈ្មោះ​ក្រុម​ភេរ​វករ National Thowheeth Jama’ath និង​ថា ក្រុម​នេះ​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​វិហា​រ​ធំៗ និង​ស្ថានទូត​ឥណ្ឌា​។​
 
​នាយករដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe ក៏បាន​ទទួលស្គាល់​ពី​ព័ត៌មាន​ខាងលើ​ដែរ​។ លោក​បន្តថា អាជ្ញាធរ​នឹង​ស៊ើបអង្កេត​រក​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​ធ្វេសប្រហែស​រហូត​មិនមាន​ការចាត់វិធានកា​រ​អ្វី​ទុក​មុន​បែបនេះ​។ ចំណែក​រដ្ឋមន្ត្រី​គមនាគមន៍​ស្រីលង្កា Harin Fernando បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា ប៉ូលិស​ដឹង​ពី​គម្រោង​វាយប្រហារ​នេះ តែ​ពន្យារ​ពេលធ្វើ​សកម្មភាព  ដូចនេះ​ចំណាត់ការ​តឹងរ៉ឹង ត្រូវតែ​យកមកអនុវត្ត​។​
 
​ការវាយប្រហារ​បង្ហូរ​ឈាម​នៅ​ចុង​សប្ដាហ៍​មុននេះ ជាការ​វាយប្រហារ​ដ៏​ធំ​មួយ​ក្នុង​រដ្ឋ​អាស៊ីខាងត្បូង​មួយ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​សតវត្សរ៍​មកនេះ ពិសេស​ក្រោយ​ចប់​សង្គ្រាមស៊ីវិល​មក​។ មិនទាន់មាន​ក្រុម​ណាមួយ​ចេញមក​ប្រកាស​ទទួលស្គាល់​ទង្វើ​នេះ​នៅឡើយ​ទេ សូម្បីតែ​ក្រុម​ដែលមាន​ឈ្មោះ​ក្នុង​សេចក្ដី​ព្រមាន​របស់​ប៉ូលិស ក៏​នៅ​ស្ងៀម​ដែរ​។ រដ្ឋាភិបាល​ស្រីលង្កា​បង្ហើប​ថា អ្នកស៊ើប​អង្កេត​រដ្ឋ​នឹង​រកមើល​ក្រុម​ភេរវ​ករ​នៅ​បរទេស​ផងដែរ​។​
 
​ការវាយប្រហារ​ល​វិហារ​គ្រិស្តសាសនា ធ្វើ​ឲ្យ​ការបែកបាក់​ជាតិ​សាសន៍​នៅ​ស្រីលង្កា​កាន់តែ​ប្រេះឆា​ធំ​ទៅៗ ខណៈ​និគម​គ្រិស្តសាសនា​មាន​ទំហំ​៦​ភាគរយ​នៃ​ប្រជាជន​ស្រីលង្កា​ទាំងមូល​។ បន្ទាប់ពី​បញ្ចប់សង្គ្រាម​ស៊ីវិល​បង្ហូ​រ​ឈាម​ជាមួយ​ក្រុម​ខ្លា​តា​មិ​ល ស្រីលង្កា​ក៏​ជួប​បញ្ហា​រវាង​ពុទ្ធសាសនិក​ភាគច្រើន និង​ជន​មូស្លីម​ភាគតិច​វិញ​ម្ដង​៕ 

Tag:
 ស្រីលង្កា​
  Ranil Wickremesinghe
© រក្សាសិទ្ធិដោយ thmeythmey.com