ONE Championship
កីឡាជាតិ
ជាតិ
ឃុន ឌី​ម៉ា ដាក់​គោលដៅ​ឈ្នះ​មេដាយមាស​លើក​ទី​២​នៅ​ស៊ី​ហ្គេម ឲ្យ​កម្ពុជា​
22, Apr 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​វិញ្ញាសា​ប្រដាល់ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ឃុន ឌី​ម៉ា បានដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​ជា​លើក​ទី​២​របស់ខ្លួន​ជូន​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​ចុងឆ្នាំ​នេះ​។ ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​ហ្វីលីពីន​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។


 
​ឃុន ឌី​ម៉ា បាន​បង្ហើប​អំពី​ការតាំង​ចិត្ត​បែបនេះ​៖«​គោលដៅ​របស់ខ្ញុំ​គឺ​ដើម្បី​ស្វែងរក​មេដាយមាស​សម្រាប់​ស៊ី​ហ្គេម ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​អះអាង​ប្រាកដថា​បាន ១០០% នោះឡើយ​ព្រោះ កម្រិត​ស៊ី​ហ្គេម​គេ​ក៏​ខ្លាំងៗ​ដូចគ្នា​។ បច្ចុប្បន្ន គីឡូ​ខ្ញុំ​៦៣ ហើយ​ខ្ញុំ​ត្រូវ​ឡើង​វ៉ៃ​គីឡូ ៦៤ នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​តាម​ខ្ញុំ​ដឹង​។ យ៉ាងណាក្ដី ខ្ញុំ​ហ្វឹកហាត់​ត្រៀម​ជាប្រចាំ និង ឡើង​សង្វៀន​ប្រកួត​នានា ប្រៀបដូចជា​ការត្រៀមខ្លួន​ឲ្យ​បានល្អ​អីចឹង​ដែរ​។ ទោះ​ឡើង​ប្រកួត​នៅទីណា​មុន​ស៊ី​ហ្គេម ក៏​ជាការ​ត្រៀមខ្លួន​របស់ខ្ញុំ​ដែរ​»​។​
 
​កីឡាករ​ប្រដាល់​មកពី​ក្លឹប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រូបនេះ​បន្តថា លើសពីនេះទៅទៀត​ការចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ អធិរាជ​គុន​ខ្មែរ ISI Palm ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន នា​ដើមខែ ឧសភា ខាងមុខនេះ ក៏​ជាការ​ត្រៀម និង ជាការ​រៀបចំខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​រឹងមាំ​នៅ​ស៊ី​ហ្គេម​ដែរ​។ តាម​ការរំពឹងទុក បើសិនជា​ឈ្នះ​វគ្គ​ជម្រុះ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ កម្មវិធី​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ខែ តុលា ឆ្នាំ ២០១៩ មុន​ការប្រកួត​ស៊ី​ហ្គេម​ចាប់ផ្ដើម​រយៈពេល ១ ខែ​។ 
 
​ដើម្បី​ឲ្យ​ការត្រៀមខ្លួន​រឹតតែ​ល្អ​បន្ថែមទៀត កីឡាករ​ប្រដាល់​មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​វ័យ ២៨ ឆ្នាំ​រូបនេះ​ត្រូវបាន​កោះហៅ​ឲ្យ​ប្រមូលផ្ដុំ​នៅ​ក្រុម​ជម្រើសជាតិ​នា​ចុង ខែ មេសា នេះ ឬ ដើមខែ ឧសភា ដែល​ទទួល​ការឧបត្ថម្ភ​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា​។ កូនប្រុស​របស់លោក ហេង ប៊ុន​ឃីម នឹងត្រូវ​ហ្វឹកហាត់​ជាមួយ គ្រូបង្វឹក អេ ភូ​ថង និង ឡុង សាល​វ័​ន្ត រហូតដល់​មុន​ចេញទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម​តែម្ដង​។ 
 
​គួររំលឹកថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក ២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ ២០១៧ ដែលមាន​១១​ប្រទេស​ជា​សមាជិក​ចូលរួម​នោះ​ប្រកួតប្រជែង​នោះ កម្ពុជា​ទទួលបាន មេដាយ​សរុប​ចំនួន ១៧ គ្រឿង ក្នុងនោះ​ទទួលបាន​មេដាយ មាស ៣ គ្រឿង ប្រាក់ ២ និង សំរឹទ្ធ ១២ គ្រឿង​។ ក្នុង​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ គ្រានោះ ឃុន ឌី​ម៉ា ឈ្នះ​មេដាយមាស ហើយ មឿ​ន សុភា ឈ្នះ​មេដាយប្រាក់ ខណៈដែល ណាត សៀក​និ​ន​(​ពេជ្រ ម្ទេសខ្មាំង​) និង ឡៅ ចិ​ត្រា ឈ្នះ​មេដាយ​សំរឹទ្ធ​៕ 
 

Tag:
 ឃុន ឌី​ម៉ា​
  Sea Games
© រក្សាសិទ្ធិដោយ thmeythmey.com