កីឡាអន្តរជាតិ
អន្តរជាតិ
Leeds ត្រូវ Brentford បង្អាក់ដំណើរឡើងទៅ Premier League ស្វ័យប្រវត្តិ
× ការរំពឹងទុករបស់ Leeds United ដើម្បីឈរនៅតំបន់ដែលអាចឡើងទៅ Premier League ដោយស្វ័យប្រវត្តិ ត្រូវអាក់ខានវិញក្រោយចាញ់ Brentford ២-០ ក្នុងការប្រកួត Championship នៅថ្ងៃទី២២ ខែមេសា។ Sheffield United ដែលជាគូប្រជែងរបស់ Leeds នៅតែរក្សាចំណាត់ថ្នាក់ទី២បណ្តោះអាសន្នបន្ទាប់ពីឈ្នះ Nottingham Forest ២-០។
បរាជ័យរបស់ Leeds សម្រាប់ការប្រកួតសប្តាហ៍ទី៤៤ បានធ្វើឲ្យពួកគេកាន់តែឃ្លាតឆ្ងាយក្នុងការដណ្តើមពានក្របខណ្ឌលំដាប់ទី២អង់គ្លេស ឬលេខ២ ដើម្បីបានកៅអីឡើងទៅកាន់លីគកំពូលអង់គ្លេសរដូវកាលក្រោយ ដោយមិចបាច់ប្រកួត play-off។
Leeds ស្ថិតនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយក្រុមលេខ២ Sheffield United ចំនួន៣ពិន្ទុ និងក្រុមកំពូលតារាង Norwich City ចំនួន៦ពិន្ទុ ខណៈការប្រកួតនៅសល់៤លើកទៀតសម្រាប់រដូវកាល ២០១៨-១៩នេះ។
តាមច្បាប់ក្នុងលីគ Championship ក្រុមជើងឯក និងជើងឯករង ទទួលបានសិទ្ធិទៅលេងនៅ Premier League ដោយស្វ័យប្រវត្តិ រីឯក្រុមលេខ៣ដល់លេខ៦ត្រូវមានការប្រកួត play-off ដើម្បីរើសយកមួយក្រុមទៅកាន់លីគកំពូលផងដែរ។
Leeds United ដែលជាក្លិបធ្លាប់មានឈ្មោះល្បីល្បាញ និងជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេស៣សម័យបានធ្លាក់ទៅកាន់ក្របខណ្ឌទី២ ក្នុងរដូវកាល ២០០៣-២០០៤។ ដោយសារវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រុមនេះបានបន្តធ្លាក់ទៅកាន់លីគទី៣ League One នៅរដូវកាល ២០០៧ដល់២០១០ មុនឡើងទៅ Championship វិញនៅរដូវកាល២០១០-១១។
ប៉ុន្តែសម្រាប់រដូវកាលនេះនៅក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Marcelo Bielsa សង្ឃឹមថា Leeds នឹងអាចឡើងទៅ Premier League វិញតាមរយៈការប្រកួត៤លើកចុងក្រោយ ឬតាមការប្រកួត play-off៕
Tag:
បាល់ទាត់
Leeds United
Championship
© រក្សាសិទ្ធិដោយ thmeythmey.com