កីឡាអន្តរជាតិ
អន្តរជាតិ
Leeds ត្រូវ Brentford បង្អាក់ដំណើរ​ឡើងទៅ Premier League ស្វ័យប្រវត្តិ​
23, Apr 2019 , 12:03 pm        
រូបភាព
​ការរំពឹងទុក​របស់ Leeds United ដើម្បី​ឈរ​នៅ​តំបន់​ដែល​អាច​ឡើងទៅ Premier League ដោយ​ស្វ័យប្រវត្តិ ត្រូវ​អាក់ខាន​វិញ​ក្រោយ​ចាញ់ Brentford ២-០ ក្នុងការ​ប្រកួត Championship នៅ​ថ្ងៃទី​២២ ខែមេសា​។ Sheffield United ដែលជា​គូប្រជែង​របស់ Leeds នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី​២​បណ្តោះអាសន្ន​បន្ទាប់ពី​ឈ្នះ Nottingham Forest ២-០​។​


 
​បរាជ័យ​របស់ Leeds សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៤៤ បានធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ឃ្លាតឆ្ងាយ​ក្នុងការ​ដណ្តើមពាន​ក្របខណ្ឌ​លំដាប់​ទី​២​អង់គ្លេស ឬ​លេខ​២ ដើម្បី​បាន​កៅអី​ឡើងទៅ​កាន់​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ក្រោយ ដោយ​មិច​បាច់​ប្រកួត play-off​។ 
 
Leeds ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ តាម​ពីក្រោយ​ក្រុម​លេខ​២ Sheffield United ចំនួន​៣​ពិន្ទុ និង​ក្រុម​កំពូល​តារាង Norwich City ចំនួន​៦​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​៤​លើក​ទៀត​សម្រាប់​រដូវ​កាល ២០១៨-១៩​នេះ​។​
 
​តាមច្បាប់​ក្នុង​លី​គ Championship ក្រុម​ជើងឯក និង​ជើងឯក​រង ទទួលបាន​សិទ្ធិ​ទៅលេង​នៅ Premier League ដោយ​ស្វ័យប្រវត្តិ រីឯ​ក្រុម​លេខ​៣​ដល់​លេខ​៦​ត្រូវមាន​ការប្រកួត play-off ដើម្បី​រើសយក​មួយក្រុម​ទៅកាន់​លី​គ​កំពូល​ផងដែរ​។​
 
Leeds United ដែលជា​ក្លិប​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ និង​ជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​៣​សម័យ​បាន​ធ្លាក់​ទៅកាន់​ក្របខណ្ឌ​ទី​២ ក្នុង​រដូវ​កាល ២០០៣-២០០៤​។ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ក្រុម​នេះ​បាន​បន្ត​ធ្លាក់​ទៅកាន់​លី​គ​ទី​៣ League One នៅ​រដូវ​កាល ២០០៧​ដល់​២០១០ មុន​ឡើងទៅ Championship វិញ​នៅ​រដូវ​កាល​២០១០-១១​។​
 
​ប៉ុន្តែ​សម្រាប់​រដូវ​កាល​នេះ​នៅក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​លោក Marcelo Bielsa សង្ឃឹមថា Leeds នឹង​អាច​ឡើងទៅ Premier League វិញ​តាមរយៈ​ការប្រកួត​៤​លើកចុងក្រោយ ឬ​តាម​ការប្រកួត play-off៕

Tag:
 បាល់ទាត់​
  Leeds United
  Championship
© រក្សាសិទ្ធិដោយ thmeythmey.com