អន្តរជាតិ
អតីត​ប្រធានាធិបតី​វៀតណាម​​ស្លាប់​នៅ​វ័យ​៩៩​ឆ្នាំ​
23, Apr 2019 , 2:03 pm        
រូបភាព
ដោយ:
ឧ​ត្ត​ម​សេនីយ៍ Le Duc Anh អតីត​ប្រធាន​ធិបតី​វៀតណាម ដឹកនាំ​ដឹកនាំទ័ពវៀតណាមជួយប្រជាជនកម្ពុជាផ្តួល​​រំលំ​នៃ​របប​ខ្មែរក្រហម​នោះ បាត់បង់​ជីវិត​ក្នុង​អាយុ ៩៩​ឆ្នាំ​។


 កើត​ក្នុង​ឆ្នាំ​១៩២០ លោក Le Duc Anh បាន​ចំណាយពេល​ស្ទើរ​មួយជីវិត​លោក​នៅវៀតណាម​ភាគខាងត្បូង ទី​ដែល​លោក​បាន​ចូលប្រឡូក​ក្នុង​សង្គ្រាម​ប្រឆាំង​បារាំង និង​សហរដ្ឋអាមេរិក​។  បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Vietnam News លោក បាត់បង់​ជីវិត​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី ២២ មេសា ដោយសារ​ជំងឺ​ប្រចាំកាយ និង​ចាស់ជរា​។​

លោ​ក Le Duc Anh បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម ចាប់ពី​ឆ្នាំ​១៩៨៧ ដល់ ១៩៩១ និង​ក្រោយមក បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ខែកញ្ញា ឆ្នាំ​១៩៩៧​។ ក្នុង​អាណត្តិ​ដឹកនាំ លោក Anh បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្របសម្រួល​ទំនាក់ទំនង​រវាង​វៀតណាម ជាមួយ​ចិន និង​សហរដ្ឋអាមេរិក​។​

តួយ៉ាង ក្នុង​ឆ្នាំ​១៩៩៥  លោក បាន​ក្លាយជា​ប្រមុខរដ្ឋ​វៀតណាម​ទីមួយ​បង្អស់ ជាន់​លើទឹក​ដី​អាមេរិក ក្រោយពី​សង្គ្រាម​វៀតណាម​បញ្ចប់​កាលពី​ឆ្នាំ​១៩៧៥ កាលនោះ​លោក​បាន​ចូលរួម​ខួប​លើក​ទី​៥០​ឆ្នាំ​នៃ​អង្គការសហប្រជាជាតិ​ក្នុង​បុរី ញូវយ៉ក​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ទទួល​ការអប់រំ​នៅ​អតីត​សហភាពសូវៀត និង​បាន​បាត់បង់​ភ្នែក​ម្ខាង​ផង​នោះ អតីត​ប្រមុខរដ្ឋ​វៀតណាម​រូបនេះ បាន​កាន់តំណែង​កំពូលៗ​មួយចំនួន​អំឡុង​សង្គ្រាម​វៀតណាម​៕


លោក Le Duc Anh នាជំនួបជាមួយសម្តេចព្រះវររាជបិតា នរោត្តម សីហនុ នៅក្រុងហាណូយ កាលពី​ឆ្នាំ​១៩៩៥។ រូបថត AFP




Tag:
 វៀតណាម​
  ខ្មែរក្រហម​
  Le Duc Anh
© រក្សាសិទ្ធិដោយ thmeythmey.com