ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
អន្សមអាំង​មុខ​ទូត​ចិន ជួយ​ផ្គត់ផ្គង់​ជីវភាព ៣​គ្រួសារ​ជិត​២​ទសវត្សរ៍​
24, Apr 2019 , 8:59 am        
រូបភាព
ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​ស្ថានទូត​ចិន ឬ​រស់នៅ​តំបន់​ក្បែ​នោះ ប្រាកដជា​ឃើញ អាជីវករ​កំពុង​អង្គុយ​អាំង​«​នំអន្សម​» និង​មាន​អតិថិជន​ចេញចូល​មមាញឹក​គួរសម​។ អ្នកលក់​នំអន្សម​អាំង​នៅ​ទីនោះ ខ្លះ​បាន​ចំណាយពេល​ជាង​១៥​ឆ្នាំ​មកហើយ និង​ខ្លះទៀត​បាន​ផ្ទេរ​មុខរបរ​ប្រពៃណី​នេះ​ឲ្យ​ទៅ​កូន​លក់​បន្ត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​។​

 
​អ្នកស្រី សុ ផាន​នី អ្នកលក់​នំអន្សម​អាំង​ក្រោម​ដើមឈើ​ធំ​មួយ​ដើម បាន​ឲ្យ​ដឹងថា អ្នកស្រី លក់​នំអន្សម​អាំង​នេះ បន្ត​ពី​ម្ដាយ​របស់​អ្នកស្រី បើ​គិត​មក​អស់​រយ​:​ពេល គឺ​ជាង​១៥​ឆ្នាំ​មកហើយ​។ របរ​លក់​អន្សមអាំង​នៅមុខ​ស្ថានទូត​ចិន ដែល​អ្នកស្រី ផាន​នី ត្រូវ​ក្រោក​ពី​ម៉ោង ៦​ព្រឹក​ដល់ ៦​ល្ងាច ជា​រៀងរាល់​ថ្ងៃនេះ លក់​អស់​ជាង​២០០​ទៅ​៣០០​នំ ក្នុង​មួយថ្ងៃ ដោយ​អន្សមអាំង​មួយ​មានតម្លៃ ១​ពាន់​រៀល​។ បើទោះជា​មិន​ចំណេញ​បាន​ច្រើន តែ​មុខរបរ​នេះ​អនុញ្ញាត​ឲ្យ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់នេះ ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​សមរម្យ ដោយមាន​កូន​អាយុ​៣​ឆ្នាំ និង​ម្ដាយ​ជរា​ម្នាក់​នៅក្នុង​បន្ទុក​។​
 
​នៅ​ឃ្លាត​ពី​កន្លែង​លក់​អន្សមអាំង​របស់​អ្នកស្រី សុ ផាន​នី ប្រហែល​១០០​ម៉ែត្រ គឺ​អ្នកស្រី វ៉ាន់ ឌី កំពុង​អាំងអន្សម​នៅក្រោម​ម្លប់ឈើ ជិត​បង្គោល​ភ្លើងស្តុប​មុខ​ទូត​ចិន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​មួយថ្ងៃ​អ្នកស្រី​លក់បាន​ប្រហែល​២០០​នំ អាច​ចំណេញ​បាន​ប្រហែល​៦​ម៉ឺន​ប៉ុណ្ណោះ​។ អស់​រយ​:​ពេល​ជាង​១៥​ឆ្នាំ​មកហើយ​នៅក្នុង​មុខរបរ​ប្រពៃណី​មួយ​នេះ ដែល​អ្នកស្រី វ៉ាន ឌី ប្រឈម​នឹង​កម្តៅថ្ងៃ​ផង កម្តៅភ្លើង​ភាយ​ចេញពី​ចង្ក្រាន​ដែល​អ្នកស្រី​កំពុង​ដាក់​អាំង​នំអន្សម​ផង ផ្គួប​ផ្សំ​នឹង​ផ្សែង​ឡាន​ម៉ូត​បើកបរ​កាត់​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​ស្ថានទូត​ចិន​ទៀតផង​។ យ៉ាងណាក៏ដោយ​អ្នកស្រី វ៉ាន ឌី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា អ្នកស្រី​មិនមាន​គម្រោង​ឈប់​ពីមុខ​របរ​លក់​នំអន្សម​អាំង​នេះឡើយ​៕
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​អាជីវ​ករលក់​នំអន្សម​អាំង​នៅ​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​ស្ថានទូត​ចិន ដូចតទៅ​៖



















© រក្សាសិទ្ធិដោយ thmeythmey.com