ជាតិ
ល្បាក់ខោន មាន​សារៈសំខាន់​សម្រាប់​ជីវិត​មច្ឆជាតិ​ជាច្រើន​ប្រភេទ​
24, Apr 2019 , 8:59 pm        
រូបភាព
 ​ជ្រោះ​ព្រះ​និម្មិត ដែល​ស្ថិតនៅក្នុង​តំបន់​ល្បាក់ខោន ក្នុង​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ។ រូបភាព ៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
​ជ្រោះ​ព្រះ​និម្មិត ដែល​ស្ថិតនៅក្នុង​តំបន់​ល្បាក់ខោន ក្នុង​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ។ រូបភាព ៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
ដោយ:
​ល្បាក់ខោន (Khone Falls) គឺជា​តំបន់​ទឹកធ្លាក់​ធំ​មួយ​នៅក្នុង​ទន្លេមេគង្គ នា​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ស្ថិតនៅក្នុង​ខេត្ត​ចម្ប៉ា​សាក់ ខាងត្បូង​ប្រទេស​ឡាវ ជិត​ព្រំដែន​ប្រទេស​កម្ពុជា​។ ការធ្វើដំណើរ​តាមផ្លូវ​ទឹក​តាម​ដង​ទន្លេមេគង្គ ពី​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម ទៅដល់​ប្រទេស​ចិន មិនអាច​ប្រព្រឹត្តទៅបាន​ពេញលេញ​ឡើយ ដោយសារ​វា​។ តំបន់​ទឹកធ្លាក់​មួយ​នេះ មាន​ប្រជុំ​កោះ​រាប់ពាន់ និង​ផ្លូវទឹក​យ៉ាងច្រើន​រាប់មិនអស់ ដែល​គេ​ស្គាល់ឈ្មោះ​ជា​ភាសា​ឡាវ​ថា​៖ «​ស៊ីផា​ន់​ដន​» ឬ​កោះ​បួន​ពាន់​។


​នៅ​ចុង​សតវត្សរ៍​ទី​១៩ អាណាព្យាបាល​បារាំង ក្នុងពេលដែល​ពួកគេ​ដាក់​អាណា​និយម​គ្រប់គ្រង បី​ប្រទេស កម្ពុជា ឡាវ និង​វៀតណាម ក្នុង​តំបន់​អាស៊ី​អា​គ្ន​យ៍​នេះ គេ​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ធ្វើយ៉ាងណា ឲ្យ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​ដោយ​ឆ្លងកាត់​ល្បាក់ខោន​នេះ ប្រព្រឹត្តទៅបាន​ដោយ​រលូន​។ ប៉ុន្តែ ការខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ ពុំ​ទទួលបាន​ជោគជ័យ​ឡើយ​។ 
 
​ល្បាក់ខោន គឺជា​ទីជម្រក​របស់​ត្រី​រាជ ដែលជា​ប្រភេទ​ត្រី​ទឹកសាប​ធំជាងគេ​លើ​ពិភពលោក និង​ត្រី​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​ផងដែរ​។ ត្រី​រាជ វា​អាច​ធំ​លូតលាស់​ដល់​ប្រវែង​អតិបរមា ៣​ម៉ែត្រ និង​ទម្ងន់​អតិបរមា ៣០០​គីឡូក្រាម​។ ល្បាក់ខោន ក៏​ជាទី​កន្លែង​ដែលមាន​សារៈសំខាន់​បំផុត​មួយ​នៅក្នុង​អាង​ទន្លេមេគង្គ សម្រាប់​ពពួក​មច្ឆជាតិ ដែល​ធ្វើចរាចរ​ផ្លាស់​ទី ដើម្បី​ពង​-​កូន​។ គេ​ឃើញ​មាន​មច្ឆជាតិ​ជាង ២០០​ប្រភេទ មាន​វត្ត​មាននៅ​ល្បាក់​ក្នុង​ខោ​ន​នេះ​។ ជា​រៀងរាល់ឆ្នាំ ត្រី​រាប់លាន​ក្បាល បាន​ព្យាយាម​ហែល​បញ្ច្រាស់​ទឹក ពី​ទន្លេមេគង្គ​ក្រោម​ក្នុងប្រទេស​កម្ពុជា ចូលទៅក្នុង​តំបន់​ល្បាក់ខោន និង​ខ្លះទៀត​ឆ្លងកាត់​តំបន់​ល្បាក់ខោន ឆ្ពោះទៅ​ទន្លេមេគង្គ​លើ ក្នុងប្រទេស​ឡាវ ដើម្បី​ពង​-​កូន តាម​វដ្ត​ជីវិត​របស់​វា​។​
 
​ទម្រាំ​ទៅដល់​គោលដៅ​ដែលជា​កន្លែង​ពង​-​កូន ពួក​មច្ឆា​ទាំងនោះ ត្រូវ​ជួប​ឧបសគ្គ​រាប់មិនអស់​។ មច្ឆា​មួយចំនួនធំ ត្រូវ​ប្រជា​នេសាទ​តាម​តំបន់​ចាប់បាន ក្នុងអំឡុង​នៃ​ការធ្វើ​ចរាចរ​ទៅ​ពង​-​កូន​នេះ ជាពិសេស​នៅ​តំបន់​ល្បាក់ខោន​នេះ គេ​ឃើញ​អ្នកនេសាទ ចាប់បាន​ត្រី​យ៉ាងច្រើន​។ ឧបសគ្គ​ដ៏​ធំ​បំផុត​មួយទៀត​របស់​ពួកវា គឺ​ទំនប់​វារិ​អគ្គិសនី​តាម​ដង​ទន្លេមេគង្គ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការប្រែប្រួល​អាកាសធាតុ កំណើនប្រជាជន​ក្នុង​តំបន់​មេគង្គ​ទាំងមូល ការបាត់បង់​ទីជម្រក ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ផ្សេងៗ ជាពិសេស ឧបករណ៍​នេសាទ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ហាក់​មាន​សន្ទុះ​ខ្លាំង បានធ្វើ​ឲ្យ​មច្ឆជាតិ​មួយចំនួន​ស្ទើរ​ដាច់​ពូជ​ពី​ទន្លេមេគង្គ​។​
 
​ល្បាក់ខោន ជា​តំបន់​មួយ​ដែល​សំខាន់បំផុត​សម្រាប់​បម្លាស់​ទី​រប​សត្រី ក៏ដូចជា​ប្រជាជន​ដែល​ពឹង​អាស្រ័យ​លើ​ផល​ចាប់​ត្រី​ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ជា​រៀងរាល់ឆ្នាំ​ត្រី​រាប់លាន បាន​តស៊ូ​ដើម្បី​ឡើង​តាម​ទឹកធ្លាក់​នៅ​ល្បាក់ខោន​នេះ ហើយ​ប្រជា​នេសាទ​នៅក្នុង​តំបន់​នេះ ប្រមូល​ចាប់​ត្រី​បាន​យ៉ាងច្រើន​។ (​អត្ថបទ និង​រូបភាព​ដោយ Zeb Hogan / USAID Wonders of the Mekong).

© រក្សាសិទ្ធិដោយ thmeythmey.com