អន្តរជាតិ
អតីត​បុគ្គលិក​ក្រសួងការបរទេស​បាន​សារភាព​កំហុស​ពីបទ​លាក់បាំង​ការទាក់ទង​នឹង​ចិន​
26, Apr 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្រសួងយុត្តិធម៌​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា អតីត​បុគ្គលិក​ក្រសួងការបរទេស​អាមេរិក​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​ការទាក់ទង​ជាច្រើន​ជាមួយ​ប្រទេស​ចិន​បាន​សារភាព​កំហុស​តាម​ការចោទប្រកាន់​ពីបទ​សមគំនិត​ដើម្បី​លួច​ព័ត៌មាន​រដ្ឋាភិបាល​អាមេរិក​។

 
​អ្នកស្រី Claiborne បានទទួល​កំហុស​នៅ​តុលាការ​រដ្ឋធានី​វ៉ាស៊ីនតោន​។ 
 
​លោក John Demers ឧបការី​រដ្ឋមន្ត្រី​យុត្តិធម៌​បាន​និយាយថា អ្នកស្រី Candace Marie Claiborne វ័យ​៦៣​ឆ្នាំ​បាន​លក់​ព័ត៌មាន​សម្ងាត់​និង​ព័ត៌មាន​អសាធារណៈ​របស់​រដ្ឋាភិបាល​យកលុយ​សុទ្ធ​និង​អំណោយ​ពី​ភ្នាក់ងារ​បរទេស ដែល​អ្នកស្រី​ដឹងថា ធ្វើការ​ឲ្យ​សេវា​ស៊ើបការណ៍​សម្ងាត់​ឲ្យ​ប្រទេស​ចិន​។​
 
​អ្នកស្រី Claiborne បានចាប់ផ្តើម​ធ្វើការ​នៅ​ក្រសួងការបរទេស​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​បានធ្វើការ​នៅ​ក្រុង​ប៉េកាំង​និង​ក្រុង​សៀង​ហៃ​។ អ្នកស្រី​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សន្តិសុខ​កំពូល ហើយ​ត្រូវបាន​តម្រូវឱ្យ​រាយការណ៍​អំពី​បណ្តាញ​ទាក់ទង​បរទេស​។​
 
​រដ្ឋអាជ្ញា​បាន​និយាយថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ចិន​បានឱ្យ​លុយ​អ្នកស្រី​រាប់ពាន់​ដុល្លារ​ជា​អំណោយ​រយៈពេល​ជាង​៥​ឆ្នាំ​ជា​ថ្នូរ​នឹង​ការ​«​ចម្លង​ឯកសារ​ផ្ទៃក្នុង​របស់​ក្រសួងការបរទេស​ស្តីពី​ប្រធានបទ​ចាប់ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​រហូតដល់​ទស្សនកិច្ច​របស់​ឥស្សរជន​ប្រទេស​ទាំងពីរ​» ។​
 
​អ្នកស្រី Claiborne នឹងត្រូវ​កាត់ទោស​នៅ​ថ្ងៃទី​៩ ខែកក្កដា​ឆ្នាំ​២០១៩​។ អ្នកស្រី​អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​រហូតដល់​៥​ឆ្នាំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com