មុន​កិច្ចប្រជុំ BRI របស់​ចិន កម្ពុជា​មើលឃើញ​ផលប្រយោជន៍​ពី​គម្រោង​ដ៏​ធំ​មួយ​នេះ​
ជាតិ
សេដ្ឋកិច្ច
មុន​កិច្ចប្រជុំ BRI របស់​ចិន កម្ពុជា​មើលឃើញ​ផលប្រយោជន៍​ពី​គម្រោង​ដ៏​ធំ​មួយ​នេះ​
25, Apr 2019 , 7:59 pm        
រូបភាព
ផ្លូវ​មួយ​ខ្សែ​ក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ​ដែល​ត្រូវ​បាន​ស្ថាបនា​ដោយ​ចិន កាលពី​កន្លង​ទៅ។ (ស៊ុន ណារិន/VOA)
ផ្លូវ​មួយ​ខ្សែ​ក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ​ដែល​ត្រូវ​បាន​ស្ថាបនា​ដោយ​ចិន កាលពី​កន្លង​ទៅ។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ភ្នំពេញ​៖ប្រជាជន​នៅទីនេះ​បាន​និយាយថា នឹងមាន​ការស្ថាបនា​ផ្លូវ​មួយ​កាត់​តំបន់​ពួកគេ​ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ផ្លូវ​ដែល​ភ្ជាប់​តំបន់​នេះ​ទៅ​ខេត្តកោះកុង​និង​ស្រុក​សំឡូត ខេត្តបាត់ដំបង នឹងត្រូវ​ស្ថាបនា ដោយ​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​នាពេលខាងមុខ​។​

 
​កម្មករ​ចិន​រាប់សិប​នាក់​បាន​កំពុងតែ​ចុះ​ស្រាវជ្រាវ​ផ្លូវ​នៅទីនេះ តាម​ភ្នំ​មួយ​ឈ្មោះថា ភ្នំ​សំ​កុស ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ព្រៃ​អភិរក្ស​។​
 
​អ្នកភូមិ​ម្នាក់​គឺ លោក សូ វីរៈ អាយុ​៣៧​ឆ្នាំ បាន​ថ្លែងប្រាប់ VOA ថា ផ្លូវ​នេះ​នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​អ្នកភូមិ​នៅទីនេះ ក្នុងការ​ធ្វើដំណើរ​ទៅ​ខេត្ត​ផ្សេងៗ និង​ការដឹកជញ្ជូន​ផលដំណាំ​របស់​ពួកគេ​ផងដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​បើ​គាត់​ថា មក​សិក្សា​បាន​ផ្លូវ អាហ្នឹង​ដូច​ជួយ​ប្រជាពលរដ្ឋ​បាន​ច្រើន​ដែរ​អញ្ចឹង​»​។​
 
​ប៉ុន្តែ​លោក វីរៈ ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ថា ផ្លូវ​នេះ​នឹង​អាច​ប៉ះពាល់​ដី​របស់លោក​។ លោក​បញ្ជាក់ថា​៖ «​បើ​ប៉ះពាល់​ប៉ះ​ដី​ខ្ញុំ មិនដឹង​ម៉េច​ម៉ា​។ បើ​ប៉ះ​លើ​ខ្ញុំ ដី​ប៉ុណ្ណឹង មានអី មានតែ​អស់ហើយ​»​។​


ជនជាតិ​ចិន​ម្នាក់ កំពុង​ស្រាវជ្រាវ​ផ្លូវ​នៅ​លើ​ភ្នំ​សំកុស ក្នុង​ឃុំ​អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សសាត់ ដើម្បី​ស្ថាបនា​ផ្លូវ​ភ្ជាប់​ទៅ​ខេត្តកោះកុង​នា​ពេល​ខាងមុខ។ (ស៊ុន ណារិន/VOA)
 
​អង្គុយ​នៅក្បែរនោះ អ្នកភូមិ​ម្នាក់ទៀត លោក ស សុផាន អាយុ​៣៣​ឆ្នាំ មានប្រសាសន៍ថា លោក​ក៏មាន​ការបារម្ភ​ដូច​លោក វីរៈ ផងដែរ​។​
 
​លោក​បាន​ថ្លែងប្រាប់ VOA ថា​៖ «​មិនដឹងថា មាន​ផលប៉ះពាល់​អី​ខ្លះ ឬក៏​ផលចំណេញ​អី​ខ្លះ យើង​អត់​ដឹង​ទេ​។ ដូច​ដី​យើង​តូច​អញ្ចឹង មក​ចំពាក់​កណ្តាល​ដី​យើង ឬក៏​យក​ដី​យើង​អស់ ក៏​យើង​មិនដឹង​ដែរ​។ ប៉ះ​ដី​ខ្ញុំ​មិនដឹង​ម៉េច​ម៉ា​។ បើ​ប៉ះ​ដី​ខ្ញុំ មានតែ​ប៉ុណ្ណឹង ដឹង​តែ​អស់ហើយ​»​។​
 
​នៅពេល​សួរថា ពួកគេ​បានដឹងថា ផ្លូវ​មួយ​នេះ ស្ថិតក្នុង​គម្រោង​ខ្សែក្រវាត់​ពាណិជ្ជកម្ម​រប​ស់​ចិន (BRI) ពួកគេ​ទាំងពីរ​លើកឡើងថា មិន​បានដឹង​នោះទេ ក្រៅពី​ដឹងថា ប្រទេស​ចិន​ជា​អ្នក​សាងសង់​ផ្លូវ​ច្រើន​ដល់​ប្រទេស​កម្ពុជា​។​
 
​លោក សុផាន បាន​ថ្លែងថា​៖ «​សំខាន់​ថ្នាក់លើ រដ្ឋាភិបាល​គាត់​អ្នកចាត់ចែង យើង​អត់​ដឹង​។ ខ្សែក្រវាត់​ឬ​មិន​ខ្សែក្រវាត់ ឲ្យ​តែ​កើត​ផ្លូវ យើង​អរ​សឹង​អី​»​។​
 
​ផ្លូវ​មួយ​នេះ​នឹងត្រូវ​ស្ថាបនា​ក្រោម​ជំនួយ​របស់​ចិន ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ខែមិថុនា ឆ្នាំ​២០១៨​ថា មានតម្លៃ​យ៉ាងតិច​ចំនួន​២០០​លាន​ដុល្លារ​អាមេរិក​។​


អ្នកភូមិ​ម្នាក់​បើក​ម៉ូតូ​កាត់ផ្លូវ​មួយ​ក្នុង​ឃុំ​អូរសោម ដែល​អ្នកភូមិ​និយាយ​ថា ជនជាតិ​ចិន​កំពុង​ស្រាវជ្រាវ ដើម្បី​ស្ថាបនា​ផ្លូវ​តភ្ជាប់​ទៅ​ខេត្តកោះកុង និង​បាត់ដំបង នា​ពេល​ខាងមុខ។ (ស៊ុន ណារិន/VOA)
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​វេទិកា BRI លើក​ទី​២ ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧ ខែមេសា​នេះ ដែល​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២២ ខែមេសា​។​
 
​នៅក្នុង​វេទិកា​នោះ លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​លើ​ប្រធានបទ​«​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ត្រចះត្រចង់​»​។​
 
​លោក ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង (Xi Jinping) ផងដែរ ហើយក៏​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រមទាំង​គម្រោង​សហប្រតិបត្តិការ​នានា​ផងដែរ​។​
 
​នៅក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ចុះ​ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្តេជ្ញា​ក្នុងការ​អនុវត្ត BRI ដែល​ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង តាំងពី​ឆ្នាំ​២០១៣​។ ក្រោម​គម្រោង BRI នៅក្នុង​វិស័យ​ទេសចរណ៍ កម្ពុជា​ក៏បាន​បង្កើត​មជ្ឈមណ្ឌល​ទ្រទ្រង់ ហៅថា China Ready Center កាលពី​ឆ្នាំ​២០១៦ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​ជា​គោលដៅ​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ចិន​។​
 
​នៅក្នុង​ខេត្ត​ព្រះសីហនុ ក៏មាន​កំណើន​អ្នករកស៊ី​ចិន និង​ជនជាតិ​ចិន​យ៉ាងគំហុក​ផងដែរ​។ នៅក្នុង​ខេត្ត​មួយ​នេះ មានការ​រីកដុះដាល​យ៉ាងខ្លាំង​នូវ​សំណង់​អគារ​ចិន កាស៊ីណូ ភោជនីយដ្ឋាន ផ្សារ និង​ការរកស៊ី​ផ្សេងៗ​។​
 
​ទោះជា​យ៉ាងណា មានការ​ព្រួយបារម្ភ​ថា BRI នឹង​អាចធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​រឿងនេះ​។​
 
​ក្នុង​កិច្ចសន្ទនា​ស្តីអំពី BRI ដែល​ផ្តោតទៅលើ​ការគ្រប់គ្រង​បំណុល ហើយ​ត្រូវ​បានរៀបចំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែមេសា លោក ហែម វណ្ណឌី អនុ​រដ្ឋ​លេ​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា កម្ពុជា​នឹងមិន​ធ្លាក់​ទៅក្នុង​បំណុល​សេដ្ឋកិច្ច​របស់​ចិន​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​យើង​ចាត់ទុក​បំណុល​ដែល​យើង​ធ្វើ​កិច្ចសន្យា​ក្រោម​ក្របខណ្ឌ BRI ដូច​បំណុល​ផ្សេងៗ​ដែរ ពី​ស្ថាប័ន​ជា​ដៃគូ​ទ្វេភាគី និង​ពហុភាគី តាម​នីតិវិធី​ត្រឹមត្រូវ និង​ឈរលើ​មូលដ្ឋាន​សំខាន់​នៃ​គោលការណ៍​គ្រប់គ្រង​បំណុល ដែល​ពួកគេ​នឹង​ប្រកាន់ខ្ជាប់​»​។ លោក​សង្កត់ធ្ងន់ថា​៖ «​ប៉ុន្តែ BRI នឹង​មិនមែន​បង្កើតជា​អន្ទាក់​បំណុល​សម្រាប់​កម្ពុ​ជា​នោះទេ​»​។​
 
​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) កាលពីពេល​ថ្មីៗ បាន​ថ្លែងថា BRI មិនមែនជា​អន្ទាក់​បំណុល ដូច​ការព្រួយបារម្ភ​នោះទេ ប៉ុន្តែ​វា​ជា​គម្រោង​សម្រាប់​ការសហការ​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​មហា​គម្រោង BRI ថា​«​ជា​គោលនយោបាយ​អភិវឌ្ឍ​ពិភពលោក​របស់​ចិន​» ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​ទាំងស្រុង​។ លោក​បញ្ជាក់ថា គម្រោង​មួយ​នេះ មាន​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ដោយសារ​កម្ពុជា​បាន​ព្យាយាម​ក្នុងការ​ស្ថាបនា​ផ្លូវថ្នល់ តាមតែ​អាចធ្វើ​ទៅបាន ដែលជា​អាទិភាព​របស់​រដ្ឋាភិបាល​។ លោក​បញ្ជាក់ថា កម្ពុជា​មិនអាច​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ប្រទេស​ខ្លះ​ច្រណែន​នឹង​ចិន ពីព្រោះ​ឥឡូវ​ហ្នឹង ចិន​មាន​ម៉ូយ​ច្រើន ម៉ូយ​ច្រើនណាស់ មិនមែន​ត្រឹមតែ​អាស៊ី​ទេ ឥឡូវ​ធ្លាក់​ដល់​អឺរ៉ុប ធ្លាក់​ដល់​អាហ្វ្រិក​ទៀត​។ អញ្ចឹងទេ ខ្ញុំ​យល់ថា ចិន​គាត់​ឆ្លាត​។ គាត់​រកស៊ី គាត់​ឆ្លាត​»​។​
 
​លោក​បញ្ជាក់​បន្ថែមថា​៖ «​រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​កម្ចី​អន្តរជាតិ​។ កម្ចី​អន្តរជាតិ​នៅតែ​២២​ភាគរយ​នៃ GDP ដែល​កម្ពុជា​មានលទ្ធភាព​ដល់​ទៅ​២០​ភាគរយ​»​។​
 
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ជាង​ពីរភាគបី​នៃ​បំណុល​ទ្វេភាគី​ដែល​ស្មើនឹង​៤,៣​ពាន់​លាន​ដុល្លារ​គឺជា​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​។​
 
​ក្នុង​កិច្ចពិភាក្សា​ពី​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​និង​ចិន នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែមេសា ភារធារី​នៃ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា លោក Michael Newbill បាន​រិះគន់​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ចិន​ថា​«​ខ្វះ​តម្លាភាព ឬ​គណនេយ្យភាព ការកើនឡើង​នៃ​អំពើពុករលួយ​»​។​
 
​លោក​បាន​ថ្លែងថា​៖ «​ការវិនិយោគ​របស់​ចិន​អាចមាន​អត្ថប្រយោជន៍ ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំងនេះ​ត្រូវការ​ការពិនិត្យ​ពិច័យ និង​ការត្រួតពិនិត្យ​យ៉ាង​ម៉ត​ចត់ ដើម្បី​ធានាថា អត្ថប្រយោជន៍​នឹង​ទៅ​ប្រទេស​នោះ មិនមែន​អ្នកស្វែងរក​ប្រយោជន៍​ទេ​»​។​
 
​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ដែល​បង្ហាញ​អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន និង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​
 
​នៅក្នុង​ការ​បង្ហោះ​នោះ អាមេរិក​ក៏បាន​សរសេរ​សារ​ថា​៖ «​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​។ ប្រហែល​៨៧%​នៃ​ទំនិញ​ដោះដូរ​គ្នា គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើ​ឲ្យ​មានការ​ងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ​»​។​
 
​មួយថ្ងៃ​ក្រោយមក ស្ថានទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា អាមេរិក​«​កំពុងតែ​បង្កបញ្ហា​»​។ ស្ថានទូត​ចិន​បានសរសេរថា​៖ «​មិត្ត​កម្ពុជា​ទាំងអស់ ចូរ ប្រុងប្រយ័ត្ន​! សហរដ្ឋអាមេរិក​កំពុងតែ​បង្កបញ្ហា​ម្តងទៀត​ជាមួយនឹង​អ្វីដែល​គេ​ហៅថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​»​។​
 
​ស្ថានទូត​ចិន​បាន​បញ្ជាក់ថា​៖ «​ក្រៅពីនេះ ទំនាក់ទំនង​រវាងរ​ដ្ឋ និង​រដ្ឋ គឺ​មិនមែន​ត្រឹមតែ​ដើម្បី​ពាណិជ្ជកម្ម​នោះឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ​និង​ស្ពាន​ចំនួន​៨ សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង​៣.០០០​គីឡូម៉ែត្រ​»​។​
 
​លោក Paul Chambers អ្នកវិទ្យាសាស្ត្រ​នយោបាយ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Naresuan នៅ​ប្រទេស​ថៃ បាន​ថ្លែង​នៅក្នុង​សារ​អេឡិចត្រូនិក​មកកាន់ VOA ថា​៖ «​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ខ្លួន​[​ចិន​] គ្រាន់តែ​ឆ្លុះបញ្ចាំង​នូវ​ផ្នែក​មួយ​នៃ​គោលនយោបាយ​គម្រោង BRI ដែលមាន​លក្ខណៈ​វាតទី​និយម​របស់​ចិន​។ រដ្ឋាភិបាល​កម្ពុជា​ត្រូវការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​អន្ទាក់​របស់​ចិន មុនពេល​ដែល​វា​ហួសពេល គឺ​មុនពេល​កម្ពុជា​ផុងខ្លួន​រើ​មិន​រួច​ពី​សំណាញ់​មហិច្ឆតា​អាណានិគម​បែប​ថ្មី​របស់​ចិន​នៅ​ទូទាំង​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com