កីឡាអន្តរជាតិ
អន្តរជាតិ
RFEF ពិន័យ​លោក Javier ដែលជា​អាជ្ញាកណ្ដាល​កាត់សេចក្តី​ចំនួន​២​ប្រកួត ក្រោយ​វាយ​កីឡាករ Morata ក្នុង​ទីលាន​
25, Apr 2019 , 4:47 pm        
រូបភាព
​គណៈកម្មាធិការ​អាជ្ញាក​ណ្តា​ល​អេ​ស្ប៉ា​ញ (RFEF) សម្រេច​ពិន័យ​អាជ្ញាកណ្តាល​កាត់សេចក្តី​លោក Javier Alberola Rojas ចំនួន​២​ប្រកួត ក្នុង​ក្របខណ្ឌ La Liga បន្ទាប់ពី​រកឃើញថា បាន​ប្រើ​ហិង្សា​លើ Alvaro Morata ខ្សែប្រយុទ្ធ​របស់ Atletico Madrid ។​


 
​ក្នុងជំនួប​ដែល AT-Madrid យកឈ្នះ Eibar ១-០ ក្នុងការ​ប្រកួត​លី​គ​កំពូល​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី​២០ ខែមេសា រឿង​នឹកស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​ដោយ​លោក​អាជ្ញាកណ្តាល Javier Alberola Rojas ក្លាយជា​ជនបង្ក​ហេតុ​ទៅលើ​កីឡាករ​ទៅវិញ​។ អាជ្ញាកណ្តាល​រូបនេះ​បាន​ដោយ​យកដៃ​ទៅបុក​កញ្ចឹងក​របស់ Morata ក្រោយ​អ្នក​ទាំងពីរ​ទាស់សម្តី​គ្នា​ក្នុងអំឡុង​ការប្រកួត​។​
 
​ការពិនិត្យ​ឡើងវិញ​តាមរយៈ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល (VAR) ឃើញថា​អាជ្ញាកណ្តាល​វ័យក្មេង អាយុ​២៧​ឆ្នាំ​រូបនេះ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​មិន​សមរម្យ​ទៅលើ​កីឡាករ​ដែល​ខ្ចី​ជើង​ពី Chelsea នេះ​ពិតប្រាកដ​មែន​។​


 
RFEF បានសម្រេច​ដាក់ពិន័យ​លោក Alberola Rojas ចំនួន​២​ប្រកួត ពោលគឺ​ក្នុង​ការប្រកួត​សប្តាហ៍​ទី​៣៤ និង​៣៥​នៃ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ​។​
​ករណី​នេះដែរ មិត្ត​រួម​ក្រុម AT-Madrid របស់ Morata គឺ​ខ្សែបម្រើ Koke រួមទាំង​គ្រូបង្វឹក​លោក Diego Simeone បានបង្ហាញ​ការមិន​ពេញចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាកណ្តាល​បែបនេះ ហើយ​ថា​ការដាក់ពិន័យ​ខាងលើ​នៅ​ស្រាល​ពេក​ហើយ​។​
 
Koke លើកឡើងថា តាំងពី​កើតមក​រូបគេ​មិនដែល​ឃើញ​អាជ្ញាកណ្តាល​បង្ក​ហិង្សា​ដាក់​កីឡាករ​បែបនេះ​ទេ ខណៈ​លោក Simeone ថា RFEF គួរ​ដាក់ពិន័យ​៥​ប្រកួត ដ្បិត​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​ធ្លាប់​ពិន័យ​លោក ក្នុងករណី​ស្រដៀង​គ្នា​នេះ​មិនតិចជាង​៤​ប្រកួត​ឡើយ​៕
 

Tag:
 ​បាល់ទាត់​
  Javier Alberola Rojas
  Alvaro Morata
© រក្សាសិទ្ធិដោយ thmeythmey.com