ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅតែមានបំណងចង់ឆ្លៀតទៅជួបលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតក្នុងផ្ទះ ក្រោមការឃ្លាំមើលរបស់តុលាការ។
អាស៊ីសេរី ផ្សាយថា អ្នកស្រី រ៉ូណា ស្មីត បានធ្វើសំណើទៅលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលជាអ្នកកាន់សំណុំរឿងលោក កឹម សុខា ដើម្បីសុំជួបលោក កឹម សុខា ប៉ុន្តែសំណើរបស់អ្នកស្រី ត្រូវបានច្រាន់ចោល។
អ្នករាយការណ៍របស់អង្គការសហប្រជាជាតិរូបនេះ នឹងមកកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ នេះ ជាដំណើរទស្សនកិច្ចលើកទី៧របស់អ្នកស្រី។
សារព័ត៌មានថ្មីៗ បានហៅទូរសព្ទទៅលោក គី ឫទ្ធី ដើម្បីសុំឲ្យលោក បកស្រាយមូលហេតុ ដែលបដិសេធនឹងសំណើរបស់អ្នកស្រី រ៉ូណា ស្មីត ប៉ុន្តែ ពេលលើកទូរសព្ទ លោក និយាយថា ស្តាប់មិនឮ ហើយក៏ចុចផ្តាច់ទៅវិញ។
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗថា នេះ ជាលើកទី៣ហើយ ដែលអ្នកស្រី រ៉ូណា ស្មី សុំជួបលោក កឹម សុខា តែអ្នកស្រីត្រូវបានបដិសេធទាំង៣លើក។ អ្នកស្រីមេធាវី យល់ថា ចៅក្រមស៊ើបសួរ មិនគួររារាំងអ្នកស្រី រ៉ូណា ស្មីត មិនឲ្យជួបលោក កឹម សុខានោះទេ ព្រោះអ្នកស្រី ជាអ្នកតំណាងរបស់អង្គការសហប្រជាជាតិ មិនមែនជាជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ឡើយ។
លោកស្រីមេធាវី ពន្យល់ពីផ្លូវច្បាប់យ៉ាងដូច្នេះថា «ទោះជាប់ឃុំក្នុងពន្ធនាគារក៏ដោយ ក៏អ្នកជាប់ឃុំ មានសិទ្ធិជួបសាច់ញាតិ បងប្អូន និងសង្គមស៊ីវិលដែរ។ ដូច្នេះ ខ្ញុំយល់ថា មិនគួរហាមឃាត់គាត់ទេ»។
កាលពីលោក កឹម សុខា នៅជាប់ឃុំក្នុងពន្ធនាគារ អ្នកស្រី រ៉ូណា ស្មីត ធ្លាប់សុំជួបម្តង ពេលអ្នកស្រី មកទស្សនកិច្ចនៅកម្ពុជា។ ហើយក្រោយមក ពេលលោក កឹម សុខា ត្រូវបានបញ្ជូនចេញពីពន្ធនាគារ យកទៅគេហដ្ឋានរបស់លោក អ្នកស្រី ក៏សុំជួបម្តងទៀត ដោយកាលនោះ អ្នកស្រី មកកម្ពុជា អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។
សំណើទាំង២លើកនេះ សុទ្ធតែបរាជ័យ ដោយចៅក្រមស៊ើបសួរ លើកហេតុផលថា សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួរ ដែលត្រូវរក្សាការសម្ងាត់ ដោយមិនអាចអនុញ្ញាតឲ្យជួបជនបរទេសផ្តេសផ្តាស់ឡើយ ព្រោះខ្លាចប៉ះពាល់ដល់នីតិវិធីនិងសំណុំរឿង។
លោក កឹម សុខា ត្រូវឃាត់ខ្លួន តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៦មក ក្រោមការសង្ស័យថា លួចទាក់ទងរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ គិតទាំងជាប់ឃុំក្នុពន្ធនាគារនិងស្ថិតក្នុងគេហដ្ឋាន គឺមានរយៈពេលជិត២០ខែហើយ៕