ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រដ្ឋរកចំណូលពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅភ្នំពេញចំនួន ៩៧លាននៅឆ្នាំ២០១៨
× ភ្នំពេញ៖ ការប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៨កន្លងមក សម្រេចបានចំនួន ៩៧ លានដុល្លារ។ ដោយឡែកក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ ការប្រមូលពន្ធនេះទទួលបាន ២៤ លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃលទ្ធកិច្ចប្រជុំស្ដីពីការប្រមូលពន្ធប្រថាប់ត្រា ពន្ធលើអលនទ្រព្យ នៅថ្ងៃទី២៤ខែមេសា។
លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងថា នៅរាជធានីភ្នំពេញសម្រាប់២០១៨ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យមានចំនួនប្រមាន ៣៨៨ពាន់លានរៀល ឬប្រមាណ ៩៧លានដុល្លារ លើចំនួនអចលនទ្រព្យ ៥៥៦០០ មូលដ្ឋាន ដែលស្មើនឹង ១៣៤នៃផែនការប្រចាំឆ្នាំ។ ដោយឡែកសម្រាប់ត្រីមាសទី១ឆ្នាំ២០១៩ ចំណូលមានទំហំ ២៤លានដុល្លារលើចំនួនអចលនទ្រព្យ ២០៥០០ មូលដ្ឋាន។ នេះជាចំណូលថ្នាក់ក្រោមជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពឡើងវិញនូវឧបសម្ព័ន្ធអំពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់ធ្វើជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបានអនុវត្តជិត១០ឆ្នាំកន្លងមកហើយ ដើម្បីឲ្យស្របនឹងការរីកចម្រើនវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន។ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អត្រាពន្ធប្រថាប់នៅតែរក្សាដដែល ៤ភាគរយ៕
Tag:
ពន្ធប្រថាប់ត្រាផ្ទេរអចលន
© រក្សាសិទ្ធិដោយ thmeythmey.com