ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឈាង វណ្ណារិទ្ធ៖ ដំណើរទស្សនកិច្ចលោកស្រី ស៊ូជី នៅកម្ពុជា នឹងផ្ដល់ប្រយោជន៍ស្នូលទាំងទ្វេរភាគី និងថ្នាក់តំបន់ លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
× ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៩ មេសា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី អ៊ុងសាន ស៊ូជី នេះ វានឹងផ្ដល់ប្រយោជន៍ស្នូលចំនួន៤ចំណុច សម្រាប់ទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងមីយ៉ានម៉ា រួមទាំងថ្នាក់តំបន់ ក្នុងការបង្ហាញជំហររឹងមាំទៅកាន់អន្តរជាតិ។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ប្រយោជន៍ស្នូលទាំង៤ ដែលលោក ឈាង វណ្ណារិទ្ធ មើលឃើញនោះ គឺដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ស៊ូជី នេះ នឹងក្លាយជាសារមួយ បង្ហាញថា កម្ពុជា-មីយ៉ានម៉ា ជាសំឡេងតែមួយ ដែលប្រឆាំងរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីបរទេស។ សារនយោបាយទី២ នៃទស្សនកិច្ចនេះ នឹងជំរុញឲ្យតំបន់អាស៊ាន និងតំបន់អនុទន្លេមេគង្គ សហការគ្នាឲ្យកាន់តែល្អប្រសើរ តាមរយៈទំនាក់ទំនងកម្ពុជា-មីយ៉ានម៉ា។ ចំណែកចំណុចទី៣ លោក ឈាង វណ្ណារិទ្ធ មើលឃើញថា វាជាឱកាសសម្រាប់កម្ពុជា ក្នុងការបោះទុនវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយ វានឹងជំរុញឲ្យប្រទេសក្នុងតំបន់ ក្លាយជាសំឡេងរួមមួយ ក្នុងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សូមលោក អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដូចតទៅ៖
ទំនាក់ទំនងទ្វេភាគីទាំងពីរនៅពេលនេះ គឺចាប់ផ្ដើមកើនឡើងវិញ ក្រោយពីរដ្ឋាភិបាលដឹកនាំដោយគណបក្សរបស់លោកស្រី ស៊ូជី ជាប់ឆ្នោត និងស្របពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា តែងតែចេញមុខការពារប្រទេសមីយ៉ានម៉ា ជុំវិញបញ្ហាសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងករណីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ខណៈដែលកម្ពុជាក៏ត្រូវបានគេរិះគន់ដូចគ្នា នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិជាដើម។
ត្រង់ចំណុចនេះ លោក ឈាង វណ្ណារិទ្ធ បានលើកឡើងថា ការពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ ដែលកំពុងខិតជិតគ្នានេះ កើតឡើងដោយសារតែការរិះគន់ពីអន្តរជាតិ ហើយវានឹងជំរុញឲ្យប្រទេសទាំងពីរ ក្លាយជាសំឡេងតែមួយ ក្នុងការប្រឆាំងនឹងសម្ពាធអន្តរជាតិផងដែរ។
ងាកមកនិយាយពីរឿងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរនៅមានការផ្លាស់ប្ដូរសេដ្ឋកិច្ចគ្នា ក្នុងទំហំតូចនៅឡើយ នោះក៏ព្រោះតែទំនិញ ដែលភាគីទាំងពីរផលិតនោះ មានភាពប្រហាក់ប្រហែលគ្នា ពោលគឺមិនអាចផ្ដល់ទីផ្សារផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមកបាន។ ប៉ុន្តែបើសិនជាការវិនិយោគវិញ គឺកម្ពុជា អាចមានឱកាសបោះទុនចូលប្រទេសមីយ៉ាន់ម៉ា លើផ្នែកហិរញ្ញវត្ថុ ទេសចរណ៍ និងវិស័យអប់រំ ខណៈដែលកម្ពុជា មានរីកចម្រើនលើវិស័យទាំងនេះ ខ្លាំងជាងប្រទេសមីយ៉ាន់ម៉ា។ នេះជាការមើលឃើញរបស់ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី៕
Tag:
ឈាង វណ្ណារិទ្ធ
អង់សាន ស៊ូជី
ហ៊ុន សែន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com