អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ពានរង្វាន់ «​រដ្ឋបុរស​ពិភពលោក​ប្រចាំឆ្នាំ​២០១៩»​ពី​មូលនិធិ​អាមេរិក​
27, Apr 2019 , 11:28 am        
រូបភាព
ដោយ:
​មូលនិធិ​មាន​មូលដ្ឋាន​នៅ​អាមេរិក បានសម្រេច​ផ្តល់ « ពានរង្វាន់​រដ្ឋបុរស​ពិភពលោក​ប្រចាំឆ្នាំ​២០១៩» ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​។ ការណ៍​ដែល​អង្គការ​មួយ​នេះ​ផ្តល់​ពាន​ដល់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដោយសារ លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​ចូលរួមចំណែក​កសាង​សង្គម​ដែល​ចម្រុះ​ដោយ​ជាតិ​សាសន៍​ផ្សេងគ្នា​ប្រកបដោយ​សុខដុម​។

 
​បើ​មិនមាន​ការប្រែប្រួល​នៅ​ថ្ងៃទី​២៣ កញ្ញា ខាងមុខ មូលនិធិ Appeal of Conscience Foundation ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក នឹង​ផ្តល់​ពាន រដ្ឋបុរស​ពិភពលោក​ប្រចាំឆ្នាំ​២០១៩ ( World Statesman Award) ដល់​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Strait Times ។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​ថ្មីៗ​នេះ លោក Rabbi Arthur Schneier ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ បាន​គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី លី នឹងត្រូវ​បានផ្តល់​ពាន​ដោយសារ​ការជំរុញ​សង្គម ដែល​ពោរពេញ​ដោយ ភាព​ចម្រុះ​គ្នា​នៃ​ជាតិ​សាសន៍ តែ​នៅតែ​រក្សាបាន​នូវ​ភាពល្អ​ឥតខ្ចោះ​នៅក្នុង​ការរស់នៅ​ប្រកប​សុខដុម​។ 
 
​លោក Rabbi Schneier តាមរយៈ​សេចក្តីប្រកាស​ដដែល​នោះ បាន​បន្តទៀតថា លោកនាយក​រដ្ឋមន្ត្រី ក៏​នឹង​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ក្នុងការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អប់រំ​មួយ ដែល​ផ្តល់​ឲ្យ​ប្រជាជន​ជាមួយនឹង​ជំនាញ និង​ចំណេះដឹង​មូលដ្ឋាន ជាពិសេស​នោះ​ក្នុងការ​ធ្វើ​ឲ្យ​រដ្ឋ​មួយ​នេះ​អាច​ចូល​ប្រកួតប្រជែង​បាន​ក្នុង​បរិយាកាស​ប្រកួតប្រជែង​សកល​។ 
 
​គួរ​ជម្រាប​ផង​ថា មូលនិធិ The Appeal of Conscience Foundation ត្រូវបាន​បង្កើតឡើង​ដោយ លោក Rabbi Schneier តាំងពី​ឆ្នាំ​១៩៦៥ ដែលមាន​បេសកកម្ម​ការងារ​ពាក់ព័ន្ធ​នឹង​សេរីភាព​សាសនា​, សិទ្ធិមនុស្ស និង​សន្តិភាព​ជាដើម​។ 
 
​កន្លងមក មូល​ធិ​និ​មួយ​នេះ ក៏​ធ្លាប់​ផ្តល់​ពាន​ដូចគ្នានេះ​ទៅកាន់​មេដឹកនាំ​ដូចជា អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron, អតីត​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Enrique Pena Nieto និង​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono ផងដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com