អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
IMF ព្រមាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា បើ​វិបត្តិ​ជនភៀសខ្លួន​នៅតែ​គ្មាន​ដំណោះស្រាយ​
27, Apr 2019 , 10:39 pm        
រូបភាព
ដោយ:
​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់ IMF ព្រមាន​មី​យ៉ាន់​ម៉ា ខណៈដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​នេះ មិនមាន​លំនឹង និង​ស្ថិតក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ អង្គការ​អន្តរជាតិ​មួយ​នេះ មើលឃើញ​បញ្ហា​ចម្បង​ពីរ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គួរ​ពិនិត្យឡើងវិញ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​។​


​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ថ្មីៗ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាងថា ការបរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​មនុស្សជាតិ ឬ​ដំណើរការ​នៃ​ការរៀប​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ចូលក្នុង​ប្រទេស​វិញ អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កាន់តែ​ធ្លាក់ចុះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​២១ មេសា​កន្លងទៅ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ការណ៍​ដែល​អង្គភាព​អន្តរជាតិ លើកឡើង​បែបនេះ ដោយសារតែ កំណើនសេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​កន្លងមក មានការ​ចូលរួមចំណែក​មួយផ្នែកធំ​ពី​ជំនួយ ឬ​លក្ខខណ្ឌ​អនុគ្រោះ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពី​បណ្តា​ដៃគូ​ធំ​របស់​ពិភពលោក ជាក់ស្តែង​នោះ​សហភាព​អឺរ៉ុប​តែម្តង​។ 
 
IMF បាន​គូសបញ្ជាក់ថា បើ​វិបត្តិ​មនុស្សជាតិ​នៅតែ​អូសបន្លាយ ហើយ​លក្ខខណ្ឌ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ត្រូវ​ដកចេញ​ជា​បន្តបន្ទាប់​នោះ វា នឹង​ជំរុញ​ឲ្យ​ធ្លាក់ចុះ​នៃ​ការវិនិយោគ និង​ចលនា​ហិរញ្ញវត្ថុ​ជាក់​ជាពុំខាន ។ បច្ចុប្បន្ន សហភាព​អឺរ៉ុប កំពុងតែ​ពិចារណា​បង្កើត​ដំណើរ​ក្នុង​ការដកចេញ​លក្ខខណ្ឌ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​មី​យ៉ាន់​ម៉ា ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេសមួយ​នេះ ជាពិសេស​ក្នុង​រដ្ឋ រ៉ា​ខាន កាន់តែ​អាក្រក់​ទៅ​។​
 
​បន្ថែម​ពី​វិបត្តិ​ជនភៀសខ្លួន IMF ក៏បាន​លើក​ពី​បញ្ហា​ក្នុង​វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ដែល​ត្រូវ​ចាប់អារម្មណ៍​ខ្លាំង​ដូចគ្នា​។ តាម IMF វិស័យ​ម៉ាក្រូសេដ្ឋកិច្ច ជាពិសេស​ធនាគារ​នៅ​មី​យ៉ាន់​ម៉ា មិនទាន់មាន​ទម្រង់​គ្រប់គ្រង​ច្បាស់លាស់ ហើយ​មិនទាន់​ទទួលបាន​ការទុកចិត្ត និង​ទទួលស្គាល់​ពេញលេញ​នៅឡើយ​នោះទេ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ ការព្រមាន​របស់ IMF ធ្វើឡើង​ស្រប បក្ស​កាន់អំណាច​របស់ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដឹកនាំ​ប្រទេស​ចូលក្នុង​ឆ្នាំ​ទី​បួន នៃ​អាណត្តិ​របស់​ដឹកនាំ​រប​ស់​ខ្លួន ដែល​បាន​ទទួលស្គាល់ថា ការវិនិយោគ​ពី​បរទេស​ដោយផ្ទាល់ ( FDI) ក្នុង​ចន្លោះ​ឆ្នាំ​២០១៧ និង​២០១៨ មានការ​ធ្លាក់ចុះ​ខ្លាំង ហើយ​រដ្ឋាភិបាល ក៏បាន​អនុម័ត​ច្បាប់​ថ្មី​ក្នុង​គោលដៅ​កែសម្រួល​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  សេដ្ឋកិច្ច​
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com