ជាតិ
សេដ្ឋកិច្ច
អ្នកស្រី ម៉ិ​ត កឹង ទៅរក​រពាក់​ដល់​កំពង់​ធំ យកមក​ផលិត​សម្ភារ​ប្រើប្រាស់​លក់​នៅ​សៀមរាប​
28, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 សៀមរាប​៖ អ្នកស្រុក​អង្គរ​មួយចំនួនធំ មាន​របរ​ធ្វើ​សិប្បកម្ម​ដោយ​ដៃ​លក់​នៅ​ទីផ្សារ​។ សិប្បកម្ម​ភាគច្រើន ពឹង​លើ​ផល​ធនធានធម្មជាតិ​។ អ្នកស្រី ម៉ិ​ត កឹង ជា​ពលរដ្ឋ​ម្នាក់ ក្នុងចំណោម​នោះ ដែលមានរ​បរជា​អ្នកធ្វើ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​លក់​នៅលើ​ទីផ្សារ​ដែរ​។ សព្វថ្ងៃ សិប្បកម្ម​របស់​អ្នកស្រី កឹង គឺ​ធ្វើ​វល្លិ​រពាក់ ដែល​អ្នកស្រី​រកបាន​ក្នុងព្រៃ​ក្បែរ​ភូមិ និង​មួយចំនួនធំ ទៅរក​ក្នុងព្រៃ​នៅ​ខេត្តកំពង់ធំ​។​

 
​នៅក្រោម​ផ្ទះ​អ្នកស្រី ម៉ិ​ត កឹង មាន​សម្ភារ​ប្រើប្រាស់​តូចធំ ដែល​ធ្វើ​ពី​វល្លិ​រពាក់​។ អ្នកភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប​រូបនេះ បាន​និយាយថា អ្នកស្រី​មាន​របរ​នេះ​យូរ​មកហើយ ដែលជារ​បរតពី​ដូនតា និង​ជា​របរ​ពឹង​អាស្រ័យ​លើ​ផល​ធនធានធម្មជាតិ​នៅ​ជុំវិញ​។ 
 
​សព្វថ្ងៃ ដោយសារ​ផល​វល្លិ នៅក្នុង​ភូមិ​កាន់តែ​ខ្សត់​ទៅ ទើប​អ្នកភូមិ​រួម​និង​អ្នកស្រី ម៉ិ​ត កឹង ផង ត្រូវ​ចេញទៅរ​កនៅ​ក្នុងព្រៃ នៃ​ខេត្តកំពង់ធំ​។ អ្នកស្រី​មិន​ចាំ​ឃុំ​ដែល​ទៅរក​នោះទេ គ្រាន់តែ​ប្រាប់ថា​នៅ​ទីនោះ​នៅ​សម្បូរ​វល្លិ​រពាក់​ធំៗ ដើម្បី​យកមក​ផលិត​សម្ភារ​តាម​តម្រូវការ​បាន រីឯ​វល្លិ​រពាក់​ក្បែរ​ផ្ទះ តូចៗ និង​ខ្លី​ធ្វើ​បានតែ​សម្ភារ​តូចៗ​ប៉ុណ្ណោះ​។​
 
«​ទៅ​ម្ដងៗ មាន​គ្នា​ពី​៣០ ទៅ​៤០​នាក់ យើង​ក្រោក​ពី​យប់​ទៅ​ម៉ោង​២ ទៅដល់​នោះ​ប្រហែល​ម៉ោង​៧ ឬ​៨​ព្រឹក ដល់​ម៉ោង​៣​ចេញមក​វិញ ហើយ​ម៉ោង​៩​យប់ អី​បានមក​ដល់ផ្ទះ​»​។ នេះ​ជាការ​រៀបចំ​របស់​អ្នកស្រី ម៉ិ​ត កឹង ដោយ​បន្តថា ទៅ​ម្ដងៗ​អ្នកស្រី​អាច​រក​វល្លិ​រពាក់​ប្រមាណ ៤០០​ដើម​។ សម្រាប់​សម្ភារ​ដែល​អ្នក​ស្រី​កំពុង​ធ្វើ​សព្វថ្ងៃ គឺ​គម្រប​គ្រប​អាហារ មាន​ពីរ​ទំហំ គឺ​តូច និង​ធំ​។ អ្នកស្រី​ប្រាប់ថា គម្រប​តូច​អាច​ប្រើ​រពាក់​ខ្លីៗ​ចំនួន​១០០​ដើម ចំណែក​ខ្នាត​ធំ ប្រើ​រពាក់​ដើម​ដូចគ្នា តែ​ជា​រពាក់​ធំៗ​ដែល​រកបាន​ពី​ព្រៃ​នៅ​កំពង់ធំ​៕
 









Tag:
 សិប្បកម្ម​
 ​កំពង់ធំ​
 ​សៀមរាប​
 ​របរ​ដូនតា​
© រក្សាសិទ្ធិដោយ thmeythmey.com