ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកធាក់ស៊ីក្លូ​ទទួលបាន​មូលនិធិ​ពីស​ម្ដេច​សប្បាយចិត្ត​ខណៈ​អ្នកខ្លះ​មិនទាន់បាន​
28, Apr 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុម​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ដែល​ទទួលបាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី​ត្រេកអរ​ខ្លាំង ព្រោះ​ពួកគេ​អាច​ផ្ញើ​ប្រាក់​ទៅ​គ្រួ​សារបាន​កាន់តែច្រើន​។ តែ​ទោះជា​យ៉ាងណា ក៏​នៅមាន​អ្នកខ្លះ​មិនទាន់​ទ​ទួ​កបាន​មូលនិធិ​នេះដែរ​។ នាយក​ប្រតិបត្តិ​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​លោក អ៊ឹម សម្បត្តិ  ព្រួយបារម្ភ​ថា​អ្នកធាក់ស៊ីក្លូ​អាច​នឹង​កាន់តែ​ធ្លាក់ចុះ ប្រសិនបើ​មិនមាន​ការបញ្ចូល​មនុស្ស​ថ្មី​ទៅក្នុង​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​។ ឆ្លើយតប​បញ្ហា​ខាងលើ​ប្រធាន​លេខាធិការ​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​លោក មេ​ត មាស​ភក្ដី ថា​ក្រុមការងារ​មូលនិធិ​កំពុង​ត្រួតពិនិត្យ​និតិ​វិធី​លើ​ឈ្មោះ​អ្នក​ដែល​ត្រូវ​បញ្ចូល​ថ្មី​នោះ​ហើយ​។​


​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​ថ្ងៃ​សុក្រ​គឺជា​វេន​ដឹក​ភ្ញៀវ​របស់លោក ស៊ឹ​ន សុ​ខំ នៅ​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​។ មិនទាន់​ដឹងថា​មាន​ភ្ញៀវ​ដឹក​ឬ​មិនមាន​ផង តែ​បុរស​វ័យ​៦៥​ឆ្នាំ ដែលមាន​ភ្នែក​តូចៗ ហើយ​ផ្ទៃមុខ​ប្រជាប្រិយ​ជានិច្ច​រូបនេះ មក​ចាំ​នៅខាងមុខ​សមាគម​តាំងពីព្រឹក​រួចជាស្រេច​ទៅហើយ​។ លោក សុ​ខំ បាន​បោះបង់ចោល​របរ​ឡើងត្នោត ដោ​យមក​ចាប់​អាជីព​ធាក់​ស៊ីក្លូ​តាំងពី​ឆ្នាំ​១៩៨៧​។ ទោះ​មាន​វ័យ​កាន់តែ​ចាស់ តែ​លោក សុ​ខំ ថា​ការ​ធាក់​ស៊ីក្លូ​ប្រៀបបាន​នឹង​ការហាត់​ប្រាណ​ដូច្នោះ​ដែរ​។ រំឭក​ដល់​គ្រា​ដើម​បុរស​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ​ថា កាលពី​សម័យ​រដ្ឋ​កម្ពុ​ជាមាន​អ្នកជិះ​ស៊ីក្លូ​ច្រើន ហើយ​ចំណូល​ក៏​ចូល​ច្រើន​ដែរ តែ​បច្ចុប្បន្ននេះ​អ្នកជិះ​ស៊ីក្លូ​ភាគច្រើន​មានតែ​ភ្ញៀវទេសចរ​បរទេស​តែប៉ុណ្ណោះ​។​
   
 
«​ធាក់​ស៊ីក្លូ​មិន​ហត់​ទេ ដូចជា​ការហាត់​ប្រាណ​។ កាលពី​ជំនាន់​រដ្ឋ​កម្ពុជា​គេ​ចូលចិត្ត​ជិះ​ស៊ីក្លូ​ច្រើន​។ រាល់ថ្ងៃ​រក​ពេលទំនេរ​មិន​បានទេ​។ បច្ចុប្បន្ននេះ​មិនសូវមាន​អ្នកជិះ​ទេ គេ​ចូលចិត្ត​ជិះ​កង់​បី​។ ស៊ីក្លូ​ឥឡូវនេះ​មានតែ​អ្នកទេសចរ​ជិះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុ​ខំ​។​
 
​ក្រៅពី​ដឹក​ភ្ញៀវទេសចរ បុរស​កូន​៩​នាក់​រូបនេះ ត្រូវ​ខំ​ទៅ​ដឹក​ភ្ញៀវ​នៅ​ផ្សារ​នានា ដើម្បី​បាន​ចំណូល​បន្ថែម ៖«​អត់​មាន​ភ្ញៀវទេសចរ​ខ្ញុំ​ទៅរក​ផ្សារ​ថ្មី ផ្សារកណ្ដាល ផ្សារ​អូរឫស្សី​។ ចូលទៅ​យួរ​អីវ៉ាន់​របស់គេ យកមក​ដាក់​ស៊ីក្លូ​បាន​គេ​ជិះ​។ ភ្ញៀវ​ធម្មតា​គាត់​សួរ​ថ្លៃ ពី​ផ្សារកណ្ដាល​ទៅ​រោងកុន​លុច​យក​ប៉ុន្មាន​? ខ្ញុំ​ថា​២,០០០​រៀល​។ គេ​តថ្លៃ​១,៥០០​រៀល ខ្ញុំ​អាច​ដឹក​បាន​។ ពេល​ទៅ​អូរឫស្សី​ខ្ញុំ​យក​៥,០០០​រៀល បើ​គាត់​ឱ្យ​៤,០០០​រៀល​ខ្ញុំ​អាច​ដឹក​បាន​»​។  
 
​ប្រាក់ចំណូល​ដែល​ទ​ទូល​បាន​ពី​ការដឹក​ភ្ញៀវ​របស់​បុរស​វ័យ​រៀង​ជ្រេ​រូបនេះ​មិន​ទៀង​ឡើយ​ដោយ​អាស្រ័យ​ថា​មាន​ភ្ញៀវ​ច្រើន​ឬ​តិច​លោក​បញ្ជាក់​ដូច្នេះ ៖«​ដឹក​ភ្ញៀវទេសចរ​៤​ម៉ោង​បាន​៤​ដុល្លារ​។ ធម្មតា​ចាប់ពី​ខែ​៧​ដល់​ខែ​១២ ខ្ញុំ​អាច​ដឹក​បាន​ពី​៤​ទៅ​៥​ក្រុម​ភ្ញៀវ ហើយ​បាន​ប្រាក់​ប្រហែលជា ៤០,០០០​រៀល​។ ដឹក​ភ្ញៀវ​នៅ​ផ្សា​របើ​មាន​អ្នកជិះ​ច្រើន​អាច​រកបាន​ពី ៤០,០០០​រៀល​ទៅ ៥០,០០០​រៀល​»​។​
 
​ប្រាក់ចំណូល​បាន​មិន​ទៀត​នេះហើយ ជាហេតុ​នាំឱ្យ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​រូបនេះ ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​នៅ​ស្រុកកំណើត​ក៏​មិន​ទៀងទាត់​ដែរ​។ តែ​ក្រោយពី​ទទួលបាន​មូលនិធិ​ពីស​ម្ដេច លោក​អាច​ផ្ដល់ប្រាក់​ទាំងនោះ​ជួយ​ជីវភាព​គ្រួ​សារបាន​ច្រើនជាង​មុន​។ លោក សុ​ខំ បញ្ជាក់​ទាំង​ទឹក​សំដី​ត្រេកអរ​ផង ៖«​មូលនិធិ​សម្តេច​ឱ្យ​ខ្ញុំ​ថ្លៃ​ស៊ីក្លូ ២,០០០​រៀល ហើយ​ប្រាក់​ម្ហូប ៥,០០០​រៀល ដូច្នេះ​ក្នុង​មួយថ្ងៃ ៧,០០០​រៀល​។ ប្រាក់​នេះ​ជួយ​បាន​ធូរធារ​ណាស់ ខ្ញុំ​យកប្រាក់​គាត់​ហ្នឹង​ផ្ញើ​ទៅ​គ្រួសារ​។ ប្រាក់​ដែល​ខ្ញុំ​រត់​បាន​ខ្ញុំ​បង់ថ្លៃ​ស៊ីក្លូ​ខ្លះ ទិញ​ម្ហួ​ប​ខ្លះ​។ ធូរធារ​មែនទែន​។ ពេល​មិនទាន់បាន​មូលនិធិ ខ្ញុំ​ខំប្រឹង​បង់ថ្លៃ​ស៊ីក្លូ​ផង ទិញ​ម្ហូប​ផង ដូច្នេះ​មិនបាន​ប្រាក់​ផ្ញើ​ទៅ​គ្រួសារ​ច្រើន​ទេ​»​។ 
  
​ស្របគ្នា​នេះដែរ​ដោយ​មើលឃើញ​ពី​ជីវភាព​ខ្វះខាត​របស់​អ្នកធាក់ស៊ីក្លូ នាយក​ប្រតិបត្តិ​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​លោក អ៊ឹម សម្បត្តិ បាន​ជួយ​សន្សំ​ប្រាក់​មូលនិធិ​របស់​សម្ដេច​បន្ថែមទៀត​សម្រាប់​អ្នកធាក់ស៊ីក្លូ​។ លោក​ពន្យល់ថា ៖«​ទាក់ទង​នឹង​ការចំណាយ​ហ្នឹង​សម្ដេច​តេ​ជោ​ផ្ដល់​មូលនិធិ​មួយថ្ងៃ ៧,០០០​រៀល​ដល់​ពួកគាត់​។ ៥,០០០​រៀល​ឱ្យ​គាត់ ២,០០០​មក​ថ្លៃ​ស៊ីក្លូ​ជួល​។ ប៉ុន្តែ​សមាគម​មិនបាន​ធ្វើ​បែប​នោះទេ ប្រាក់​មូលនិធិ​របស់​ពូក​គាត់ ១០​ថ្ងៃ​ត្រូវ​បើក​ម្ដង តែ​ភាគច្រើន​គាត់​ចំណាយ​មក​សមាគម​មួយខែ​តែ​៥០,០០០​ទេ ដូច្នេះ​គាត់​ត្រូវ​សល់​១០,០០០​រៀល ក្នុង​៦០,០០០​រៀល​ហ្នឹង​»​។​
 
​លោក​បន្ថែម ៖«​ដោយ​យើង​យល់ឃើញថា​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ប្រកប​របរ​នេះ សុទ្ធតែជា​អ្នកមាន​ចំណូល​ទាប អ៊ីចឹង​យើង​គិតថា​ជូន​គាត់​ប៉ុណ្ណេះ​មិនបាន​ច្រើន តែ​យើង​ជួយ​តិចៗ​ទៅ គឺជា​ការប្រសើរ​។ ហើយ​នេះ​ជាការ​លើកទឹកចិត្ត​ពួកគាត់​ផង ដើម្បីឱ្យ​ពួកគាត់​នៅតែ​ធាក់​ស៊ីក្លូ ព្រោះ​បើ​គាត់​ឈប់​ធាក់​ស៊ីក្លូ​នេះ​នឹង​អាច​បាត់បង់​»​។​
​ប្រធាន​សមាគម​រូបនេះ​ថា ប្រសិនបើ​មិនមាន​មូលនិធិ​ទ្រទ្រង់រ​បរធាក់​ស៊ីក្លូ​នេះ​ទេ ទំនងជា​អ្នកធាក់ស៊ីក្លូ​កាន់តែ​ធ្លាក់ចុះ​៖« កុំ​តែ​បាន​សម្តេច​តេ​ជោ ខ្ញុំ​គិតថា​មកដល់​ម៉ោង​នេះ​ស៊ីក្លូ​មានការ​ធ្លាក់ចុះ​ច្រើន តែ​បាន​មូលនិធិ​នេះ អាច​យកមក​ទប់​មុខរបរ​គាត់​រក​ប្រចាំថ្ងៃ​។ យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​យល់​ពី​សុខទុក្ខ​អ្នកក្រីក្រ ជួយ​បង្កើត​មូលនិធិ​នេះ​ដល់​ពួកគាត់​»​។​
  
 
​ទោះជា​យ៉ាងណា​លោក  អ៊ឹម សម្បត្តិ កំពុងតែ​ព្រួយបារម្ភ​ព្រោះ​អ្នកទទួលបាន​មូលនិធិ​មួយចំនួន​បាន​ស្លាប់ និង​អ្នកខ្លះ​មាន​វ័យ​កាន់តែ​ចាស់​មិនអាច​ធាក់​បន្តបាន​។ ប្រសិនបើ​មិនមាន​ការដាក់បញ្ចូល​អ្ន​ក​ថ្មី​ទៅក្នុង​មូលនិធិ​សម្ដេច​ទេ នោះ​របរ​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់ ៖«​មកដល់​ថ្ងៃនេះ​មិនទាន់មាន​បញ្ចូល​អ្នកថ្មី​ទេ មានតែ​អ្នក​ចាស់​អាច​ឈប់​ឬក៏​គាត់​ស្លាប់​។ អ្នក​ចូល​ដែល​បានធ្វើ​បណ្ណ​នេះ​មាន​៣២៣​នាក់​។ បើ​មិនមាន​អ្នកថ្មី​មក​បន្តវេន យើង​បារម្ភ​ថា​នៅពេលដែល​ពួកគាត់​ធាក់​លែងកើត ថា​តើ​បាន​អ្នកណា​មក​ជំនួស​ពួកគាត់​? ចំណុច​ទី​២​មាន Pass App ច្រើន ដែលមាន​ការប្រកួតប្រជែង​មុខរបរ​របស់​ពួកគាត់​។ ចំណុច​ទី​៣​ភ្ញៀវទេសចរ​ហាក់ដូច​ជា​មិន​កើន​ក្នុងការ​ជិះ​ស៊ីក្លូ​។ ភ្ញៀវ​មិន​កើន ធ្វើឱ្យ​ការងារ​របស់គាត់​នៅតែ​ដដែល ចំណូល​នៅតែ​ដដែល នេះហើយ​គាត់​អាច​បង្វែរ​ទៅរក​ការងារ​ផ្សេង​»​។​
 
​លោក ចន្ទ យ៉ែម ទើបតែ​ត្រឡប់​ពី​ធាក់​ស៊ីក្លូ​ជូន​យាយៗ​ទៅ​វត្ត​តាំងពីព្រឹក​ព្រលឹម​។ បុរស​វ័យ​៦១​ឆ្នាំ​រូបនេះ​មិនទាន់​ទទួលបាន​មូលនិធិ​ត្រីចក្រយាន​របស់​សម្ដេច​នៅឡើយ​។ លោក​បញ្ជាក់​ពី​មូលហេតុ​ដែល​ខកខាន​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​មិនទាន់បាន​មូលនិធិ​សម្ដេច​ទេ​។ កាល​គេ​ចុះឈ្មោះ​ចូលក្នុង​មូលនិធិ​សម្ដេច ខ្ញុំ​រវល់​ប្រពន្ធ​របស់ខ្ញុំ​គ្រោះថ្នាក់​ចរាចរណ៍​បាក់ដៃ​ពីរ​កំណាត់​។ គាត់​គ្រោះថ្នាក់​ពីរដង​។ កូនសិស្ស​ជិះ​បុក​។ គាត់​ទៅ​ទិញ​ផ្កា​ថ្ងៃ​ចូលឆ្នាំ​។ ចាប់​កូនសិស្ស​នោះ​មិនបាន​ផង​។ ក្រោយមក​ទៅ​ផ្សារ​ម្ដងទៀត​ឱ្យ​ចៅ​ដឹង​ទៅ កូនសិស្ស​បុក​ម្ដងទៀត បាក់ដៃ​ហើយ​ទៅ​ត​ដែក​នៅ​តាកែវ​»​។​
  
 
​អង្គុយ​នៅលើ​ស៊ីក្លូ​របស់ខ្លួន អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​តាំងពី​ឆ្នាំ​១៩៩០​រូបនេះ ស្នើ​ដល់​នាយករដ្ឋមន្ត្រី​ដើម្បីឱ្យ​គាត់​បានទទួល​មូលនិធិ​ដូច​អ្នកដទៃ​ដែរ​៖«​សុំ​សម្ដេច​ជួយ​ឱ្យ​ខ្ញុំ​បាន​មូលនិធិ​កាន់​នឹង​គេ​។ សាលាក្រុង​ហៅ​ខ្ញុំ​ឱ្យទៅ​ថតរូប​៣​ដង​ហើយ ចេះតែ​រង់ចាំ​ដល់​សព្វថ្ងៃ​ហ្នឹង​។ ខ្ញុំ​ខកចិត្ត​ខ្លះ​ដែរ​»​។​
 
​នាយក​ប្រតិបត្តិ​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ ក៏បាន​សំណូមពរ​ដល់​មន្ត្រី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា សូម​បញ្ចូល​ឈ្មោះ​អ្នកធាក់ស៊ីក្លូ​ថ្មី​ក្នុង​មូលនិធិ​របស់​សម្តេច និង​រៀបចំ​ឱ្យ​ពួកគាត់​មាន​ការងារ​កាន់តែច្រើន​៖«​ខ្ញុំ​ចង់​សំណូមពរ​ទៅដល់​អ្នក​ដែល​ទទួលបន្ទុក ជាពិសេស​សាលា​រាជធានី​ភ្នំពេញ មេត្តា​បញ្ចូល​អ្នកថ្មី ហើយ​លុប​អ្នក​ចាស់ អ្នក​ដែល​អសកម្ម​។ ចំណុច​ទី​២ ទីផ្សារសេរី​យើង​មានការ​លំបាក ប៉ុន្តែ​ខ្ញុំ​នៅតែ​សំណូមពរ ដល់​អ្នក​ដែល​ទទួលបន្ទុក​ផ្នែក​អ្នករៀបចំ Pass App ឬក៏​កង់​បី​ហ្នឹង​ឱ្យមាន​កំណត់​ផង​។ ឧទាហរណ៍​ថា​មនុស្ស​មាន​៣​លាន​នាក់ ត្រូវមាន Pass App ប៉ុន្មាន កុំឱ្យ​ចេះតែ​កើន​ដល់​រាប់ពាន់​រាប់ម៉ឺន នេះ​មានការ​ប្រកួតប្រជែង​ជាមួយ​ស៊ីក្លូ​ដែរ​។ តម្លៃ​ទីផ្សារ​ទាប គេ​ប្រើ​ម៉ាស៊ីន គាត់​ប្រើ​កម្លាំង អ្នកជិះ​ឃើញ​មួយ​នោះ​ងាយស្រួល​ជាង ថោក​ជាង លឿន​ជាង​ទៀត គេ​ទៅ​ជិះ​មួយ​នោះ ខូច​មុខរបរ​គាត់​»​។​
 
​ឆ្លើយតប​បញ្ហា​ខាងលើ ប្រធាន​លេខាធិការ​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​លោក មេ​ត មាស​ភក្ដី ថា​អ្នកធាក់ស៊ីក្លូ​ទាំងអស់​ដែលមាន​របរ​នេះ​ជា​អាជីព គឺអាច​ដាក់​ពាក្យសុំ​មូលនិធិ​នេះ​បាន​ហើយ ដោយ​មិន​តម្រូវ​ថា​បង្គ្រប់​សមាជិក​ចាស់​នោះឡើយ​។ 
 
​លោក មេ​ត មាស​ភក្ដី ពន្យល់ ៖«​យើង​មិន​តម្រូវ​ថា​បង្គ្រប់​ឬ​មិន​បង្គ្រប់​នូវ​សមាជិក​របស់​យើង​ទេ សំខាន់​យើង​ជួយ​ទៅដល់​គោលដៅ​ដែលមាន​មុខរបរ អាជីព​ជា​អ្នកធាក់ស៊ីក្លូ គាត់​អាចដាក់​ពាក្យ ដើម្បី​ស្នើ​សុំចូល​ជា​សមាជិក​របស់​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​។ យើង​បានទទួល​ពាក្យស្នើសុំ​របស់​សមាជិក​ថ្មី ហើយ​រដ្ឋលេខាធិការដ្ឋាន​ក៏​កំពុងតែ​ផ្ទៀងផ្ទាត់ និង​ពិនិត្យមើល​លក្ខណៈសម្បត្តិ​ថា តើ​គាត់​អាច​ត្រូវ​បញ្ចូល​ជា​សមាជិក​របស់​យើង​បន្ថែមទៀត​ដែរ​ឬក៏​អត់​»​។ 
  
 
​លោក​បន្ថែមថា ក្រុមការងារ​របស់លោក​កំពុងតែ​ពិនិត្យ​ទៅលើ​និតិ​វិធី​ដើម្បី​បញ្ចូល​ឈ្មោះ​អ្នកថ្មី​បន្ថែម តែ​មិនអាច​កំណត់​ពេលវេលា​ជាក់លាក់​ឱ្យ​ច្បាស់​ថា​នឹងធ្វើ​រួច​ពេលណា​បានឡើយ ៖«​ក្រុមការងារ​កំពុងតែ​ត្រួតពិនិត្យ​លើ​លក្ខណៈសម្បត្តិ​ប្រមាណ​ជា​៣០​នាក់​។ យើង​មិនអាច​កំណត់​ពេលវេលា​ជាក់ស្ដែង​តែម្ដង​បានទេ អាស្រ័យ​លើ​ក្រុមការងារ​ធ្វើ​កិច្ចការ​នេះ​សិន​។ បើ​គាត់​ជា​អ្នក​ប្រកប​របរ​នេះ​ពិតប្រាកដ​មែន យើង​ក៏​ចង់​ទ្រ​ង​ទ្រង់ ចង់​លើកស្ទួយ​ជីវភាព​របស់​ពួកគាត់​ដែរ ហើយ​យើង​ក៏​ចង់ឱ្យ​ការងារ​នេះ​បាន​ឆាប់​ដែរ​»​។ 
 
​សូមបញ្ជាក់ថា​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ដែលមាន​សម្តេចនាយក​ដ្ឋ​មន្ត្រី​កម្ពុជា​ជា​ប្រធានកិត្តិយស​បង្កើតឡើង​នៅ​ដើមឆ្នាំ​២០១៨ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​របស់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​។ អ្នក​ដែល​ក្លាយជា​សមាជិក​ក្នុង​មូលនិធិ​ត្រីចក្រយាន​នេះ ក៏​ទទួលបាន​បណ្ណ ប​.​ស​.​ស ផងដែរ​៕
 
​ 

Tag:
 ស៊ីក្លូ​
  មូលនិធិ​ស៊ីក្លូ​
  មូលនិធិ​ត្រីចក្រយាន​កម្ពុជា​
  កម្មករ​
  សមាគម​ស៊ីក្លូ​
© រក្សាសិទ្ធិដោយ thmeythmey.com