សៀវភៅ​រូបថត​ថ្មី​បង្ហាញ​ពី​ទំនាក់ទំនង​រឿង​រាមកេរ្តិ៍​និង​សង្គម​ខ្មែរ​
ជាតិ
សង្គមជាតិ
សៀវភៅ​រូបថត​ថ្មី​បង្ហាញ​ពី​ទំនាក់ទំនង​រឿង​រាមកេរ្តិ៍​និង​សង្គម​ខ្មែរ​
30, Apr 2019 , 8:19 am        
រូបភាព
គម្របសៀវភៅ «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។
គម្របសៀវភៅ «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។
ដោយ: VOA
​ភ្នំពេញ ៖ រឿង​រាមកេរ្តិ៍​ជា​អក្សរសិល្ប៍​បែប​ព្រាហ្មណ៍​និយម ដែលមាន​វត្តមាន​ក្នុង​វប្បធម៌​ខ្មែរ​ជាង​មួយ​សហស្សវត្ស​ទៅហើយ​។ ជារឿយៗ​រឿងនេះ​ត្រូវបាន​គេ​និទាន​ឡើងវិញ តាមរយៈ​សិល្បៈ​គ្រប់​ទម្រង់​។ លោក Arjay Stevens អតីត​គីមី​វិទូ​ជនជាតិ​អាល្លឺម៉ង់ ដែល​សព្វ​ថ្ងៃជា​អ្នក​ថតរូប​ម្នាក់ បាន​ចំណាយពេល ២២ ឆ្នាំ ដើម្បី​ចងក្រង​សៀវភៅ​រូបភាព​មួយ ដែល​ឆ្លុះបញ្ចាំង​អំពី​អរិយធម៌​នៃ​រឿង​រាមកេរ្តិ៍ ក្នុងប្រទេស​កម្ពុជា​។

 


លោក Arjay Stevens ដែល​ជា​អ្នកថតរូបជនជាតិអាល្លឺម៉ង់ បានចាប់ផ្តើមថតរូបផ្សេងៗនៅក្នងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៦។ (ផន បុប្ផា/ VOA)

​នៅក្នុង​ឆ្នាំ ១៩៩៦ អតីត​គីមី​វិទូ​ជនជាតិ​អាល្លឺម៉ង់​មួយរូប គឺ​លោក Arjay Stevens បាន​មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។ លោក​មកដល់​ចំពេល​ដែល​ប្រជាជន​ខ្មែរ​កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ប្រពៃណីជាតិ​។​
 
​នៅតាម​ដងផ្លូវ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​កាល​នោះគេ​ហៅថា អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង លោក​Stevens បាន​ប្រទះ​ភ្នែក​ឃើញ​ទូកងរ​ចំរុះ​ពណ៌​លំអរ​ដោយ​ក្បូរ​ក្បាច់រចនា ត្រូវបាន​គេ​ដឹក​តាមផ្លូវ​ទៅ​មាត់ទន្លេ ដើម្បី​ត្រៀម​ក្នុងការ​ប្រណាំងទូក ក្នុង​ពិធីបុណ្យ​អុំទូក​។ ទិដ្ឋភាព​មួយ​នោះ​ហើយ​បានធ្វើ​ឲ្យ​លោក Stevens ចុះ​ពី​ឡាន ទាញយក​ម៉ាស៊ីន​ថត ហើយ​ថត​យក​រូបភាព​ដំបូង​គេ​បង្អស់​របស់លោក​នៅ​ប្រទេស​កម្ពុជា​។​
 
​អតីត​គីមី​វិទូ​រូបនេះ សព្វ​ថ្ងៃជា​អ្នក​ថតរូប​មាន​វ័យ​៧២​ឆ្នាំ​។ លោក​បាន​និយាយ​ទៅកាន់​សាធារណជន​ខ្មែរ​និង​បរទេស​នៅក្នុង​ពិធី​សម្ភោ​ធ​សៀវភៅ​កម្រង​រូបថត​ថ្មី​មួយ​របស់លោក​កាលពី​ខែមីនា​ថា​៖«​អ្វីៗ​គ្រប់យ៉ាង​ចាប់ផ្តើម​ពី​ហ្នឹង​មក​»​។​
 
​សៀវភៅ​កម្រង​រូបថត​ដែល​ដាក់​សម្ភោ​ធ​នោះ​មាន​ចំណងជើង​ថា «REAMKER Cambodia Ramayana: Gods, Demons, and Heroes»​។ សៀវភៅ​នេះ​ពណ៌នា​អំពី​អក្សរសិល្ប៍ បែប​ព្រា​ហ្ម​និយម រឿង​រាមកេរ្តិ៍​ដែល​ដកស្រង់​ចេញពី​រឿង​រាមាយណៈ​មាន​ប្រភពពី​សំស្ក្រឹត​របស់​ឥណ្ឌា​។​
 
​ផ្នែក​ខាង​ក្នុងនៃ​សៀវភៅ​រូបថត ដែលមាន​កម្រាស់​៤៦៦​ទំព័រ លោក Arjay Stevens បាន​ផ្តិត​យក​រូបភាព​ពី​គំនូរ​ថែវ ចម្លាក់​នៅតាម​ប្រាសាទ និង​សិល្បៈ​ប្រពៃណី​ខ្មែរ ដូចជា​ល្ខោនខោល​ជាដើម ដែល​លោក​បាន​ទស្សនា​ផ្ទាល់​មក​ចងក្រង​។ លោក​បាន​ចំណាយពេល​ជាង​២០​ឆ្នាំ ផ្តិត​យក​រូបថត​រាប់​ពាន់​សន្លឹក​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​បណ្តុំ​រូបថត​និង​ពត៌មាន​ទាំងនេះ បាន​និទាន​ឡើងវិញ នូវ​រឿងរ៉ាវ​ស្តីពី អាទិទេព និង​ការ​ផ្សងព្រេង តាមរយៈ​ការ​ផ្តិត​យក​ចំណុច សំខាន់ៗ​នៃ​សិល្បៈ​ទាំង​នោះមក​អធិប្បាយ​។​
 
​ដូច​ភ្ញៀវទេសចរ​ដទៃទៀត​ដែរ​លោក Stevens ជាដំបូង​បាន​ដើរ​ទស្សនា​ផ្ទាំងគំនូរ​អំពី​រាមកេរ្តិ៍​នៅតាម​ជញ្ជាំង​ព្រះវិហារ​ព្រះ​កែវ​មរកត នៅក្នុង​ព្រះបរមរាជវាំង​។​តាមរយៈ​ការតាមដាន​ផ្ទាំងគំនូរ​ទាំងនោះ លោក​បាន​ស្វែងយល់​ពី ចម្បាំង​នៅ​ក្រុង​លង្កា ហើយ​វា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់លោក​យ៉ាងខ្លាំង​។ លោក​ក៏បាន​សិក្សា​បន្ថែម​អំពី​សិល្បៈ​មួយ​នេះ​តាម​ការស្រាវជ្រាវ​បន្តបន្ទាប់​។​
 
​លោក Arjay Stevens ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​ដែល​ស្រលាញ់​សិល្បៈ​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​សិល្បៈ​ខ្មែរ​។ លោក​បាន​បោះពុម្ព​សៀវភៅ​មួយចំនួន ដែល​ស្តីអំពី​សិល្បៈ និង​វប្បធម៌​ខ្មែរ ដូចជា របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ និង​សូត្រ​ខ្មែរ​ជាដើម​។​លោក​បាន​សរសេរ​ក្នុង​ជីវប្រវត្តិ​របស់លោក​ថា ការងារ​របស់លោក បាន​តាមដាន​នូវ​ដំណើរ​របស់​កម្ពុជា ដែល​បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​និង​«​បង្វិលខ្លួន​ឲ្យ​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​នាពេល​អនាគត​»​។​
 
​លោក​បាន​ប្រាប់​វី​អូ​អេ​ទៀតថា​៖
 
«​ការពេញចិត្ត​របស់ខ្ញុំ​មិនមែន​ត្រឹម​តែមួយ​ភ្លែត​នោះទេ​។​នៅពេលដែល​ខ្ញុំ​បានឃើញ​ផ្ទាំងគំនូរ​នៅ​ព្រះបរមរាជវាំង​ដំបូង ខ្ញុំ​មិនបាន​ដឹង​ពី​អ​ណា​ចក្រ​អរិយធម៌​អំពី​គំនូរ​នោះទេ​»​។ លោក​បាន​បន្ថែមទៀតថា «​ខ្ញុំ​មិនដែល​ឃើញ​អ្វី​អស្ចារ្យ​ដូច​បែបនេះ​នោះទេ​»​។​
 
​លោក Stevens បាន​រៀបរាប់​បន្ថែមថា ក្នុង​រយៈពេល​ជាង​មួយ​សហស្សវត្ស​រឿង​រាមកេរ្តិ៍​ត្រូវបាន​គេ​និទាន ឡើងវិញ តាមរយៈ​សិល្បៈ​គ្រប់​ទម្រង់​នៅក្នុង​ប្រទេស​កម្ពុជា​។ អក្សរសិល្ប៍​មួយ​នេះ​មានតម្លៃ​របស់​វា ក្នុងនាម​ជា​គំរូ​មួយ ខាង​ចំណេះដឹង​បែប​សាសនា ច្បាប់ទម្លាប់ និង​សីលធម៌​ក្នុងសង្គម​ខ្មែរ​។​
 
​អ្នកស្រី ចាន់ វ​ណ្ណី សព្វ​ថ្ងៃជា​សាស្ត្រាចារ្យ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា តម្លៃ​អប់រំ​សំខាន់ៗ​បង្កប់​នៅក្នុង​រឿង​រាមកេរ្តិ៍ ដែល​យុវជន​ជំនាន់​ក្រោយ​អាច​រៀនសូត្រ​តាម​គឺ​មេរៀន​ជិវិត​។​
 
​អ្នកស្រី បាន​ប្រាប់​VOA​យ៉ាង​ដូច្នេះ​ថា​៖
 
«​ចំណុច​មួយ​ដែល​យើង​អាច​រៀនសូត្រ​បាន​ពី​រាមកេរ្តិ៍​គឺ វា​បង្រៀន​យើង​ឲ្យ​ចេះ​ដោះស្រាយ​ជម្លោះ និង​ការបង្កើន​ចំណេះដឹង​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​អ្នកដឹកនាំ​មួយរូប​ក្នុងសង្គម​»​។​
 
​បន្ថែម​ទៅលើ​ការដាក់បញ្ចូល​រឿង​រាមកេរ្តិ៍​ទៅក្នុង​កម្មវិធីសិក្សា​នៅ វិទ្យាល័យ អ្នកស្រី​ក៏បាន​លើកឡើង​លក្ខណៈពិសេស​អំពី​រឿង​រាមកេរ្តិ៍​របស់​ខ្មែរ ដែល​ខុសពី​រឿង​រាមាយណៈ​របស់​ឥណ្ឌា​។​
 
​អ្នកស្រី​បានលើកឡើង​ថា​៖
 
«​ចំណុច​មួយ​ដែល​បង្ហាញ​ពី​ភាពខុសគ្នា គឹ​រឿង​រាមកេរ្តិ៍​របស់​ខ្មែរ​មាន​លក្ខណៈ មនុស្សនិយម ដោយ​យើង​មិន​លើក​តួអង្គ [​ព្រះរាម​ដែលជា​អវតា​ព្រះ​វិស្ណុ​] ជា​អាទិទេព​ដែល​គ្មាន​កំហុស​នោះទេ​»​។​
 
​សៀវភៅ​រូបថត ដែលមាន ១៥ ជំពូក បរិយាយ​ពី​ដំណើររឿង​រាមកេរ្តិ៍ អធិប្បាយ​ពី​ចំនុច​ខុសៗ​គ្នា​នៃ​ប្រភព​នានា​ដែល​និទាន​ពី​អក្សរសិល្ប៍​មួយ​នេះ ពន្យល់​ភាព​លម្អិត​របស់​វា និង​បង្ហាញ​ការតុបតែង​បែប​សិល្បៈ​នៃ​រឿង​រាមកេរ្តិ៍​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​សៀវភៅ​នេះ មាន​ពិភាក្សា​អំពី​ប្រជាប្រិយភាព​របស់​តួអង្គ​និ​មួយ​នៅក្នុង​អក្សរសិល្ប៍ នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។​
 
​លោក Arjay Steven ក៏បាន​សរសេរ​នៅក្នុង​ជំពូក​ដំបូង​នៃ​សៀវភៅ​របស់លោក​ថា​៖
 
«​នៅក្នុង​ចម្បាំង​តូចធំ ដែល​ទោះជា​ភាគច្រើន ពោរពេញ​ទៅដោយ​ភាពឃោរឃៅ អ្នកអាន​នៅតែ​អាច​ញញឹម​ជាមួយនឹង សាច់រឿង​ទាក់ទិន​ទៅនឹង​វេទមន្ត និង​អាទិទេព នៅក្នុង​ស្ថាន​ភាពមិន​ទៀងទាត់​ទាំងនោះ​។​ទាំងនេះ មិនទាន់​រាប់បញ្ចូល​នូវ​ដំណើរ​គេចខ្លួន​ដ៏ អស្ចារ្យ​របស់​មេទ័ព​ហនុមាន​ដែលជា​សំណព្វចិត្ត​របស់​ទស្សនិកជន​នៅក្នុង​ការសម្តែង​របាំ​នានា​»​។​
 
​លោក​បាន​រៀបរាប់​ប្រាប់ VOA ថា​៖
 
«​តួអង្គ​ក្នុង​សាច់រឿង ដែល​ខ្ញុំ​ពេញចិត្ត​ជាងគេ គឺ ព្រះ​លក្សណ៍ [​ព្រះអនុជ​របស់​ព្រះរាម​]​។​ទំនាក់ទំនង​រវាង​ព្រះ​លក្សណ៍ និង​ព្រះរាម ពិតជា​ពិសេស​ណាស់​។​»
 
​លោក Stevens ក៏បាន​លើកឡើងថា លោក​ចាប់អារម្មណ៍​ទៅលើ​ទំនាក់ទំនង បងប្អូន​ទាំងពីរ​នាក់ គឺ​ព្រះរាម និង​ព្រះ​លក្ខណ៍ នៅក្នុង​សាច់រឿង​អក្សរសិល្ប៍​ខ្មែរ​រឿង​រាមកេរ្តិ៍​នេះ​។​
 
«​ពួកគេ​ទាំងពីរ​ពិតជា​ស្រលាញ់គ្នា​ណាស់ ហើយ​ខ្ញុំ​តែងតែ​ភ្ញាក់ផ្អើល​ជានិច្ច​ជាមួយ នឹង​សាច់រឿង​។ ដូចដែល​បានឃើញ​ក្នុង​ល្ខោនខោល​និង​ល្ខោនស្បែក​ធំ តួអង្គ​ទាំងពីរ​ពិតជា​ជិតស្និទ​នឹង​គ្នា​។ ខ្ញុំ​ចូលចិត្ត​បែប​ហ្នឹង​»​។​
 
​សម្តេច នរោត្តម បុប្ផា​ទេវី ជា​ព្រះរាម​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​នរោត្តម​សីហមុនី ដែល​ភាគច្រើន​ត្រូវបាន​គេ​ស្គាល់​ថា ជា​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ បាន​លើកសរសើរ​ពី​គុណ​តម្លៃ​នៃ​សៀវភៅ​នេះ​។ នៅក្នុង​បុព្វកថា ទ្រង់​បានសរសេរថា សៀវភៅ​នេះ​បង្ហាញ​ពី​ភាព​ចំរុះ​គ្នា​រវាង​សិល្បៈ​ខ្មែរ និង​វត្ថុ​បុរាណ​នានា​។​
 
«​យើងខ្ញុំ​ពិតជា​មានចិត្ត​សប្បាយរីករាយ​ជា​ក្រៃលែង ដោយ​សៀវភៅ​មួយ​ក្បាល​នេះ បាន​ផ្តិត​យក​រូបភាព រៀបរាប់​នូវ​ឈុត​សំខាន់ៗ ក្នុង​ល្ខោន​របាំ​ព្រះរាជ​ទ្រព្យ​ដែលមាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​ទៅហើយ​និង​ក្រុម​របាំ​មាន​បង្ហាញ​ជំពូក​ដទៃៗ​ទៀត​»​។​
 
​ទ្រង់​បាន​បន្ថែមទៀតថា​៖
 
«​លោក [Arjay Stevens] បាន​ផ្តិត​យក​រូប​ភាពល្អៗ ដែល​បង្ហាញ​ពី សោភ័ណភាព​និង​គុណភាព​កាត់ថ្លៃ​ដ៏​មានតម្លៃ​នៃ​ការ​រាំ​របស់​សិល្បករ​នៃ​នាដ​សាស្ត្រ​ខ្មែរ និង​ការផលិត វា​ឡើង​»​។​
 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ក៏បាន​សរសើរ​ចំពោះ​កិច្ចការ​របស់លោក Stevens និង​ចំណេះដឹង​ដ៏​ស៊ីជម្រៅ​របស់លោក​អំពី​សិល្បៈ​ខ្មែរ​។​
 
​លោកស្រី​ក៏បាន​សរសេរ​នៅក្នុង​បុព្វកថា​នៅក្នុង​សៀវភៅ​កម្រង​រូបថត​នោះ​ថា​៖
 
«​គុណ​តម្លៃ​នៃ​សៀវភៅ​សិ​ល្បះ​រូបគំនូរ​នេះ មិនអាច ត្រូវគេ​មើលស្រាល​បាន​នោះទេ ជាពិសេស​សម្រាប់​បច្ឆាជន​កម្ពុជា​។ រឿង​រាមកេរ្តិ៍ ជាសរ​សរ​ទ្រូង​វប្បធម៌​សង្គម កម្ពុជា​យើ​ង‍​»​។​
 
​លោក Stevens យល់ឃើញថា អក្សរសិល្ប៍​ខ្មែរ​រឿង​រាមកេរ្តិ៍​មាន​វត្តមាន​ជានិច្ច​នៅក្នុង​ជិវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​។​ស្ថាប័ន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ក្រសួងការពារជាតិ ជាដើម ជា​ស្ថាប័ន​ដែល​បាន​ប្រើ ប្រាស់​រូប​តួអង្គ​នៅក្នុង​អក្សរសិល្ប៍​រឿង​រាមកេរ្តិ៍ គឺ​តួ​ស្តេច​ស្វា​ហនុមាន ជា​និមិត្តសញ្ញា​នៃ​ស្ថាប័ន​។​ហើយ​ថ្មីៗ​នេះ ក៏មាន​ដាក់តាំង​រូបចម្លាក់ ហនុមាន នៅខាងមុខ សណ្ឋាគារ Rosewood នៅ​ជិត​អាគារ​ពាណិជ្ជកម្ម​វឌ្ឍនៈ​ផងដែរ​។​
 
​លោក Stevens​ថា​ការ​ដាក់តាំង​រូបចម្លាក់​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ ដោយ​លោក​បាន​ពណ៌នា​ថា «​ព្រលឹង​របស់​រឿង​រាមកេរ្តិ៍​នៅតែ​ដក់​ជាប់​នៅ ក្នុង​បេះដូង របស់​ប្រជាជន កម្ពុជា​ជានិច្ច​»​។​
 
​លោក Arjay Stevens បញ្ជាក់ទៀតថា បើទោះបីជា​អក្សរសិល្ប៍​រឿង​រាមកេរ្តិ៍​មាន​ដើមកំណើត និង​ប្រវត្តិ​ដំណាល​តាំង​ពីមួយ​សហស្សវត្ស​មុន មកដល់​សព្វថ្ងៃ លោក​ឃើញថា​អក្សរសិល្ប៍​នេះ​បានក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ជិវិត​របស់​ប្រជាជន​ខ្មែរ​ទៅហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com