អន្តរជាតិ
មេ​ប៉ូលិស​ស្រីលង្កា​មិន​ព្រម​ចុះចេញ ទោះជា​ប្រធានាធិបតី​ចុច​ឈ្មោះ​ឲ្យ​លាលែង​ក៏ដោយ​
29, Apr 2019 , 9:19 pm        
រូបភាព
មេប៉ូលិសជាតិស្រីលង្កា Pujith Jayasundara ។ រូបភាព AFP
មេប៉ូលិសជាតិស្រីលង្កា Pujith Jayasundara ។ រូបភាព AFP
​មេ​ប៉ូលិស​ជាតិ​ស្រីលង្កា Pujith Jayasundara បាន​បដិសេធ​ចុះចេញ​ពី​តំណែង​របស់ខ្លួន ដើម្បី​ជាការ​ទទួលខុស​ត្រូវចំ​ពោះ​ការវាយប្រហារ​គ្រាប់បែក​កាលពី​ថ្ងៃទី​២១ ខែមេសា​កន្លងទៅ​។ លោក Jayasundara ត្រូវបាន​លោក​ប្រធានាធិបតី Maithripala Sirisena បង្គាប់​ឲ្យ​លាលែង​ពី​តំណែង ព្រោះ​មិនអាច​ទប់ស្កាត់​ការវាយប្រហារ​ដ៏​បង្ហូរឈាម​នៅក្នុង​សណ្ឋាគារ និង​វិហារ​គ្រិស្តសាសនា​ជាច្រើន​កន្លែង ទាំង​ដឹង​ពី​ផែនការ​មុន​ក្ដី​។​

 
​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena កាលពី​ថ្ងៃទី​២៦ ខែមេសា បាន​បញ្ជា​ឲ្យ​អធិការ​ប៉ូលិស​ជាតិ​លោក Pujith Jayasundara លាលែង​ពី​តំណែង​ដើម្បី​រ៉ាប់រង​កំហុស​ដែល​នាំ​ឲ្យ​មានការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​ច្រើនជាង​៣០០​រយ​នាក់​កាលពី​ថ្ងៃទី​២១ ខែមេសា​។ យ៉ាងណាមិញ មកទល់​ថ្ងៃទី​២៩ ខែមេសា លោក Jayasundara បាន​មិនបាន​ចុះ​ចេញពី​តំណែង​តាម​ការបង្គាប់​របស់​ប្រធានាធិបតី​ឡើយ​។​
 
​ស្ថានការណ៍​ក្បាលម៉ាស៊ីន​ផ្នែក​សន្តិសុខ​របស់​ស្រីលង្កា កំពុង​ច្របូកច្របល់​ខ្លាំង​ក្រោយ​ហេតុការណ៍​ថ្ងៃទី​២១ ខែមេសា ដ្បិត​ប៉ូលិស​បានដឹង​ពី​គម្រោង​វាយប្រហារ​នេះ តែ​មិន​ធ្វើ​សកម្មភាព​ទប់ស្កាត់​ទៅវិញ ហើយ​បណ្ដោយ​ឲ្យ​មនុស្ស​ជាច្រើន​បាត់បង់​ជីវិត និង​រងរបួស​។ លោក Sirisena បាន​ទម្លាក់កំហុស​លើ​មេ​ប៉ូលិស​ជាតិ និង​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ ព្រោះ​មន្ត្រី​ចារកម្ម​ដឹង​ពី​បញ្ហា​នេះ តែ​មិនបាន​ប្រាប់​រូបលោក និង​នាយករដ្ឋមន្ត្រី Ranil Wickremesinghe ទៅទៀត​។​
 
​តាមពិតទៅ ប្រធានាធិបតី​ស្រីលង្កា​រូបនេះ បាន​អះអាងថា មេ​ប៉ូលិស​ជាតិ​ខាងលើ​បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ហើយ​។ ប៉ុន្តែ​មន្ត្រី​ស្រីលង្កា​និយាយថា លោក Jayasundara មិនបាន​ដាក់ពាក្យ​សុំលាលែង​ឡើយ ហើយ​បន្ត​ស្នាក់​នៅផ្ទះ​រដ្ឋ​ដដែល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បន្តថា លោក Sirisena ថែមទាំង​បានតែងតាំង​មន្ត្រីប៉ូលិស​ម្នាក់​ជា​ស្នងការ​ប៉ូលិស​ស្ដីទី​ដើម្បី​កាន់​ការងារ​ជំនួស​លោក Jayasundara ទៀតផង​។ 
 
​មន្ត្រី​ស្រីលង្កា​ម្នាក់​និយាយថា ការបដិសេធ​លាលែង​ពី​តំណែង​របស់​មេ​ប៉ូលិស​រូបនេះ មានន័យ​ស្មើ​ការព្យួរ​តំណែង​ខ្លួនឯង ដើម្បី​រង់ចាំ​ការសម្រេចចិត្ត​ពីស​ភា​។ ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​ស្រីលង្កា មានតែ​រដ្ឋសភា​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​ដកតំណែង​មេ​ប៉ូលិស​ជាតិ​។ នេះ​ក៏​ព្រោះតែ​ច្បាប់​ទប់ស្កាត់​ការជ្រៀតជ្រែក​របស់​អ្នកនយោបាយ​ទៅក្នុង​កិច្ចការ​សន្តិសុខ​។ លោក Jayasundara នេះ ត្រូវបាន​ជ្រើសរើស​ឲ្យ​កាន់តំណែង​ប្រមុខ​ប៉ូលិស​ជាតិ​ដោយ​នាយករដ្ឋមន្ត្រី Wickremesinghe ។ 
 
​ក្រៅពី​លោក Jayasundara មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ​ស្រីលង្កា​ម្នាក់ បាន​ចុះ​ចេញពី​តំណែង​របស់ខ្លួន​។ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ Hemasiri Fernando បាន​ចាក​ចេញពី​តំណែង​តាម​ការបញ្ជា​របស់លោក Sirisena ដែល​មិន​ពេញចិត្ត​ចំណាត់ការ​របស់​ក្រុម​សន្តិសុខ​ជុំវិញ​ហេតុការណ៍​វាយប្រហារ​ដែល​ត្រូវបាន​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ប្រកាស​ទទួលខុសត្រូវ​៕ 

Tag:
 ​ស្រីលង្កា​
  Pujith Jayasundara
  Maithripala Sirisena
© រក្សាសិទ្ធិដោយ thmeythmey.com