អន្តរជាតិ
រដ្ឋាភិបាល​ឡាវ សម្រេច​បន្ទាប​តម្លៃ​អគ្គិសនី ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស​បន្ថែម​
30, Apr 2019 , 8:29 am        
រូបភាព
ដោយ:
​គណៈរដ្ឋមន្ត្រី​ឡាវ បានសម្រេច​ពិនិត្យឡើងវិញ​លើ​ឯក​តាត​ម្លៃ​អគ្គិសនី​របស់​ប្រទេស​ឲ្យ​កាន់តែ​ទាប ក្នុង​គោលដៅ​ដើម្បី​ជា​យុទ្ធសាស្ត្រ​មួយ​បង្កើន​ផលិតភាព​ក្នុង​សេដ្ឋកិច្ច និង​ជាពិសេស​នោះ​ដើម្បី​ទាក់ទាញ​វិនិយោគ​ក្នុងប្រទេស​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​។


 
​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រចាំ​ខែមេសា គណៈរដ្ឋមន្ត្រី​ឡាវ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ថុង​លួ​ន ស៊ី​សូលី​ត បានសម្រេច​ឲ្យ​មានការ​ពិនិត្យឡើងវិញ​លើ​តម្លៃ​អគ្គិសនី ពោលគឺ​ត្រូវ​ធានាថា តម្លៃ​អគ្គិសនី ត្រូវតែ​ទាប និង​សមរម្យ​ជាង​មុន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Vientiane Times នៅ​ថ្ងៃ​២៦ មេសា​កន្លងទៅ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ការណ៍ ដែល​រដ្ឋាភិបាល​ឡាវ ចេញ​សេចក្តីសម្រេច​បែបនេះ ក៏​ដើម្បី​ធានាថា អ្នកវិនិយោគ​នៅក្នុង​វិស័យ​អគ្គិសនី ទទួលបាន​ផលចំណេញ ហើយ​ការវិនិយោគ​នេះ ក៏​អាចមាន​ចីរភាព​ដូចគ្នា​ផងដែរ​។​
 
​ខណៈ​ដាក់​ផែនការ​បន្ទាប​តម្លៃ​អគ្គិសនី តាមរយៈ​កិច្ចប្រជុំ​នោះ​ផងដែរ គណៈរដ្ឋមន្ត្រី​ឡាវ ក៏បាន​អនុម័ត​អនុក្រឹត្យ​មួយ​ស្តីពី​ការ​ការ​សន្សំសំចៃ​ថាមពល ដើម្បី​ជា​ផ្នែក​មួយ​ធានា​ឲ្យ​បានការ​ប្រើប្រាស់​គ្រប់គ្រាន់ និង​ធ្វើ​ឲ្យ​ការចំណាយ​លើ​ថាមពល​កាន់តែ​តិច ក៏ដូចជា​ដើម្បី​កាន់​បន្ថយ​ផលប៉ះពាល់​លើ​បរិស្ថាន​ផងដែរ​នោះ​។ 
 
​គួរ​ជម្រាប​ផងដែរ ឡាវ ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេសមួយ​របស់​ពិភពលោក ដែល​គ្មាន​អធិបតេយ្យ​ជាប់​នឹង​សមុទ្រ​សូម្បីតែ​បន្តិច ក៏ប៉ុន្តែ​រដ្ឋ​អាស៊ាន​មួយ​នេះ ជាប់​ជាមួយនឹង​ទន្លេមេគង្គ​។ ឡាវ មាន​សក្តានុពល​ខ្លាំង​ផ្នែក​វា​រី​អគ្គិសនី ហើយ​ឡាវ ក៏​ធ្លាប់មាន​ក្តី​សុ​បិ​ន្ត​ក្នុងការ​ប្រែក្លាយជា​អាគុយ​របស់​អាស៊ី​ផងដែរ​។ កន្លងមក ឡាវ ក៏បាន​លក់​អគ្គិសនី​របស់ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ​៕ 

Tag:
 ឡាវ​
  អាស៊ាន​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com