ជាតិ
សេដ្ឋកិច្ច
អំបិល​នាំទៅ​បារាំង ១០០​តោន មិន​ធំដុំ​ប៉ះពាល់​តម្រូវការ​ក្នុងស្រុក​ទេ តែ​បារម្ភ​ភ្លៀង​ច្រើន​ទៅវិញ​ទេ​
29, Apr 2019 , 6:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គ្រោង​នាំ​អំបិល ១០៨​តោន​ទៅ​ប្រទេស​បារាំង តាម​ការបញ្ជាទិញ​។ មុន​នាំចេញ​នេះ កាលពី​ចុងឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចូល​អំបិល​១​ម៉ឺន​តោន ដោយសារ​ការផលិត​ក្នុងស្រុក​ជួប​បញ្ហា​ភ្លៀង​ធ្លាក់​ច្រើន មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ពេញលេញ​។ ព័ត៌មាន​នាំចេញ​អំបិល ខណៈដែល​ក្នុងស្រុក​ខ្វះខាត​នោះ ត្រូវបាន​មហាជន​មួយចំនួន​ប្រតិកម្ម ឬ​មាន​ចម្ងល់​។​


 
​ការនាំចេញ​អំបិល​ដូចខាងលើ​នេះ ត្រូវបាន​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប លោក ប៊ុន បារាំង ចាត់ទុកជា​រឿង​ធម្មតា​ក្នុង​ទីផ្សារសេរី ហើយ​ថា​បរិមាណ​១០០​តោន​នេះ​តិចតួច​ប៉ុណ្ណោះ​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ទីផ្សារសេរី វា​តែងតែ​វិល​ទៅ​វិល​មក (​យើង​នាំទៅ​គេ គេ​នាំមក​យើង​)​។ អំបិល ១០០​តោន​គ្មានអ្វី​ច្រើន​នោះទេ ហើយ​កន្លែង​ណា​បាន​ថ្លៃ គាត់​លក់​ទៅ​ទីនោះ​ហើយ​។ ដូច​ថា​គេ​ចង់​ហូប​អំបិល​យើង គាត់​ក៏​ធ្វើ​ទុក​ឲ្យ​គេ​អ៊ីចឹងទៅ វា​មិន​ធំដុំ​រហូត​ប៉ះពាល់​តម្រូវការ​ក្នុងស្រុក​ទេ​»​។ ក្រុម​អ្នក​ផលិត​អំបិល​សម្រាប់​នាំ​ចេញទៅ​បារាំង​នោះ​ទៀតសោត គឺ​នៅក្រៅ​សហគមន៍​ស្រាប់ ដែល​កាន់​តែមាន​សេរីភាព​ក្នុងការ​លក់ដូរ​។​
 
​បើតាម​លោក ប៊ុន បារាំង ឈ្មួញ​អំបិល​របស់​បារាំង មិនមែន​ទើបតែ​ទិញ​អំបិល​ពី​កម្ពុជា​លើកដំបូង​នោះទេ គឺមាន​នាំចូល​អំបិល​កម្ពុជា​ឆ្នាំមុនៗ កន្លង​រួចមកហើយ​។ លោក​បារាំង​បន្ថែមថា ក្រៅពី​នាំទៅ​បារាំង កម្ពុជា​មិនមាន​នាំចេញ​អំបិល​ទៅ​ប្រទេស​ផ្សេង​នោះទេ​។ បើតាម​លោក បារាំង អំបិល​ដែល​គ្រោង​នាំចេញ​នោះ គឺជា​ផ្កាអំបិល ដែល​អណ្ដែត​លើទឹក​ផលិត​អំបិល ហើយ​មាន​កម្រិត​ជាតិ​ប្រៃ​តិចជាង​អំបិល​ក្រួស តែមាន​តម្លៃ​ខ្ពស់ជាង​អំបិល​ក្រួស​។​
 
​លោក ប៊ុន បារាំង អះអាងថា អំបិល​ដែល​កម្ពុជា​នាំចូល​កន្លង​មកជា​អំបិល​ផលិត​ពី​ទឹកសមុទ្រ​រួច​ហាលថ្ងៃ ដែលជា​អំបិល​ល្អ មិនមែន​អំបិល​រ៉ែ​នោះទេ​។​
 
​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​រូបនេះ​ហាក់​មិនសូវ​ចាប់អារម្មណ៍​នឹង​បរិមាណ​នាំចេញ​អំបិល​ដ៏​តិចតួច​នោះទេ តែ​លោក​បង្ហាញ​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​អាកាសធាតុ​ឆ្នាំនេះ​ដែល​អាចធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ក្នុងស្រុក​ខ្វះខាត​ច្រើន​។ លោក ប៊ុន បារាំង​«​ការផលិត​អំបិល​ប្រហែល​ខ្វះ​ទៀតហើយ ភ្លៀង​ម្ដងៗ​អំបិល​រលាយ​ទាំងអស់​។ គួរ​ជឿ​អត់​! ខែ​នេះ​នៅ​កំពត​ភ្លៀង​ជន់ ខណៈ​កន្លែង​ផ្សេង​កម្ដៅ​៤០​អង្សា​»​។ លោក​មិនអាច​ប៉ាន់ស្មាន​ទំហំ​ខ្វះខាត​អំបិល​នោះទេ តែ​លោ​កថា​អាច​នឹងខ្វះ​ច្រើន ហើយ​ត្រូវ​រង់ចាំ​មើល​ជាក់ស្ដែង​។ កម្ពុ​ជាមាន​តម្រូវការ​អំបិល​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ប្រមាណ ១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។​
 
​គួរ​បញ្ជាក់ថា ក្រៅពី​បញ្ហា​ផ្គត់ផ្គង់​ក្នុងស្រុក​ខ្វះខាត វិស័យ​ផលិត​អំបិល​ក៏​ជួប​បញ្ហា​មិន​ឯកភាពគ្នា​ផងដែរ​។ ក្រុម​ផលិត​ប្រមាណ​៣០​ភាគរយ​នៃ​ក្រុម​ផលិត​ប្រមាណ ២០០​ក្រុម មិន​ព្រម​ចូល​ជា​សមាជិក​សហគមន៍​ផលិត​ដូច​មុន​។ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរខេត្ត​ធ្លាប់បាន​ជួយ​សម្របសម្រួល​រួចហើយ តែ​អ្នក​ចាកចេញ​ទាំងនោះ​នៅតែ​នៅក្រៅ​សហគមន៍ ដែល​ធ្វើ​ឲ្យ​ស្ទើរតែ​ឈានដល់​ការរំសាយ​សហគមន៍​ចោល​។ បើតាម​លោក ប៊ុន បារាំង លោក​បាន​ស្ដាប់​ការណែនាំ​របស់​ក្រសួង ដោយ​មិនទាន់​រំសាយ ហើយ​រង់ចាំ​អ្នក​នៅក្រៅ​សហគមន៍ ចូលមក​វិញ តែ​ឆ្នាំនេះ​ការផលិត​ជួប​បញ្ហា ដូចនេះ​ការសង្ឃឹម​ចូល​សមាជិក​វិញ កាន់តែ​ពិបាក​៕
 

Tag:
 អំបិល​
  ប៊ុន បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com