អន្តរជាតិ
សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​អាមេរិក​ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ម្នាក់នេះ​
30, Apr 2019 , 10:19 pm        
រូបភាព
ដោយ: ធីតា
​យុវតី​ម្នាក់​ដែល​រស់នៅ​ក្រុង New Orleans រដ្ឋ Lousiana កំពុង​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​សហរដ្ឋអាមេរិក ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងនោះ ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​រូបនាង ដោយមាន​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។​


 
​ជាទូទៅ​សិស្ស​នៅ​អាមេរិក ពិបាក​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ​ឯកសារ និង​ស្វែងរក​ថវិកា​សម្រាប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប៉ុន្តែ​ចំពោះ Antoinette Love វិញ នាង​កំពុង​ពិបាកចិត្ត​មិនដឹង​ត្រូវ​ជ្រើស​រើសយក​គ្រឹះស្ថាន​មួយណា​ដើម្បី​បន្ត​ការសិក្សា​ក្នុងចំណោម​សកល​វិទ្យាល័យ​ចំនួន​១១៥ ដោយ​ភាគច្រើន​ត្រៀមខ្លួន​ផ្តល់​អាហារូបករណ៍​ដល់​នាង​។​
 
​យុវតី Antoinette កំពុង​រៀន​នៅ​វិទ្យាល័យ International High School of New Orleans​។ ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ នាង​ចង់​រៀន​ផ្នែក​អប់រំ ដោយសារ​ចង់​ក្លាយជា​គ្រូបង្រៀន​ម្នាក់​នាពេល​អនាគត​។ នេះ​បើតាម​ការរៀប​រាប់រប​ស់​អ្នកស្រី Yolanda Love ដែលជា​ម្តាយបង្កើត​របស់​នាង​។​


 
​អ្នកស្រី​បានបញ្ជាក់​ប្រាប់ NOLA.com ថា កូនស្រី​ខ្លួន បាន​ផ្ញើ​ឯកសារ​ទៅកាន់​បណ្តា​មហាវិទ្យាល័យ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​គ្រឹះស្ថាន​ទាំង​១១៥​សុទ្ធតែ​ផ្តល់​ចម្លើយ​វិជ្ជមាន ហើយ​ថែមទាំង​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​នាង​ភ្លាមៗ​ផងដែរ​។​
 
​សាកលវិទ្យាល័យ​ដំបូង បានផ្តល់​អាហារូបករណ៍​សិក្សា​សរុប​ដល់​នាង ៧២ ០០០​ដុល្លារ​អាមេរិក ហើយ​សាកលវិទ្យាល័យ​ផ្សេងទៀត បាន​សន្យា​ផ្តល់​ឲ្យ​ច្រើនជាង​នោះ​។ សាកលវិទ្យាល័យ​ទាំងនោះ ពិតជា​ចង់បាន Antoinette ទៅ​រៀន​នៅ​សាលា​ខ្លួន​ខ្លាំងណាស់​។​
 
Antoinette គឺជា​សិស្ស​ដ៏​ឆ្នើម​ម្នាក់​នៅ​សាលា ដោយ​នាង​ចូលរួម​ក្នុង​សហគមន៍​ជាច្រើន ជាពិសេស​វត្តមាន​ក្នុងការ​ប្រកួតប្រជែង​ធំៗ ដូចជា​គណិតវិទ្យា សំណេរ និង សំនួនវោហារ​សព្ទ​។ បន្ថែម​ពីលើ​នេះ នាង​ក៏មាន​ភាពល្អ​ឥតខ្ចោះ​ផ្នែក​គំនូរ​ផងដែរ​។​
 
​ឪពុកម្តាយ​របស់ Antoinette មិនបាន​រៀនសូត្រ​ជ្រៅជ្រះ​នោះឡើយ ហើយ​លោក Anthony និង​អ្នកស្រី Yolanda ក្លាយជា​ឪពុកម្តាយ​នៅពេល​អាយុ​ត្រឹម​១៧​ឆ្នាំ និង​១៥​ឆ្នាំ​ប៉ុណ្ណោះ​។ បើតាម​NOLA.com យុវតី Antoinette ជា​កូនច្បង​ក្នុង​គ្រួសារ​ដែលមាន​កូន​៥​នាក់​។ រាល់ថ្ងៃ​នាង​ក៏ត្រូវ​ជួយ​មើលថែទាំ​ប្អូនៗ​អាយុ​ចន្លោះ​ពី​៩ ទៅ​១៥​ឆ្នាំ​ផងដែរ ដែល​ក្នុងនោះ​មាន​ប្អូន​ម្នាក់​កើត​ជំងឺ​រលាក​សួត ដោយ​ត្រូវការ​ការថែទាំ​ជាពិសេស​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ Antoinette បាន​ជម្នះ​រាល់​ការលំបាក​ក្នុង​គ្រួសារ ហើយ​ខិតខំ​រៀនសូត្រ​រហូតដល់​ក្លាយជា​សិស្ស​ពូកែ​ប្រចាំ​សាលា​។ នាង​បាន​ទៅ​មើល​សាកលវិទ្យាល័យ​មួយចំនួន​ដោយផ្ទាល់​រួចហើយ មុននឹង​ឈានដល់​ការសម្រេចចិត្ត​ចុងក្រោយ​៕
 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com