ជាតិ
EDC៖ ទោះ​ខ្វះ​អគ្គិសនី ក៏​មិន​ផ្តាច់​នៅ​មន្ទីរពេទ្យ​ដែរ​
30, Apr 2019 , 5:49 pm        
រូបភាព
រូបភាពពីអគ្គិសនីកម្ពុជា
រូបភាពពីអគ្គិសនីកម្ពុជា
​ទោះបី​កម្ពុជា កំពុងស្ថិត​ក្នុងស្ថានភាព​ខ្វះ​ថាមពល​អគ្គិសនី​ក្តី តែ​អគ្គិសនី​កម្ពុជា (EDC) នៅតែ​ដាក់​កិច្ចការ​អាទិភាព​ច្បាស់លាស់ ក្នុងការ​ប្រតិ​ប​តិ្ត​ចែកចាយ​ថាមពល​អគ្គិសនី ចូលទៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃទី​២៩​មេសា ឆ្នាំ​២០១៩​។

 
​ពាក់ព័ន្ធ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​គិតថា អគ្គិសនី​កម្ពុជា ផ្ដាច់​ភ្លើង​នៅ​មន្ទីរពេទ្យ​។ អគ្គិសនី​ក​កម្ពុជា បាន​អះអាងថា ក្នុងករណីនេះ គឺជា​ឧបទ្ទវហេតុ ដោយសារ​ផ្ទុះ​ដាច់​ខ្សែកាប​បណ្ដាញ​តង់ស្យុង​មធ្យម​(MV) ក្រោម​ដី​ចេញពី​អនុ​ស្ថានីយ​ទី​៣ (GS3-F14A) ជាហេតុ​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ចូល​មន្ទីរពេទ្យ​ព្រះកុសុមៈ​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​។ 
 
«​ការរក្សា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ចូល​មន្ទីរពេទ្យ​ទាំងអស់ គឺជា​កិច្ចការ​អាទិភាព​ដែល​អគ្គិសនី​កម្ពុជា​បានដាក់​ចេញ​នូវ​ការណែនាំ​ច្បាស់លាស់​បំផុត​ក្នុង​ប្រតិបត្តិ​ការងារ​ចែកចាយ​ថាមពល​។ បើទោះបី ក្នុងពេល​វេលា​ដែល​ពុំមាន​ប្រភព​ថាមពល​ផ្គត់ផ្គង់​គ្រប់គ្រាន់​ក៏ដោយ ក៏​អគ្គស​នី​កម្ពុជា​ទុក​អាទិភាព​ផ្ដល់​ចរន្តអគ្គិសនី​ចូល​មន្ទីរពេទ្យ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គិសនី​កម្ពុជា​។ 
 
​ទន្ទឹមនឹងនេះ អគ្គិសនី​កម្ពុជា បានសម្រេច​ចូលរួម​វិនិយោគ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​ជិត​២៣​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​បន្ទាប់​ភ្លើង រួមជាមួយ​ការបំពាក់​បរិក្ខា​អគ្គិសនី​ចំ​បាច់​ក្នុង​ស្មារតី​រួមចំណែក​បង្កើន​ប្រសិទ្ធិភាព និង​ម៉ាស៊ីនភ្លើង​បម្រុង​១​គ្រឿង​។ ការចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​បែបនេះ គឺជា​ស្មារតី​រួមចំណែក​បង្កើន​ប្រសិទ្ធភាព និង​និរន្ត​ភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​។ អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩៕ 
 

Tag:
 អគ្គិ​ស​និក​ម្ពុ​ជា​
  ការផ្គត់ផ្គង់​
  ចរន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com