ពីនេះ ពីនោះ
«​អាម៉េរិក​» ត្រូវ​តាម​វចនានុក្រម តែ «​អាមេរិក​» ត្រូវ​តាម​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ទម្លាប់​
01, May 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
«​សហរដ្ឋ​អាម៉េរិក​», «​សហរដ្ឋ​អាម៉េរិគ​» ឬ​«​សហរដ្ឋអាមេរិក​» កំពុង​ក្លាយជា​ពាក្យ​ដែល​នាំ​ឲ្យ​មានការ​ជជែក​ដេញដោល​គ្នា​។ មតិ​ខ្លះ​សំដែង​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ រាជបណ្ឌិត្យសភា បាន​សរសេរ​ពាក្យ​នេះ ដោយមាន​សញ្ញា «​មូសិកទន្ត​» ឬ «​ធ្មេញកណ្តុរ​» ពីលើ​អក្សរ «​ម​» ខណៈ​ជាទូទៅ គេ​ច្រើន​សរសេរថា «​អាមេរិក​» ជំនួស​ពាក្យ «​អាម៉េរិក​» ឬ «​អាម៉េរិគ​»​។​

 
 នៅក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​អាម៉េរិក​» ឬ​«​អាម៉េរិគ​» ជា​ពាក្យ​ត្រឹមត្រូវ​។ វចនានុក្រម បាន​ពន្យល់​លំអិត​ថា អាម៉េរិក ជា​ឈ្មោះ​មហាទ្វីប​មួយ​ក្នុង​មនុស្សលោក នៅក្នុង​ចន្លោះ​លំហ​នៃ​មហាសមុទ្រ​អ​ត្ល​ង់​ទិ​គ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិគ […] ។ ជាតិ​មនុស្ស​អ្នក​មានពូជ​កំណើត​នៅក្នុង​ទ្វីប​អាម៉េរិគ​នោះ​, បុរស​ហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន (​បារ​. Américain, អ​. អាម៉េរិក័ន American), ស្ត្រី​ហៅ អាម៉េរិកែន (​បារ​. Américaine); ខ្មែរ​ច្រើន​ហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន ទាំង​បុរស​ទាំង​ស្ត្រី : ប្រុស​អាម៉េរិក័ង​, ស្រី​អាម៉េរិក័ង ។ 
 
​ដោយឡែក ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ កាលពី​ឆ្នាំ​២០០៩ បានអនុម័ត​ឈ្មោះ​ប្រទេស រាជធានី​/​រដ្ឋធានី សម្រាប់​ការសរសេរ​ផ្លូវការ​។ នៅ​លេខ​រៀង​ទី​១៧៣ United States of America ជា​ភាសា​អង់គ្លេស ឬ États-Unis d'Amérique ត្រូវ​បក​ជា​ខ្មែរ​ថា «​សហរដ្ឋអាមេរិក​»​។​
 
​តើ​ត្រូវ​សរសេរ​ដោយ​ផ្អែក​តាម​អ្វី​ជា​មូលដ្ឋាន​? តាមរយៈ​ខ្សែអាត់​សំឡេង​នៅក្នុង​កម្មវិធី​បកស្រាយ​អក្សរសាស្ត្រ​មួយ សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​ក៏បាន​លើកឡើង​ផងដែរ​ថា ពិតជា​ពិបាក​ណាស់​ក្នុងការ​កែប្រែ​នូវ​អ្វីដែល​មនុស្ស​សរសេរ​តាម​ទម្លាប់​។ សម្តេច​បាន​បញ្ជាក់ថា វចនានុក្រម​គឺជា​ក្បួនខ្នាត​តម្រូវ ប៉ុន្តែ​ពេលខ្លះ គេ​ក៏​មិនអាច​ប្រកែក​ចំពោះ​សំណេរ​តាម​ទម្លាប់​នោះដែរ​។​
 
​ពាក្យ​ដែល​គួរ​ឲ្យ​កត់សម្គាល់​មានដូចជា «​មោទកភាព​» ជា​ពាក្យ​ត្រឹមត្រូវ​តាម​វចនានុក្រម តែ​តាម​ទម្លាប់​គេ​សរសេរថា «​មោទនភាព​»​។ ក្រៅពីនោះ​មានដូចជា «​ប្រឌិត​» ជំនួស​ឲ្យ​ពាក្យ «​ប្រតិដ្ឋ​», «​ត្រសក់​» ជំនួស​ឲ្យ​ពាក្យ «​តាសក់​», «​សាឡាង​» ជំនួស​ឲ្យ​ពាក្យ «​ស្រឡាង​» ជាដើម​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com