ជាតិ
ពលរដ្ឋខ្មែរមួយចំនួនមិនជឿថា ត្រីបបែលយក្សទឹកសាបធំជាងគេលើលោក មានវត្តមាននៅក្នុងប្រទេសខ្លួន ត្រីបបែលយក្ស។ រូបភាព៖ Courtesy Zeb Hogan
× នៅទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តត្រចេះ ស្ទឹងត្រែង និងរតនគិរី នាពេលបច្ចុប្បន្ននេះ មានប្រភេទត្រីបបែលយក្សទឹកសាបដ៏ធំជាងគេលើពិភពលោកកំពុងរស់នៅ។ ប្រជាជនកម្ពុជាមួយចំនួនធំ ពិតជាមិនធ្លាប់បានឃើញ មិនស្គាល់ និងមិនគួរឲ្យជឿថា វាពិតជាមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះឡើយ។ ខាងក្រោមនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំឲ្យស្គាល់ត្រីបបែលយក្សមួយប្រភេទ ដែលមានទំហំខ្លួនធំ និងមានទម្ងន់រហូតដល់រាប់រយគីឡូក្រាម។
ត្រីបបែលប្រភេទនេះ វាក៏មានរស់នៅតាមដងទន្លេធំៗ ដែលមានស្រទាប់ភក់ ឬខ្សាច់នៅបាតទន្លេ ដូចជានៅទន្លេចៅប្រាយ៉ា ក្នុងប្រទេសថៃ និងតាមដងទន្លេមេគង្គ ដែលតភ្ជាប់ទៅសមុទ្រ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (កម្ពុជា ឡាវ វៀតណាម និងថៃ)។
ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្ត្រ (Himantura polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray គឺជាត្រីបបែលទឹកសាបដ៏ធំបំផុតនៅក្នុងពិភពលោក។ វាមានទំហំដងខ្លួនអតិបរមា ២៤០ស.ម និងមានទម្ងន់អតិបរមា ៦០០គីឡូក្រាម។ វាស៊ីប្រភេទសត្វឥតឆ្អឹងខ្នង និងសត្វល្អិតជាអាហារ។
ត្រីបបែលយក្ស ហាក់បង្ហាញវត្តមានគួរឲ្យកត់សម្គាល់នៅទន្លេមេគង្គលើនាខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី ក្នុងប្រទេសកម្ពុជា ដែលអ្នកនេសាទតែងតែចាប់បានជារៀងរាល់ឆ្នាំ។ ប៉ុន្តែក៏មានរបាយការណ៍ថា ចំនួនត្រីបបែលយក្សមានការធ្លាក់ចុះពី៣០ ទៅ៥០ភាគរយ ក្នុងរយៈពេល២០-៣០ឆ្នាំចុងក្រោយនេះ។ ចំណែកនៅក្នុងបឹងទន្លេសាប និងទន្លេមេគង្គក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង បើតាមរបាយការណ៍របស់អ្នកនេសាទបានបង្ហាញថា មានការធ្លាក់ចុះពី៥០ ទៅ ៩០ភាគរយ ក្នុងរយៈពេល ២០-៣០ឆ្នាំចុងក្រោយនេះផងដែរ។
ត្រីបបែលយក្ស ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Endangered) ជាប្រភេទត្រីរងគ្រោះជិតផុតពូជក្នុងឆ្នាំ ២០១១។ ការនេសាទហួសកម្រិតពីអតីតកាល និងទៅអនាគត ការបាត់បង់ និងការប្រែប្រួលទីជម្រកដោយសារការសាងសង់ទំបន់វារិអគ្គិសនី ទំនងជាបញ្ហាអវិជ្ជមាន ដែលបន្តប៉ះពាល់ដល់ជីវិតមច្ឆាដែលមានខ្លួនធំ និងអាយុវែងប្រភេទនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com