ជាតិ
សង្គមជាតិ
មន្ត្រីព្រហ្មទណ្ឌមហាផ្ទៃ បាញ់៥គ្រាប់លើរថយន្តគេ, ទំនងស្រវឹង ហើយខឹងគេបើកយឺត
02, May 2019 , 12:20 pm        
រូបភាព
វរសេនីយ៍ទោ ដួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានដកកំាភ្លើងបាញ់ដល់ទៅ៥គ្រាប់ ទៅលើរថយន្ត Range Rover មួយ ដែលបណ្តាលឲ្យបែកកញ្ចក់រថយន្តនោះ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមដងផ្លូវ៣៦៣ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ)។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។



ម្ចាស់រថយន្ត Range Rover នោះ ឈ្មោះ ភូរិស្ស ស្តូរ៉ា់ន់។ នៅយប់ថ្ងៃកើតហេតុ រូបគេ បានស្ថិតក្នុងរថយន្តជាមួយភរិយា។

លោក អេម សារ៉ាវុធ អធិការខណ្ឌច្បារអំពៅ ប្រាប់សារព័ត៌មានថ្មីៗថា សំណុំរឿងរបស់លោក ដួង ណាគ្រី ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ លោក និយាយយ៉ាងខ្លីថា «ខ្ញុំ មិនអាចបញ្ជាក់អីបានទេ ព្រោះឥឡូវយើងបញ្ជូនទៅនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ទៅសួរខាងនុ៎ងទៅ»។

ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ទៅ Fresh News នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យចាត់ការលើលោក ដួង ណាគ្រី ទៅតាមវិន័យ។

លោក ភូរិស្ស ស្តូរ៉ាន់ ជាជនរងគ្រោះ ប្រាប់អ្នកកាសែតនៅក្នុងបរិវេណនៃអធិការដ្ឋានខណ្ឌច្បារអំពៅថា ជនបង្កឈ្មោះ ដួង ណាគ្រី បានបាញ់ទៅលើកញ្ចក់រថយន្តរបស់លោក រហូតធ្វើឲ្យភរិយារបស់លោកភ័យដល់សន្លប់។

លោក ភូរិស្ស ស្តូរ៉ាន់ រៀបរាប់ថា ពេលនោះ ភរិយារបស់លោក ងងុយគេង ហើយលោក ក៏បើករថយន្តយឺតៗ ដើម្បីរៀបចំឲ្យភរិយាគេង។ ពេលនោះ ក៏មានរថយន្ត Lexus 35០ ចុចស៊ីផ្លេពីក្រោយ ហើយម្ចាស់រថយន្តនោះ (លោក ដួង ណាគ្រី) ក៏ស្រែសួរលោកថា «អាអូន អ្ហែងទៅដេកអត់អ្ហា!»។ ទំនងជាខឹងនឹងលោក ភូរិស្ស ស្តូរ៉ាន់ បើកយឺតៗ ទើបលោក ដួង ណាគ្រី ស្រែកសួរបែបនេះ។

លោក ភូរិស្ស ស្តូរ៉ាន់ រៀបរាប់ទៀតថា បន្ទាប់មក លោក ដួង ណាគ្រី បន្តបើករថយន្តទៅកៀរនឹងរថយន្តរបស់លោកជាច្រើនដង រហូតទៅដល់មុខអធិការដ្ឋានខណ្ឌច្បាប់អំពៅ លោក ដួង ណាគ្រី ក៏ដកកាំភ្លើងបាញ់៥គ្រាប់ទៅលើរថយន្តរបស់លោក។

សារព័ត៌មានខ្លះ ផ្សាយថា ពេលនោះ លោក ដួង ណាគ្រី បើកបរក្នុងស្ថានភាពស្រវឹង៕

Tag:
 សន្តិសុខ
  ហិង្សា
  មន្រ្តីមហាផ្ទៃ
  អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com