ជាតិ
ជលផលខេត្តកំពង់ធំ ៖ ត្រីជាង២៥តោនងាប់ ដោយសារអាកាសធាតុ ត្រូវបានពលរដ្ឋធ្វើជាប្រហុក និងផ្អក រូបភាពពីលោក ប៉ែន វណ្ណរិទ្ធិ នាយខណ្ឌជលផលខេត្តកំពង់ធំ
× ត្រីជាច្រើនប្រភេទជាង២៥តោន បានងាប់ជាបន្តបន្ទាប់ ដោយសារអាកាសធាតុក្តៅ និងទឹករាក់ ស្ថិតនៅក្នុងតំបន់អភិរក្សបឹងទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ប៉ែន វណ្ណរិទ្ធិ នាយខណ្ឌជលផលខេត្តកំពង់ធំ បាននិយាយថា ការងាប់ត្រីនេះ បណ្ដាលមកពីទឹកក្នុងទន្លេមានកម្ពស់ទាប ហើយរងនូវភ្លៀងលាយឡំជាមួយខ្យល់ជិត៣ម៉ោង កាលពីថ្ងៃទី២៨មេសា ឆ្នាំ២០១៩។
លោក ប៉ែន វណ្ណរិទ្ធិ បានបញ្ជាក់ប្រាប់សារព័ត័មានថ្មី(Thmey Thmey) តាមទូរស័ព្ទថា «ការងាប់ត្រីនេះ ដោយសារអាការធាតុក្ដៅ ទឹកទន្លេរាក់ ហើយមានភ្លៀងធ្លាក់ខ្លាំងរួមជាមួយខ្យល់ ធ្វើឲ្យភក់ផុសឡើងលើ បណ្ដាលឲ្យពុលត្រី»។
បើតាមនាយខណ្ឌជលផលខេត្តកំពង់ធំ ទឹករាក់នោះ ត្រឹមតែ៣ទៅ៧តឹក ប៉ុណ្ណោះ ទើបធ្វើឲ្យត្រីងាប់ បូករួមនឹងការប្រែប្រួលអាកាសធាតុភ្លាមៗ ពីក្ដៅមកត្រជាក់ ដែលមានភ្លៀងធ្លាក់យ៉ាងគំហុកបង្កឲ្យត្រីងាប់។ ចំពោះត្រីដែលងាប់ក្នុងទន្លេ ត្រូវបានប្រជាពលរដ្ឋប្រមូលរើសយកធ្វើប្រហុក ផ្អក់ ឯត្រីដែលនៅរស់ ខាងអាជ្ញាធរនឹងរកគ្រប់វិធី ដើម្បីដោះស្រាយលើបញ្ហានេះ។
ត្រីដែលងាប់ មានត្រីរៀល១២តោន, ត្រីច្រកែង៣តោន, ត្រីឆ្ពិន៣តោន, ត្រីសណ្ដាយ២តោន, ត្រីឆ្លាំង២តោន, ត្រីខ្មាន់២តោន, ត្រីតាឱន១តោន និងកែសកន្លះតោន។ នេះបើតាមលោក ប៉ែន វណ្ណរិទ្ធិ៕
© រក្សាសិទ្ធិដោយ thmeythmey.com