អន្តរជាតិ
ហេតុអ្វី​លោក អា​បេ អន្ទះសា​ចង់​ជួប​លោក គីម ជុង​អ៊ុន​?
02, May 2019 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ហាក់​អន្ទះសា​យ៉ាងខ្លាំង​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជជែក​គ្នា​ទំនាក់ទំនង​ទ្វេភាគី​។ ក្នុងចំណោម​មេដឹកនាំ​ប្រទេស​នៃ​តុ​ចរចា​៦​ភាគី មានតែ​នាយករដ្ឋមន្ត្រី​ជប៉ុន​ប៉ុណ្ណោះ​ដែល​មិន​ជួបចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។ ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ថ្ងៃទី​១ ខែឧសភា លោក អា​បេ ប្រកាស​ចង់​មាន​ជំនួប​ជាមួយ​លោក គីម ជុង​អ៊ុន ដោយ​គ្មាន​ការដាក់​លក្ខខណ្ឌ​អ្វី​ឡើយ​។

 
​មេដឹកនាំ​ចិន អាមេរិក កូរ៉េខាងត្បូង និង​រុស្ស៊ី សុទ្ធតែ​បាន​ជួប​មេ​ដឹក​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន រួចហើយ​នៅឡើយ​តែ​នាយករដ្ឋមន្ត្រី​ជប៉ុន​ប៉ុណ្ណោះ​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ជួប​លោក គីម ញឹក​ជាងគេ គឺ​ដល់​ទៅ​បួន​ដង ខណៈ​ប្រធានាធិបតី​កូរ៉េខាងត្បូង ជួប​លោក គីម បាន​បី​ដង​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជួបចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ចំនួន​ពីរដង ឯ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ទើប​ជួប​លោក គីម បាន​ម្ដង​កាលពី​សប្ដាហ៍​មុន​។ 
 
​ជា​ញឹកញយ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ តែង​បង្ហាញ​ជំហរ​ជួប​លោក គីម ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ប៉ុន្តែ​គេ​មិនឃើញ​មាន​គម្រោង​រៀបចំ​ជំនួប​អ្វី​ឡើយ​។ នៅ​ថ្ងៃទី​១ ខែឧសភា លោក អា​បេ ក៏​បោះដៃ​ទៅរក​កូរ៉េខាងជើង​មុន​ជាថ្មីទៀត​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត Sankei Shimbun ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​រូបនេះ​និយាយថា លោក​ចង់​ជួប​លោក គីម ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ ហើយ​ជជែក​ដោយ​គ្មាន​ការលាក់លៀម និង​ដោយ​ចំហ​។​
 
«​វា​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ទាំងពីរ​ក្នុង​ការធ្វើសកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា​។​» នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ដែល​បន្តថា ជប៉ុន និង​កូរ៉េខាងជើង​មិនអាច​បំបែក​ភាពមិន​ទុក​គ្នា​បានឡើយ បើ​លោក​មិន​ជួបចរចា​ដោយផ្ទាល់​ជាមួយ​លោក គីម ដែល​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង​នោះ​។ លោក អា​បេ សង្ឃឹម​ដែរ​ថា មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង មនុស្ស​ដែល​អាច​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ និង​បត់បែន​ដើម្បី​ប្រយោជន៍​ប្រទេស​ខ្លួន​។​
 
​ដោយសារ​មើលឃើញថា ជប៉ុន​ហាក់​នៅក្រៅ​សង្វៀន​នៃ​ដំណើរ​ការទូត​របស់​កូរ៉េខាងជើង លោក អា​បេ ទំនងជា​ចង់​ឲ្យ​ប្រទេស​លោក​រក្សា​តួនាទី​ក្នុង​សំណុំរឿង​ប្រចាំ​អាស៊ី​បូព៌ា​នេះ​បន្តទៀត​។ តាមពិតទៅ ជប៉ុន ជា​ប្រទេស​ដែល​រិះគន់​កូរ៉េខាងជើង​ខ្លាំងជាងគេ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ ព្រោះ​ជប៉ុន​តែង​រង​ការគំរាមកំហែង​វាយប្រហារ​ដោយ​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង​ជា​ញឹកញយ​។ ប៉ុន្តែ​បញ្ហា​ធំ​ដែល​រាំងស្ទះ​ទំនាក់ទំនង​ទ្វេភាគី គឺ​ការចាប់​ជំរិត​ជនជាតិ​ជប៉ុន​។​
 
​ទីក្រុង​ជឿថា ភ្នា​ក់​សម្ងាត់​កូរ៉េខាងជើង​បាន​ចាប់ពង្រត់​ជនជាតិ​ជប៉ុន​ដើម្បី​ភាសា​ជប៉ុន​ដល់​ក្រុម​ចារកម្ម​របស់​ពួកគេ​អំឡុង​ទសវត្សរ៍​ទី​៧០ និង​ទី​៨០ ។ ជាច្រើន​ឆ្នាំ​បន្ទាប់ពី​ការបដិសេធ​ដាច់​ណាត់ នៅ​ឆ្នាំ​២០០២ ក្រុង​ព្យុងយ៉ាង​ក៏បាន​សារភាពថា ខ្លួន​ចាប់​ជនជាតិ​ជប៉ុន​ចំនួន​១៣​នាក់ ដោយ​ជនជាតិ​ជប៉ុន​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន ត្រូវបាន​ដោះលែង​វិញ ឯ​៨​នាក់​ទៀត បាន​ស្លាប់​ទៅហើយ​៕   

Tag:
 ជប៉ុន​
  កូរ៉េខាងជើង​
  ស៊ិន​ហ្សូ អា​បេ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com