អន្តរជាតិ
ដើមឆ្នាំ​២០១៩​នេះ អ្នកកាសែត​១១​នាក់​ត្រូវបាន​សម្លាប់ និង​ជិត​៣៥០​នាក់​ជាប់ឃុំ​
03, May 2019 , 7:29 am        
រូបភាព
ដោយ: រួបរួម
​បើ​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩ អ្នកកាសែត​ចំនួន​១១​នាក់​ត្រូវបាន​សម្លាប់ និង​សរុប​៣៤១​នាក់​រង​ការចោទប្រកាន់ និង​ជាប់ពន្ធនាគារ​។ នេះ​បើតាម​យោង​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) ដោយ​អះអាង​របាយការណ៍​រប​ស់​ខ្លួន មិនបាន​ភ្ជាប់​ករណី​អ្នកកាសែត​ស្លាប់ ឬ​ជាប់ឃុំ ដែល​មិន​ពាក់ព័ន្ធ​នឹង​ការងារ​ខ្លួន​នោះឡើយ​។​

 
​របាយការណ៍​បាន​បង្ហាញថា ត្រឹម​ដើមឆ្នាំ​២០១៩​នេះ មាន​អ្នកកាសែត​១០​នាក់ ត្រូវបាន​សម្លាប់​ក្នុងនោះ​មាន​កាសែត​អាជីព​៨​នាក់ អ្នកកាសែត​ពលរដ្ឋ (Citizens Journalists) ១​នាក់ និង​ជំនួយការ​សារព័ត៌មាន (Media Assistants) ១​នាក់​។ ក្នុងចំណោម​អ្នកកាសែត​អាជីព​ទាំង​៨​នាក់​ដែល​ត្រូវបាន​សម្លាប់ មាន​៣​រូប​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ម៉ិ​ក​ស៊ិ​ក​៣​រូប ហ្គា​ណា​១​រូប អង់គ្លេស​១​រូប និង​លី​ប៊ី​១​រូប​។ អ្នកកាសែត​ពលរដ្ឋ​ដែល​បាន​ស្លាប់​១​នាក់ ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រីឯ​ជំនួយការ​សារព័ត៌មាន ជា​ជនជាតិ​អឺ​រ៉ា​ក់​។​
 
​ទាក់ទង​នឹង​ការឃុំ​ឃាំង អ្នកកាសែត​មាន​ចំនួន​សរុប​៣៤១​នាក់ ដោយ​១៧៤​នាក់ ជា​អ្នកកាសែត​អាជីព ១៥០​នាក់​ជា​អ្នកកាសែត​ពលរដ្ឋ និង​១៧​នាក់​ជា​ជំនួយការ​សារព័ត៌មាន​។ អ្នកកាសែត​នៅ​ប្រទេស​ចំនួន​៣២​ស្ថិត​ចំណោម​អ្នកកាសែត​អាជីព​១៧៤​នាក់​ដែល​ជាប់ឃុំ និង​រង​ការចោទប្រកាន់ ដោយ​តួ​ក​គី​មាន​រហូតដល់​ទៅ​៣៥​នាក់ អា​រ៉ា​ប៊ី​សា​អូឌីត មាន​២៣​នាក់ អា​ហ្ស៊ី​ប​មាន​២៣​នាក់ ចិន​១៤​នាក់ អេ​រី​ត្រេ​មាន​១១​នាក់ និង​បា​រ៉ែ​ន​មាន​៩​នាក់​។​
 
​លោក អួន ឈិន និង​យាង សុធារិន ហៅ សុជា មេត្តា អតីត​បុ​គ្គិ​លិ​ក​អាស៊ីសេរី ក៏​ត្រូវបាន​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) ដាក់​ក្នុង​បញ្ជី​អ្នកកាសែត​ជាប់ឃុំ​ផងដែរ បើទោះបីជា​ពួកលោក​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃ​ស តាំងពី​ខែសីហា ឆ្នាំ​២០១៨ ក៏ដោយ​។ បច្ចុប្បន្ន​តុលាការ​មិនទាន់​ទម្លាក់​បទចោទប្រកាន់​លើ​អ្នក​ទាំងពីរ​ពីបទ​ផ្ដល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែលនាំឱ្យ​អន្តរាយ​ដល់​ការការពារ​ជាតិ​នោះឡើយ​។​
 
​នៅ​តំបន់​អាស៊ាន ក្រៅពី​អតីត​អ្នកកាសែត​កម្ពុជា​ពីរ​នាក់​ដែល​មិនទាន់រួច​ផុតពី​ការចោទប្រកាន់​នោះ មាន​មី​យ៉ាន់​ម៉ា​៤​នាក់ ឡាវ ថៃ និង​វៀតណាម មាន​១​នាក់​រៀងៗ​ខ្លួន​។​
 
​ក្នុងចំណោម​អ្នកកាសែត​ពលរដ្ឋ​ដែល​ជាប់ឃុំ​ចំនួន​១៥០​នាក់​នៅ​១៦​ប្រទេស ចិន​មាន​រហូតដល់​ទៅ​៥០​នាក់ វៀតណាម​២៩​នាក់ អ៊ីរ៉ង់​១៨​នាក់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​មាន ១៤​នាក់​។ រីឯ​ជំនួយការ​សារព័ត៌មាន​ដែល​ជាប់ឃុំ​១៧​នាក់​នោះ មាននៅ​៨​ប្រទេស ដោយនៅ​អេ​រី​ត្រេ ៤​នាក់ ម៉ា​រ៉ុ​ក និង​ភាគ​ខាងលិច​តំបន់​សាហា​រ៉ា មាន​៣​នាក់ ស៊ី​រី​២​នាក់ មី​យ៉ាន់​ម៉ា ២​នាក់  អេ​ហ្ស៊ី​ប​២​នាក់ តួ​ក​គី និង​កូរ៉េខាងជើង មាន​១​នាក់​រៀងៗ​ខ្លួន​៕

Tag:
 អ្នកកាសែត​
  សេរីភាព​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com