ថ្ងៃមុខ តុលាការកម្ពុជា នឹងបើកសវនាការតាម Online ដោយមិនបាច់ជួបគ្នាផ្ទាល់
ជាតិ
សង្គមជាតិ
ថ្ងៃមុខ តុលាការកម្ពុជា នឹងបើកសវនាការតាម Online ដោយមិនបាច់ជួបគ្នាផ្ទាល់
02, May 2019 , 5:24 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
ភ្នំពេញ៖ នាពេលអនាគត តុលាការកម្ពុជា នឹងអាចបើកសវនាការតាមប្រព័ន្ធអនឡាញ (Online) ដែលហៅថា E-Case Hearing។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់អ្នកកាសែតបែបនេះ ក្រោយបញ្ចប់ជំនួបរវាងលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។



លោក ជិន ម៉ាលីន អះអាងថា វា ជាទិសដៅនិងជាទស្សនវិស័យរបស់ក្រសួងយុត្តិធម៌ ក្នុងការធ្វើទំនើបកម្មនិងការអភិវឌ្ឍវិស័យយុត្តិធម៌នៅកម្ពុជា តាមរយៈការប្រើប្រព័ន្ធបច្ចេកវិទ្យា។

សូមស្តាប់ការពន្យល់របស់លោក ជិន ម៉ាលីន



អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា ការបើកសវនាការតាម Online នេះ គឺជាការបើកសវនាការមួយ ដែលគ្រប់ភាគីទាំងអស់ ដូចជា ចៅក្រម ព្រះរាជអាជ្ញា មេធាវី និង កូនក្តី ជាដើម មិនចាំបាច់ ទៅជួបមុខគ្នាក្នុងបន្ទប់វសនាការនោះទេ។ លោក ពន្យល់បែបនេះថា «ពួកគាត់ នៅទីណាក៏បានដែរ។ ពួកគាត់ អាចមើលមុខគ្នា និងឆ្លើយឆ្លងគ្នា បានការតភ្ជាប់ប្រព័ន្ធវីដេអូ ដែលហៅថា Video Conference»។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ ពុំបានអាចបញ្ជាក់បានទេថា ប៉ុន្មានឆ្នាំទៀត ឬពេលណា ទើបកម្ពុជា អាចឈានដល់កម្រិតនេះ។ លោក និយាយយ៉ាងដូច្នេះថា «នៅវែងឆ្ងាយណាស់ ព្រោះយើងនៅខ្វះធនធាន។ សូម្បីអ៊ីនធឺណិត ក៏យើងមិនទាន់មានប្រើទូទាំងប្រទេសផង ហើយម្យ៉ាងទៀត ប្រជាពលរដ្ឋយើង ក៏មិនទាន់ចេះប្រើអ៊ីនធឺណិតគ្រប់គ្នាដែរ»។

អ្នកនាំពាក្យ បន្ថែមថា សព្វថ្ងៃ នៅក្នុងតំបន់អាស៊ាន មានប្រទេសសិង្ហបុរី ដែលឈានដល់កម្រិតនេះ ដោយបើកសវនាការតាម Online។ លោក លើកឡើងយ៉ាងដូច្នេះថា «ប្រទេសរីកចម្រើនផ្សេងៗ ដូចជាបារាំង គេធ្វើបាន តែយើងយកប្រទេសជិតៗយើង ដូចជាសិង្ហបុរីហ្នឹង ធ្វើជាមេរៀន ទៅមើលឯណាឆ្ងាយធ្វើអី»។ 

លោក សុក សំអឿន មេធាវីម្នាក់ដែលមានបទពិសោធច្រើនឆ្នាំលើវិស័យច្បាប់ មើលឃើញថា ការបង្កើតសវនាការ Online ដូចជាមិនពិបាកឡើយ ប្រសិនបើក្រសួងយុត្តិធម៌ឬតុលាការ ចង់បង្កើតមែន។ លោក ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា «បើចង់ធ្វើ មានអីពិបាក ធ្វើស្អែកហ្នឹងក៏បានដែរ ដូចនៅហ្វីលីពីន និង ថៃ គេមានតើ»។

លោកមេធាវី លើកឡើងថា ជាទូទៅ សវនាការ Online ត្រូវបានរៀបចំឡើងសម្រាប់សាក្សី។ លោក ពន្យល់ថា «ដូចជាបទឃាតកម្មអីជាដើម សាក្សី មិនហ៊ានទៅសវនាការ ព្រោះភ័យខ្លាច  អ៊ីចឹងគេ បើកសវនាការ  Online នេះ ដើម្បីឲ្យគាត់ និយាយពីកន្លែងឬបន្ទប់ផ្សេងមក»។ 

បច្ចុប្បន្ន តុលាការកម្ពុជា បានជោគជ័យលើគម្រោងនៃការចុះបញ្ចីសំណុំរឿងនិងការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធកំព្យូរហើយ ដែលហៅថា E-Case Registration និង E-Case Management៕

© រក្សាសិទ្ធិដោយ thmeythmey.com