ONE Championship
កីឡាជាតិ
ជាតិ
កុំ​ភ្លេច​! ចាន់ រតនា ត្រូវ​តទល់​ជាមួយ Agustian នៅ​សង្វៀន ONE ល្ងាច​នេះ
03, May 2019 , 2:46 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី   

​អ្នកគាំទ្រ​នៅ​កម្ពុជា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​រាល់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ព័ត៌មាន​អន​ឡាញ ទូរទស្សន៍ និង កាសែត​មុន​ការប្រកួត​រវាង​ជើង​ខ្លាំង Rudy Agustian និង ខ្ញី​ចាស់ ចាន់ រតនា នៅលើ​សង្វៀន ONE: FOR HONOR នៅ​ថ្ងៃទី​៣ ខែឧសភា​នេះ នា​រដ្ឋធានី ហ្សា​ការ​តា  ឥណ្ឌូណេស៊ី​។ ទន្ទឹមគ្នានេះ ជើង​ខ្លាំង​ទាំងពីរ​មាន​ចំណុច​ខ្លះ​ប្រហាក់ប្រហែលគ្នា ដែល​អ្នកតាមដាន​មិនទាន់​ដឹង​ដូចខាងក្រោម​។​


 
​ដ្បិត​មិនដែល​ជួបគ្នា​ពីមុនមក ប៉ុន្តែ Rudy Agustian   និង ចាន់ រតនា មានបទពិសោធន៍​លើស​ង្វៀន ONE  ប្រហាក់ប្រហែលគ្នា​។ គូប្រកួត​ទាំងពីរ​នេះ​មាន​អាយុ​ដំណាលគ្នា​គឺ ៣៣ ឆ្នាំ​។ Rudy  មានឈ្មោះ​ក្រៅ​ថា «The Golden Boy» ជា​តារា​ប្រចាំ​សង្វៀន​កម្រិត​ពិភពលោក​នេះ​ពី​ឆ្នាំ ២០១៦ មក ដែល​លើង​វ៉ៃ​បាន ៦ ដង​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ១​ដង​។ បរាជ័យ​របស់ Rudy  ក្រោយ​ថ្វីដៃ​របស់ មិត្ត​រួម​ជាតិ Rengga Raphael Richard កាល​ចុងឆ្នាំ ២០១៦ និង​ជា​ប្រកួត​លើក​ទី​២​របស់ខ្លួន​លើស​ង្វៀន​ដដែល​នេះ​។ ក្នុងការ​ប្រកួត​ចុងក្រោយ​វិញ Rudy បាន​យកឈ្នះ​កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ ត្រឹមតែ​ទឹក​ទី​១ ប៉ុណ្ណោះ​ដោយ​ប្រើ​ក្បាច់​បោក​ហើយ​កាច់​ចូល​ឃ្លេ​។ 
 
​ងាក​មកកាន់​តារា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន ពោល​ឡើង​ប្រឡូក​លើ​រេញ ONE  បាន​ចំនួន ៧ ដង (​បើ​គិត​វ៉ៃ​ក្នុងស្រុក​ទៀត​បាន ៨​ដង​) តាំងពី​ឆ្នាំ ២០១៤ មក ហើយ​គេ​ជា​តារា​ប្រចាំ​សង្វៀន​អន្តរជាតិ​នេះ​ដូចគ្នា​។ ក្នុងការ​ប្រកួត ៧ ដង​លើស​ង្វៀន ONE Championship រតនា ឈ្នះ​ចំនួន ៤ ដង និង ចាញ់ ៣ ដង​។ ក្នុងការ​ប្រកួត​លើង​ចុងក្រោយ កីឡាករ​អាយុ ៣៣ ឆ្នាំ​តំណាង​ឲ្យ​កម្ពុជា វ៉ៃ​កីឡាករ​ឥណ្ឌូណេស៊ី  Abrou Fernandes ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ កាល​ខែ ធ្នូ ចុងឆ្នាំ ២០១៨​។ នេះ​វា​ដូចជា​ការ​ឈ្នះ ប្ដូរ​គ្នា ព្រោះ រតនា ឈ្នះ កីឡាករ​ឥណ្ឌូណេស៊ី ខណៈដែល​គូប្រកួត Rudy  ឈ្នះ​កីឡាករ ខុន ស៊ី​ចាន់ របស់​កម្ពុជា​។​
 
​មុនពេល​ធ្វើដំណើរ​ទៅ​ប្រទេស ឥណ្ឌូណេស៊ី​នាពេល​ថ្មីៗ​នេះ​ដើម្បី​ត្រៀម​ការប្រកួត អ្នកលេង​គុន​ចម្រុះ​ដ៏​លេចធ្លោ​នៅ​កម្ពុជា​បាន​បង្ហើប​អំពី​ជំហរ​រឹងប៉ឹង​ថា ៖«  ខ្ញុំ​បាន​មើល​វីដេអូ​គេ​ប្រកួត​ហើយ ។ ក្រៅពី​កម្លាំង​ខ្លាំង ឬ ស៊ុ​ហ្វ របស់គាត់​ខ្លាំង ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់គាត់​ទេ​ព្រោះ​ខ្ញុំ​បាន​ហ្វឹកហាត់​ត្រៀម​ច្រើន​ខែ​មកហើយ​។ ខ្ញុំ​បាន​ហាត់​ត្រៀម​ទប់ទល់​គាត់​យូរហើយ ព្រោះ​កាល​ហ្នឹង​គេ​ចាប់​គូ​ឲ្យ​វ៉ៃ​ជាមួយ​គាត់ កាល​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​ត្រូវ​ខកខាន​វិញ​។ ឥឡូវ​ទើប​យើង​គេ​ដាក់​ឲ្យ​ជួបគ្នា ជាថ្មី ដូច្នេះ ការត្រៀម​របស់ខ្ញុំ​មិន​ផ្លាស់ប្ដូរ​ទេ​»​។​
 
​ជាមួយគ្នា​នោះ​លោក Alan Mccune ដែលជា​អ្នកជំនាញ MMA និង​បង្ហាត់​សិស្ស​តាំងពី​ឆ្នាំ ១៩៩៦ មក​នោះបាន​វិភាគ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ៖« កន្លងទៅ Rudy មាន​ក្បាច់​ល្អ​ដោយ​ចូល​កៀក ដែល​ប្រើ​កម្លាំង​បោក ស៊ី​ចាន់ ផ្ដួល​លើ​រេញ​ហើយ​ឃ្លេ​យកឈ្នះ​តែម្ដង​។ ប៉ុន្តែ ចាន់ រតនា បម្លាស់​ទី​រហ័ស និង ចេញ​ក្បាច់គុន​ប្រើ​ជំហរ​បានល្អ​ជាង Rudy ។ ក្នុងករណី  Rudy ចាប់​បោក​បាន​ច្បាស់​ជា​ឆាប់​អស់កម្លាំង​មិន​ខាន ព្រោះ រតនា ក៏​បញ្ចុះ​គីឡូ​ខ្លះ​ដែរ ដូច កាល ស៊ី​ចាន់ បញ្ចុះ​គីឡូ​រហូតដល់ ៦ គីឡូ មុន​ជួប Rudy អីចឹង​»​។ បែបណា​ក្ដី​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ ជឿជាក់​លើ ចាន់ រតនា ថា​នឹង​ទទួលបាន​លទ្ធផល​ល្អ បន្ទាប់ពី​បាន​ហ្វឹកហាត់​ខ្លាំងក្លា​ជាមួយ​គ្រូបង្វឹក​របស់គេ​នៅ​ក្លឹប «​សិល្បៈ​»​។ 
 
​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ ក្រៅពី​គូ Rudy Agustian និង​កីឡាករ​ជើងចាស់ ចាន់ រតនា  ប៉ុន្តែ​ថែមទាំង​មាន​កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ ក៏ត្រូវ​តតាំង​នឹង កីឡាការិនី​ម្ចាស់ផ្ទះ Priscilla  Hertati Lumban Gaol  ផងដែរ​នៅ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី ៣ ខែ ឧសភា នោះ​នៅ​រដ្ឋធានី ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​៕  

Tag:
 ​ចាន់ រតនា​
  Agustian
© រក្សាសិទ្ធិដោយ thmeythmey.com