ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចនាយក​៖ អ៊ំ ឡេ ឌឹ​ក​អា​ញ់ និង​ប្រជាជន​វៀតណាម ជួយ​ប្រជាជន​ខ្មែរ​ច្រើនណាស់​
03, May 2019 , 3:48 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា សរសេរសារក្នុងសៀវភៅក្រាំងមាស ពេលចូលទៅគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម នៅក្នុងទីក្រុងហាណូយ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩
នាយករដ្ឋមន្រ្តីកម្ពុជា សរសេរសារក្នុងសៀវភៅក្រាំងមាស ពេលចូលទៅគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម នៅក្នុងទីក្រុងហាណូយ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​នៅក្នុង​សៀវភៅ​ក្រាំងមាស ពេល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រ​ធានា​ធីប​តី​វៀតណាម ដែល​ទើបនឹង​ទទួលមរណភាព​នាពេល​ថ្មីៗ​នេះ​។ សារ​ក្នុង​សៀវភៅ​ក្រាំងមាស​នោះ ត្រូវបាន​ថត​យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច ហ៊ុន សែន​។


 
​ក្នុង​សារ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បានបង្ហាញ​ក្តី​អាឡោះអាល័យ​ចំពោះ​មរណភាព​របស់លោក ឡេ ឌឹ​ក​អា​ញ់ ហើយ​បាន​រៀបរាប់​ជាច្រើន​អំពី​ទំនាក់​ទង​ដ៏​ល្អ​ជាមួយ​លោក ឡេ ឌឹ​ក​អា​ញ់ ក្នុង​អតីតកាល និង​បាន​រំលេច​គុណបំណាច់​របស់លោក ដែល​ធ្លាប់ជួយ​សម្តេច​ផ្ទាល់ រួមទាំង​ប្រជាជន​កម្ពុជា​។ ឃ្លា​មួយ​របស់​សម្តេច នៅក្នុង​សៀវភៅ​ក្រាំងមាស បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​តាំងពី​បាន​ជួបគ្នា​លើកដំបូង​នា​ដើមឆ្នាំ​១៩៧៨ នៅ​មន្ទីរពេទ្យ ថុង​ញិ​ត ក្រុង​ហូជីមិញ រហូតមកដល់​ពេលនេះ រូប​អ៊ំ​ផ្ទាល់​រួមជាមួយ​កងទ័ព និង ប្រជាជន​វៀតណាម បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​ច្រើនណាស់​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា រម្លឹកថា កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​កសាងឡើង ក្រោម​ការជួយឧបត្ថម្ភ​ផ្ទា​ល់ពី​សំណាក់​លោក ឡេ ឌឹ​ក​អា​ញ់ ដោយពេល​នោះ លោក ឡេ ឌឹ​ក​អា​ញ់ ធ្វើជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្តថា ការរំដោះ​ប្រជាជន​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​នេះ និង​ការកសាង​កម្ពុជា​ឡើងវិញ ជាពិសេស​ការរីក​ធំធាត់ នៃ​កងទ័ព​កម្ពុជា សុទ្ធតែ​មានការ​រួមចំណែក​របស់លោក ឡេ ឌឹ​ក​អា​ញ់​។ 
 
​មេ​ដឹក​នាម​កម្ពុជា បានបង្ហាញ​ពី​ទឹកចិត្ត និង​ការ​ជ្រោមជ្រែង​របស់លោក ឡេ ឌឹ​ក​អា​ញ់ នៅក្នុង​សំណេរ​បែបនេះ​ថា «[....] តាំងពី​ពេល​ស្គាល់គ្នា​រហូតមក​ដល់ពេល​បែក​គ្នា លោក​អ៊ំ តែង​យកចិត្តទុកដាក់​ដល់​រូបខ្ញុំ ភរិយា និង​កូនៗ របស់ខ្ញុំ ដូច​ឪពុក និង​កូន ជីតា និង​ចៅ​។ ខ្ញុំ នៅចាំ​បាន​ថា នៅក្នុង​គ្រា​ដែល​ខ្ញុំ លំបាក​បំផុត ពេល​កសាង​កងទ័ព​ដំបូង លោក​អ៊ំ បានផ្តល់​ការឧបត្ថម្ភ​គ្រប់យ៉ាង ដើម្បី​ឲ្យ​កងទ័ព​កម្ពុជា បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​។ លោក​អ៊ំ មិន​ពិសា​បារី​ទេ តែ​លោក​អ៊ំ​មិន​ភ្លេច​ផ្ញើ​បារី​ឲ្យ​ខ្ញុំ ដោយសារ​អ៊ំ​ដឹងថា ខ្ញុំ​ជា​អ្នក​ជក់បារី​ច្រើន​។ លោក​អ៊ំ តែង​ផ្តល់យោបល់​ឲ្យ​ខ្ញុំ​ថែ​សុខភាព​»​។  
 
​មុន​បញ្ចប់​សំណេរ មេដឹកនាំ​កម្ពុជា បាន​សរសើរ​និង​លើកតម្កើងលោក ឡេ ឌឹ​ក​អា​ញ់ យ៉ាងខ្លាំង​ថា «​ក្នុងឋានៈ​ជា​អ្នកនយោបាយ និង​ជា​មេបញ្ជាការ​កងទ័ព​មួយរូប ខ្ញុំ​បានចាត់ទុក​លោក​អ៊ំ ជា​អ្នក​កំពូល​យុទ្ធសាស្ត្រ​លើ​ផ្នែក​យោធា និង​នយោបាយ ដែល​ខ្ញុំ​ពុំទាន់​ជួប​មនុស្ស​ផ្សេងទៀត នៅតាម​ប្រទេស​នានា​នៅឡើយ​»​។ 
 
«​សូម​គោរព​លា និង​ជូន​ដំណើរ​លោក​អ៊ំ ដោយ​ក្តី​អាឡោះអាល័យ​ជាមួយនឹង​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​»​។ នេះ​ជា​ឃ្លា​ចុងក្រោយ​នៃ​សំណេរ​របស់​មេដឹកនាំ​កម្ពុជា​។
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​គណៈប្រតិភូ បាន​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ក្រោយ​គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ឌឹ​ក​អា​ញ់​។ អតីត​ប្រធានាធិបតី​វៀតណាម​រូបនេះ ទទួលមរណភាព នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩៕ 
 

Tag:
 ហ៊ុន សែន​
  ឡេ ឌឹ​ក​អា​ញ់​
  កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com