ជាតិ
ទោះ​រអា​នឹង​ការ​គំរាម កាន់ វិច្ឆិកា នៅតែ​ធ្វើជា​អ្នកកាសែត ដើម្បី​ផ្តល់​សង្ឃឹម​ដល់​អ្នក​គ្មាន​សំឡេង​
03, May 2019 , 8:39 pm        
រូបភាព
ដោយ៖  រ៉ឹ​ម ភា​រី 

​ភ្នំពេញ​៖ បច្ចុប្បន្ន មាន​ស្ត្រី​ជាច្រើន​បានធ្វើការ​នៅក្នុង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា ប៉ុន្តែ មាន​ស្ត្រី​តិចតួច​ណាស់ ដែល​ឈរ​ក្នុង​តំណែង​ជា​អ្នកយកព័ត៌មាន​លើ​ប្រធានបទ​រសើបៗ​។ កញ្ញា កាន់ វិច្ឆិកា ជា​អ្ន​កាសែត​ស្ត្រី​វ័យក្មេង និង​សកម្ម​មួយរូប ដែល​តែងតែ​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រធានបទ នយោបាយ សិទ្ធិមនុស្ស និង​រឿងរ៉ាវ​ជម្លោះដីធ្លី​នៅ​កម្ពុជា​។ តើ​ហេតុអ្វី​បានជា​វិច្ឆិកា​ចាប់​អាជីព​អ្នកសារព័ត៌មាន​? តើ​អ្វីដែល​ជំរុញ​ឲ្យ​ស្ត្រី​រូបនេះ តែងតែ​យក​ព័ត៌មាន​លើ​ប្រធានបទ​ក្តៅដូច្នេះ?



​ពលរដ្ឋ​ទូទៅ​តែងតែ​ឃើញ កញ្ញា កាន់ វិច្ឆិកា កាន់​ក្បាល​មេក្រូ​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​រឿង​នយោបាយ រឿង​ក្តីក្តាំ​នៅមុខ​តុលាការ ទំនាស់​ដីធ្លី និង​កន្លែង​ធ្វើបាតុកម្ម​របស់​ពលរ​ដ្ឋ​ជាដើម​។ វិច្ឆិកា​បាន​ប្រឡូក​ចូលក្នុង​ការងារ​ជា​អ្នកកាសែត​នេះ​ប្រមាណ​៥​ឆ្នាំ​មកហើយ ពោលគឺ​តាំងតែ​ពី​ឆ្នាំ​២០១៤​ម្ល៉េះ បន្ទាប់ពី​នាង​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​។ 
 


 
​មាន​មូលហេតុ​មួយចំនួន​ដែល​ជំរុញ ឲ្យ​យុវតី​ដែល​កើត​នៅ​ភ្នំពេញ​រូបនេះ ក្លាយខ្លួនជា​អ្នកសារព័ត៌មាន​។ ហេតុផល​ចម្បង​មួយ ក្នុងចំណោម​ទាំងនោះ គឺ​ក្រុមគ្រួសារ​នាង ក៏​ធ្លាប់​បាត់បង់​ផ្ទះ​ចំនួន​២​កន្លែង ដោយសារ​ការរំលោភ​យ​កដោយ​គ្មាន​សំណង​កាលពី​ប្រមាណ​២០​ឆ្នាំមុន​។ នេះ​ជាការ​អះអាង​របស់ កញ្ញា កាន់ វិច្ឆិកា ដែល​នាង​បាន​រម្លឹក​រឿង​អតីតកាល​របស់ខ្លួន​ទាំង​ទឹកមុខ​ស្រពោន ៖ «​ខ្ញុំ​ឈឺចាប់ ដោយសារ តែ​ការបាត់បង់​ដីធ្លី រួមជាមួយ​នឹង​ការ​មក​គំរាមកំហែង​។ ខ្ញុំ​ឆ្ងល់​ថា ម៉េច​បានជា​គេ​ឃោរឃៅ​ខ្លាំង​ម្ល៉េះ​ពេល​ហ្នឹង​? រហូតដល់​ថ្នាក់​ដី​របស់​យើង​ខ្លួនឯង​ដែល​យើង​កាន់កាប់​តាំង​ពីមុខ​ឆ្នាំ​១៩៩០ ហើយ​ចុងក្រោយ គេ​ថា ដី​ហ្នឹង​ជា​ដី​របស់គេ ហើយ​គំរាមកំហែង​ឲ្យ​យើង​ចាកចេញ​ពី​ដី​ហ្នឹង​។ ពេលនោះ ខ្ញុំ​គិតថា ម៉េច​បានជា​អ៊ីចឹង​? គ្រួសារ​ខ្ញុំ​សុទ្ធតែជា​អ្នកច្បាប់ ប៉ា​ខ្ញុំ​ក៏​ជា​អតីត​អ្នកច្បាប់​ម្នាក់​ដែរ​។ ពួកយើង​គឺជា​អ្នករៀន​ច្បាប់ អ៊ីចឹង​ដឹង​ច្បាស់ ថា អ្វី​ត្រូវ អ្វី​ខុស​។ ប៉ុន្តែ ទោះបី​យើង​រៀន​ច្បាប់ យើង​ដឹង​ពី​ច្បាប់ តែ​នៅតែ​គេ​មក​រំលោភ​។ នៅពេលដែល​យើង​ដឹង​ច្បាប់​ហើយ ហើយ​យើង​នៅតែ​ប្រឈម​ជាមួយ​ភាពអយុត្តិធម៌​ទាំងអស់​ហ្នឹង​ទៀត មាន​អារម្មណ៍​ថា យើង​ឈឺចាប់​ជាង​យើង​អត់​ដឹង​»​។ 


 
​វិច្ឆិកា អះអាងថា ការមើលឃើញ​ពី​ភាពអយុត្តិធម៌​នៅក្នុង​សង្គម​នេះហើយ បាន​ជំរុញ​ឲ្យ​នាង​ឈានចូល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​។ 
 
​នាង​បញ្ជាក់​បន្ថែមថា​៖ «​ដោយសារ ខ្ញុំ​ធ្លាប់មាន​បទពិសោធ នៅពេលដែល​ពួក​ខ្ញុំ​រង​ភាពអយុត្តិធម៌ គឺ​អត់​មានការ​ដោះស្រាយ ឬ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមក​ដោះស្រាយ និង​អើពើ​ជាមួយ​ស្ថានភាព​របស់​ពួក​ខ្ញុំ​ដែល​កំពុង​រង​ភាពអយុត្តិធម៌​នោះទេ​។ ខ្ញុំ​មើលឃើញ​អំពី​ភាពអយុត្តិធម៌​ក្នុងសង្គម រួម​ជាមួយនឹង​ការតវ៉ា​ដីធ្លី ឃើញ​ប្រជាពលរដ្ឋ​យំ​ជា​ច្រើនដង​។ ទាំងអស់​ហ្នឹង បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​។ យើង​ដឹង​ហើយ​ថា អ្នកសារព័ត៌មាន គឺ​អត់​ស្រួល​ទេ ជាពិសេស យើង​ធ្វើ​ការងារ​នៅក្នុង​ស្ថាប័ន​វិជ្ជាជីវៈ និង​ឯករាជ្យ វា​កាន់​តែមាន​សម្ពាធ​ក្នុង​ការធ្វើការងារ​រប​ស់​ពួកយើង​។ ដោយសារ​អ្វី​? ខ្ញុំ​ចុះទៅ​យក​ព័ត៌មាន និង​សម្ភាស​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ធំៗ ពេលខ្លះ​ពួកគេ​មិន​សប្បាយចិត្ត​ក្នុងការ​ផ្តល់​សម្ភាស​ដល់​អ្នកកាសែត​ដូចជា​ពួកយើង​នេះ​ទេ​»​។   
 
​រយៈពេល​៥​ឆ្នាំ ក្នុងតួនាទី​ជា​អ្នកសារព័ត៌មាន កញ្ញា កាន់ វិច្ឆិកា វ័យ​២៧​ឆ្នាំ ដែល​កំពុង​បម្រើ​ការងារ​នៅ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​រូបនេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកសារព័ត៌មាន​ស្ត្រី​ដ៏​សកម្ម​ម្នាក់ ដែល​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នយោបាយ សិទ្ធិមនុស្ស និង​រឿងរ៉ាវ​ជម្លោះដីធ្លី​នៅ​កម្ពុជា​។ បើទោះបី វិច្ឆិកា ធ្លាប់​រងគ្រោះ​យ៉ាងនេះ​ក្តី តែ​នៅពេល​នាង​សរសេរ​ព័ត៌មាន​លើ​ប្រធាន​ទំនាស់​ដីធ្លី ឬ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​សង្គម​ផ្សេងៗ​នោះ នាង​អះអាងថា មិនបាន​យក​រឿងរ៉ាវ​ឈឺចាប់​របស់ខ្លួន មក​លាយឡំ ជាមួយ​វិជ្ជាជីវៈ​របស់ខ្លួន​ឡើយ​។ 


 
​នាង​អះអាង​យ៉ាង​ដូច្នេះ​៖«​នៅពេល​ខ្ញុំ​ចុះ​ទៅយក​ព័ត៌មាន ដោយ​បានឃើញ​ពលរដ្ឋ​យំ ស្រែក​ទាមទារ​រក​យុត្តិធម៌ វា​ជា​ការពិត ពេលខ្លះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់ខ្ញុំ​។ ប៉ុន្តែ ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា ធ្វើជា​អ្នកសារព័ត៌មាន​មួយរូប​ដែលមាន​វិជ្ជាជីវៈ ហើយ​ខ្ញុំ​ត្រូវតែ​នៅ​កណ្តាល​។ ខ្ញុំ​មិនអាច​យក​អារម្មណ៍​របស់ខ្ញុំ ដាក់​លើ​រឿង​ហ្នឹង​បានទេ​។ អ៊ីចឹង ខ្ញុំ​ព្យាយាម​ផ្សាយ​ការពិត ហើយ​ប្រមូល​សំឡេង​ទាំងអស់ យកមក​ផ្សាយ​បន្ត​»​។​
 
​ទោះ​ធ្លាប់​ទទួល​ការ​គំរាម តែ​វិច្ឆិកា​នៅតែ​បន្ត​អាជីព​នេះ​រហូត​សារព័ត៌មាន​មានអំណាច​ពិតប្រាកដ​
 
«​មិនសូវមាន​ទេ ស្ត្រី​អ្នកយកព័ត៌មាន ដែល​ផ្តោតលើ​ប្រធានបទ នយោបាយ និង​សិទ្ធិមនុស្ស​»​។ នេះ​ជាការ​រៀបរាប់​របស់​វិច្ឆិកា ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​កន្លែង​ការងារ​របស់​នាង​។ សម្រាប់​ស្ត្រី​អ្នកសារព័ត៌មាន​រូបនេះ ការយក​ព័ត៌មាន​លើ​រឿងរ៉ាវ​នយោបាយ និង​សិទ្ធិមនុស្ស គឺ​មានការ​ហត់នឿយ និង​រង​ការគំរាមកំហែង​។ ហើយ​នេះ​ជា​មូល​ហេតុដែល អ្នកសារព័ត៌មាន​ស្ត្រី​ដទៃទៀត ងាក​ទៅធ្វើជា​អ្នកយកព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច កម្សាន្ត និង​សុខភាព​ជាដើម​វិញ ព្រោះតែ ប្រធានបទ​ទាំងនេះ មិន​តម្រូវ​ឲ្យ​ចុះ​ហាល​ក្តៅ​ហាលភ្លៀង និង​មិនសូវ​ប្រឈម​នឹង​ការគំរាមកំហែង​។  


 
​វិច្ឆិកា​បាន​រម្លឹកថា​៖«​ជា​ស្ត្រី​ដែល​ធ្វើការ​ក្នុង​ស្ថាប័ន​ឯករាជ្យ និង​វិជ្ជាជីវៈ ខ្ញុំ​ក៏​ធ្លាប់​ត្រូវបាន​គេ​គំរាម​វ៉ៃ​ដែរ​។ គេ​គំរាម​ចំឈ្មោះ​ស្ថាប័ន ហើយ​នៅ​ចំ​ពីមុខ​ខ្ញុំ​តែម្តង គេ​សំឡឹងមុខ​ខ្ញុំ​ហើយ​គេ​និយាយ​។ កាល​ហ្នឹង ខ្ញុំ​ធ្វើការ​នៅ VOD នៅឡើយ​។ ក្រុម​សន្តិសុខ​ពេល​ហ្នឹង គាត់​និយាយថា នឹងត្រូវ​តែ​វ៉ៃ​អ្នកសារព័ត៌មាន VOD ឲ្យ​បាន​។ កាល​ហ្នឹង ខ្ញុំ​ធ្វើការ​ជាមួយ​កាមេរ៉ា​មែន​មួយរូប​។ គ្រាន់តែ​គេ​គំរាម​ថ្ងៃ​ហ្នឹង ស្អែក​ឡើង ឡាយ សា​មាន ដែលជា​អតីត​អ្នកសារព័ត៌មាន​នៅ VOD ដែរ​ហ្នឹង ពេលរ​សៀ​សត្រូវ​បាន​គេ​វ៉ៃ​»​។ 
 
​ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​វិច្ឆិកា​តក់ស្លុត និង​ភិតភ័យ ហើយក៏​យល់ថា គឺជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​។  ដោយសារតែ​ការភ័យខ្លាច​ចំពោះ​សុវត្ថិភាព​វិច្ឆិកា ឪពុកម្តាយ​វិច្ឆិកា​មិន​ចង់​ឲ្យ​វិច្ឆិកា​ប្រកប​អាជីព​នោះទេ​។ ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​៨​នាក់ ឪពុក​របស់​វិច្ឆិកា ក៏​ធ្លាប់បាន​បង្ខំ​ឲ្យ​នាង​លាឈប់​ពី​ការងារ​នេះ​ចំនួន​២​ដង​ទៀតផង ព្រោះ តែ​ខ្លាច​ពី​សុវត្ថិភាព ខណៈដែល​វិច្ឆិកា​ឧស្សាហ៍​ចុះទៅ​យក​ព័ត៌មាន​តាម​ខេត្ត និង​ពេលយប់​។ ប៉ុន្តែ ទោះយ៉ាងណា វិច្ឆិកា​នៅតែ​មិន​បោះបង់ចោល​អាជីព​នេះឡើយ​។ ជាម​នុស្ស​ដែល​រហ័សរហួន និង​មាន​សម្តី​មាត់ៗ  វិច្ឆិកា អះអាងថា ការគំរាមកំហែង​នេះ មិនបាន​ធ្វើ​ឲ្យ​នាង​មានបំណង​រាយ​ថយ​ពី​របរ​នេះឡើយ តែ​ផ្ទុយទៅវិញ នាង​បាន​បង្កើន​ការប្រយ័ត្នប្រយែង​ជាង​មុន ទាំង​នៅពេល​ចុះ​ទៅយក​ព័ត៌មាន និង​នៅពេល​សរសេរ ក្រោយ​ហេតុការណ៍​នោះ ដើម្បី​បន្ត​សង្ឃឹម និង​ផ្តល់ឱកាស​ឲ្យ​អ្នក​ដែល​គ្មាន​សំឡេង​បាន​បញ្ចេញ​មតិយោបល់រ​បស់​ពួកគេ​។ វិច្ឆិកា សង្ឃឹមថា នឹង​អាច​មើលឃើញ វិស័យ​សារព័ត៌មាននៅកម្ពុជា ក្លាយជា​អំណាច​ទី​៤ដូចនៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ វិច្ឆិកា ក៏​ចង់​ឲ្យ​មានការ​បើកទូលាយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ដល់​អ្នកសារព័ត៌មាន ដើម្បី​ឲ្យ​ពួកគេ​មាន​ប្រភព​គ្រប់​ជ្រុងជ្រោយ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុង​ផ្សព្វផ្សាយ​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​៕                     
 

Tag:
 កាន់ វិច្ឆិកា​
  កាសែត​
 ​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com