អន្តរជាតិ
រដ្ឋាភិបាល​ថ្មី​របស់​ថៃ អាច​លេច​រូបរាង​នៅ​ខែមិថុនា​
03, May 2019 , 8:59 pm        
រូបភាព
​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា បក្សនយោបាយ​ធំៗ​ពីរ បាន​បបួល​បក្សនយោបាយ​ផ្សេង​ដែល​ទទួលបាន​អាសនៈ​សភា​តាម​លទ្ធផល​មិន​ផ្លូវការ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​។ លទ្ធភាព​ដឹកនាំ​រដ្ឋាភិបាល​បាន​ឬ​អត់ ត្រូវ​រង់ចាំ​លទ្ធផល​បោះឆ្នោត​ផ្លូវការ និង​ការបែងចែក​អាសនៈ​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​។ ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu Krea-ngam នៅ​ថ្ងៃទី​២ ខែឧសភា និយាយថា រដ្ឋាភិបាល​ថ្មី អាច​ត្រូវបាន​បង្កើត​នៅក្នុង​ខែមិថុនា បើ​លទ្ធផល​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​។​

 
​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam បា​នប​ង្កើ​ប​ពី​កាល​វេលា​ដែល​រដ្ឋាភិបាល​អាច​លេច​ជា​រូបរាង​ក្រោយ​ការបោះឆ្នោត​ជាទូទៅ​ថ្ងៃទី​២៤ ខែមីនា​។ បើតាម​មន្ត្រីជាន់ខ្ពស់​រូបនេះ ប្រសិនបើ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថ្ងៃ ប្រកាស​បេក្ខជន​សមាជិកសភា​នៅ​ថ្ងៃទី​៨ ខែឧសភា នោះ​រដ្ឋាភិបាល​ថ្មី នឹង​កើត​នៅ​ខែ​ក្រោយនេះ​។​
 
​បើ​គិត​តាម​កាលបរិច្ឆេទ​នេះ ក្រោយ​ការប្រកាស​លទ្ធផល​ផ្លូវការ​យ៉ាងតិច​៩៥​ភាគរយ សភា​ត្រូវ​កោះប្រជុំ​អំឡុងពេល​១៥​ថ្ងៃ​បន្ទាប់​។ លើសពីនោះ បញ្ជី​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០​នាក់ ត្រូវបញ្ជូន​ទៅកាន់​រាជវាំង​ដើម្បី​សុំ​ការយល់ព្រម​ពី​មហាក្សត្រ​អំឡុងពេល​បី​ថ្ងៃក្រោយ​ការប្រកាស​លទ្ធផល​។ លោក Krea-ngam បញ្ជាក់ថា កិច្ចការ​ដំបូង​សម្រាប់​សភា​ទាំងពីរ គឺ​ជ្រើសរើស​ប្រធាន​រៀងៗ​ខ្លួន ដែល​បន្ទាប់មក​ត្រូវសុំ​ការយល់ព្រម​ពី​ស្ដេច​ថៃ​ទៀត​។​
 
​ដំណាក់កាល​បន្ទាប់ ប្រធានសភា​ទាំងពីរ នឹង​កំណត់ពេល​ដើម្បី​កោះប្រជុំ​រួម​ព្រឹទ្ធសភា​-​រដ្ឋសភា​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។ ឧបនាយករដ្ឋមន្ត្រី​ថៃ Krea-ngam បន្ថែមថា គិតគូរ​តាម​ពេលនេះ នាយករដ្ឋមន្ត្រី​ដែល​ទើបត្រូវ​បានជ្រើសរើស​តាំង អាចបង្កើត​រដ្ឋាភិបាល​នៅក្នុង​ខែមិថុនា​ខាងមុខ​តែម្ដង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
​យោងតាម​លទ្ធផល​មិន​ផ្លូវការ បក្ស​ភឿ​ថៃ​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់ ទទួលបាន​អាសនៈ​ច្រើនជាង​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ឲ្យ​ដឹកនាំ​ប្រទេស​ទៀត​។ យ៉ាងណាមិញ បក្ស​ទាំងពីរ​កំពុង​ប្រមូល​បក្ស​ដែលមាន​និន្នាការ​ដូចគ្នា​ដើម្បី​ចងសម្ព័ន្ធភាព​ជាមួយគ្នា ហើយ​ម្យ៉ាង​ដើម្បី​ប្រមូល​សំឡេង​ឲ្យ​បាន​ច្រើន​ផង​។ 
 
​យ៉ាងណាមិញ បក្ស​កម្លាំង​ប្រជារាស្ត្រ ហាក់​មានប្រៀប​ជាង​បក្ស​ភឿ​ថៃ​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី និង​ការបង្កើត​រដ្ឋាភិបាល ឯ​មូលហេតុ គឺ​ច្បាប់បោះឆ្នោត​ដែល​សរសេរ​ដោយ​របប​យោធា​តែម្ដង​តាមរយៈ​ការអនុញ្ញាត​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ជ្រើសរើស​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ដំបូង​របស់ខ្លួន​។ ការណ៍​នេះ ធ្វើ​ឲ្យ​បក្ស​កម្លាំង​ប្រជារាស្ត្រ មិនត្រូវ​ការ​សំឡេង​ច្រើន​ឡើយ តែ​បក្ស​ភឿ​ថៃ​ឯណោះ​ទេ​ដែល​ត្រូវ​ប្រមូល​សំឡេង​របស់ខ្លួន​ឲ្យ​ច្រើន​តាមតែ​អាចធ្វើ​បាន​ដើម្បី​ទប់ស្កាត់​ការ​លូកដៃ​របស់​ព្រឹទ្ធសភា​៕ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com