អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ឡើងគ្រងរាជ្យសម្បត្តិ​ជា​មហាក្សត្រ​ថៃ​ផ្លូវការ
04, May 2019 , 12:54 pm        
រូបភាព
ពិធី​រាជាភិសេក​មហាក្សត្រ​ថៃ បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​៤ ខែឧសភា​នេះ​។ មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​ប្រថាប់​លើ​រាជបល្ល័ង្ក​បន្ត​ពី​បិតា​របស់​ទ្រង់ អតីត​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែល​សោយ​ទិវង្គត​កាលពី​ឆ្នាំ​២០១៦ ។ ពិធី​រាជាភិសេក​ជា​លើកដំបូង​តាំងពី​ឆ្នាំ​១៩៥០ នឹងត្រូវ​រៀបចំ​ដល់​ថ្ងៃទី​៦ ខែឧសភា​។

 
 
​ព្រះ​ចៅ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​ក្លាយជា​មហាក្សត្រ​ថៃ​ផ្លូវការ​ហើយ​ក្នុង​ពិធី​រាជាភិសេក​ដែល​ធ្វើ​នៅ​រាជវាំង​ទីក្រុង​បាងកក​។ នៅ​ថ្ងៃទី​៤ ខែឧសភា ដែលជា​ថ្ងៃ​ទីមួយ​នៃ​ពិធី​អភិសេក​ដែល​ធ្វើឡើង​ចំនួន​បី​ថ្ងៃ មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​យាង​ចូលរួម​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី ដែល​ទឹក​ពិសិដ្ឋ​ទាំង​ន៉​ត្រូវបាន​នាំយក​ពី​ខេត្ត​ទាំង​៧៧ របស់​ថៃ​។ បន្ទាប់មក ទ្រង់​ប្រថាប់​លើ​បល្ល័ង្ក ដែលមាន​ស្វេត​ច្ឆេ​ត្រ​ពី​ខាងលើ​។​
 
​តម​ក មន្ត្រី​រាជវាំង​ថៃ ​ថ្វាយ​ព្រះអង្គ​នូវ​គ្រឿង​បញ្ច​ក​កុ​ធ​ភណ្ឌ​ទាំង​៥ មាន ព្រះមហា​ពិជ័យ​មកុដ​, ព្រះ​សែង​ខ័ន​ជ័យស្រី​, ព្រះ​ទណ្ឌៈ (​ដំបង​), វាលវីជនី (​ផ្លិត​) និង​ព្រះ​សុពណ៌​បាទ​។ គ្រឿង​ទាំងនេះ ជា​វត្ថុ​ចាំបាច់​បំផុត​សម្រាប់​ក្សត្រ​គ្រងរាជ្យ​ដែល​ថ្វាយ​ពី​សំណាក់​មហា​ព្រាហ្មណ៍​រាជគ្រូ​ប្រចាំ​ព្រះបរមរាជវាំង​ដើម្បី​គ្រង​រាជសម្បត្តិ​ពេញ​បរិបូណ៌​ជា​មហាក្សត្រ​របស់​ថៃ​។ ស្ដេច​រាមា​ទី​១០ អង្គ​នេះ ​គ្រង​ព្រះមហា​ពិជ័យ​មកុដ ដែលមាន​ទម្ងន់​ដល់​ទៅ​ជាង​៧​គីឡូក្រាម ហើយ​ផ្នែក​កំពូល​ដាំ​ដោយ​ត្បូង​នាំយក​ពី​ឥណ្ឌា​។​
 
​នៅ​រសៀល​ថ្ងៃ​ដដែល សមាជិក​រាជវង្ស​សំខាន់ៗ មន្ត្រីជាន់ខ្ពស់​ប្រទេស នឹង​ចូលគាល់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ នៅឯ​មហា​ប្រាសាទ​អមរិន្ទ​វិនិច្ឆយ​ក្នុង​ព្រះ​បរមា​រាជវាំង​។ កម្មវិធី​ចុងក្រោយ​ថ្ងៃ​ទីមួយ គឺ​ស្ដេច​ថៃ​អង្គ​នេះ យាង​ទៅកាន់​ព្រះវិហារ​ព្រះ​កែវ​មរកត​។ 
 
​សម្រាប់​ប្រជាជន​ថៃ​ភាគច្រើន នេះ​ជា​លើកទីមួយ​សម្រាប់​ពួកគេ​ដែល​បានឃើញ​ផ្ទាល់​ពិធី​រាជាភិសេក​មហាក្សត្រ​បែបនេះ​។ ពិធី​រាជាភិសេក​ចុងក្រោយ ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ​១៩៥០ ពេល​ក្សត្រ ភូមិបុល អាឌុលយ៉ាដេត ឡើង​គ្រងរាជ្យ​ជា​ស្ដេច​រាមា​ទី​៩ នៃ​រាជវង្ស​ចក្រី​របស់​ថៃ​៕ 
 
 
 

Tag:
 ​ថៃ​
  មហា វ​ជិ​រាល​ង្ក​រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com