ជាតិ
សេដ្ឋកិច្ច
រយៈពេល​៤​ខែ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ជាង​៤៤​លាន​ដុល្លារ ថយចុះ​ជាង​៨​ភាគរយ​
04, May 2019 , 10:59 pm        
រូបភាព
 
​សៀមរាប​៖ រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​បាន​ថយចុះ​ជាង​៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ រីឯ​ចំណូល​ពីនេះ ក៏មាន​ការថយចុះ​ជាង ៨​ភាគរយ​ដែរ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។ 

​គ្រឹះស្ថាន​អង្គរ​បានធ្វើ​របាយការណ៍​ខ្លី ពី​ចំនួន​ទេសចរ​បរទេស ដែល​ចូល​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ចំណូល​ពី​ការលក់​។ ក្នុងនោះ នា​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ ភ្ញៀវទេសចរ​បរទេស​សរុប​ចំនួន ៩៧៣,៣០៥​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំនួន​នេះ​ថយចុះ​ជាង ៧​ភាគរយ​។ រីឯ​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​នេះដែរ មាន​ចំនួន ៤៤,១៣៤,៦៣៥​ដុល្លារ ថយចុះ ៨.៥៤​ភាគរយ ធៀប​នឹង​ឆ្នាំទៅ​។ ចំណូល​ទាំងនេះ បាន​ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធ​បុ​ប្ជា​សរុប​ចំនួន ១,៩៤៦,៦១០​ដុល្លារ​។​
 
​គួររម្លឹកថា តម្លៃ​សំបុត្រ​សម្រាប់​ទស្សនា​រម​ណី​យ​ដ្ឋា​ន​អង្គរ​រយៈពេល​មួយថ្ងៃ​តម្លៃ ៣៧​ដុល្លារ តម្លៃ ៦២​ដុល្លារ​សម្រាប់​រយៈពេល​៣​ថ្ងៃ និង​តម្លៃ​៧២​ដុល្លារ សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​។ រដ្ឋាភិបាល​បានសម្រេច​ផ្លាស់ប្ដូរ​តម្លៃ​លក់​សំបុត្រ​នេះ ចាប់ពី​ដើមខែ សីហា ឆ្នាំ​២០១៦​មក ក្រោយពី​ដកហូត​សិទ្ធិ​គ្រប់គ្រង​ពី​ក្រុមហ៊ុន សុខា មកឱ្យ​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​របស់​រដ្ឋ​គ្រប់គ្រង​ជំនួស​។ តម្លៃ​ចាស់​សម្រាប់​សំបុត្រ​ទស្សនា​មួយថ្ងៃ តម្លៃ​២០​ដុល្លារ តម្លៃ​៤០​សម្រាប់​ទស្សនា​៣​ថ្ងៃ និង​តម្លៃ​៦០​សម្រាប់​ទស្សនា​មួយ​សប្ដាហ៍​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com