អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន និង​វៀតណាម ឯកភាព​ជំរុញ​ការដោះស្រាយ​សកម្មភាព​វាតទី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី​
05, May 2019 , 9:39 pm        
រូបភាព
រូបភាពៈ​ Kyodo
រូបភាពៈ​ Kyodo
ដោយ:
​រដ្ឋាភិបាល​ក្រុង​កូ​ត្យូ និង​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ព្រមព្រៀងគ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ច សហប្រតិបត្តិ​ការការពា​រ​ជាតិ​។ ភាគី​ទាំងពីរ ក៏បាន​សន្យា​ធ្វើការ​ជាមួយគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​ការ​វាតទី​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​តាម​មធ្យោបាយ​សន្តិវិធី​ផងដែរ​។​

 
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ក្រុង​ហាណូយ​របស់​វៀតណាម​នៅ​ថ្ងៃ​៣ ឧសភា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Takeshi Iwaya បាន​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​វៀតណាម លោក​រដ្ឋមន្ត្រី Ngo Xuan Lich ដោយ​ផ្តោតលើ​ការពង្រឹង​ទំនាក់ទំនង​ការពារជាតិ​ទ្វេភាគី និង​បញ្ហា​ក្នុង​តំបន់ ដែលជា​ក្តីបារម្ភ​រួមគ្នា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Japan Times​។​
 
​តាមរយៈ​ជំនួប​នោះ​លោក​រដ្ឋមន្ត្រី Takeshi Iwaya បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការអនុវត្ត​សេចក្តីសម្រេច​ដែលជា​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រឆាំង​កូរ៉េខាងជើង សំដៅ​ធានា​ឲ្យ​បាន​ថា​រដ្ឋ​ឯកោ​មួយ​នេះ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ លោក​រដ្ឋមន្ត្រី ថ្លែង​បែបនេះ ក៏​ព្រោះ​វៀតណាម ជា​រដ្ឋ​មួយ​របស់​ពិភពលោក ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​កូរ៉េខាងជើង​។​
 
​ក្នុងជំនួប​ដដែល​នោះ ប្រមុខ​ការពារ​ជប៉ុន ក៏បាន​រំលេច​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ជម្លោះ​អធិបតេយ្យ​រវាង​ចិន និង​វៀតណាម ក៏ដូចជា​រដ្ឋ​អាស៊ាន​ដទៃ​ផ្សេងទៀត​ផងដែរ​។ ប្រមុខ​ការពារជាតិ​ជប៉ុន​រូបនេះ នៅ​ចំពោះមុខ​សម​ភាគី​វៀតណាម បានចាត់ទុក​សកម្មភាព​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​ក្តីបារម្ភ​សន្តិសុខ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ជប៉ុន និង​តំបន់​។​
 
​តាម Japan Times ប្រមុខ​ការពារជាតិ​ជប៉ុន និង​វៀតណាម បាន​ព្រមព្រៀងគ្នា​រក​ដំណោះស្រាយ​លើ​ក្តីបារម្ភ​នេះ តាមរយៈ​មធ្យោបាយ​សន្តិ​វិធី ពោលគឺ​ភាគី​ទាំងពីរ មិន​យក​កម្លាំងយោធា​តបត​នឹង​សកម្មភាព​យោធា​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​ឡើយ​។​
 
​គួរ​ជម្រាប​ផងដែរ កន្លងមក ជប៉ុន មិន​ត្រឹមតែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​វៀតណាម ដែល​ផ្តោត​តែ​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ជប៉ុន ក៏មាន​កិច្ចសហប្រតិបត្តិការ​យោធា​ស៊ីជម្រៅ​ជាមួយនឹង​វៀតណាម​ផងដែរ​។ កន្លងមក​ជប៉ុន ក៏​ធ្លាប់​បានផ្តល់​នាវា​ល្បាត​ដល់​វៀតណាម សម្រាប់​ប្រតិបត្តិការ​ក្នុង​ដែនសមុទ្រ​របស់ខ្លួន ខណៈដែល​វៀតណាម មានរឿង​ចម្រូងចម្រាស់​ជាមួយនឹង​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
 
​គួរ​ឲ្យ​កត់សម្គាល់ ជប៉ុន មិនមាន​ជា​ភាគី​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដូចជា​រដ្ឋ​អាស៊ាន​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​នោះទេ តែ​ជប៉ុន គឺជា​ភាគី​ជម្លោះ​ជាមួយនឹង​ចិន នៅក្នុង​ដែនសមុទ្រ​ខាងកើត ដែល​ភាគី​ទាំងពីរ បានទាមទារ​គ្រប់គ្រង​អធិបតេយ្យ​លើ​តំបន់​ត្រួត​ស៊ី​ដូចនឹង​បណ្តា​ប្រទេស​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕​

Tag:
 ចិន​
  ជប៉ុន​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com