កីឡាជាតិ
ជាតិ
បឹងកេត​ឈ្នះ​យុវជន​បាទី ៣-១ ខណៈ​អគ្គិសនី​កម្ពុជា​ស្មើ​អាស៊ី​អឺរ៉ុប ២-២
05, May 2019 , 5:46 pm        
រូបភាព
ឈឹម សំបូរ (កណ្តាល) និងមិត្តរួមក្រុមអបអរក្រោយស៊ុត​បាល់បញ្ចូលទីឲ្យអាស៊ីអឺរ៉ុប។ រូបថត CNCC
ឈឹម សំបូរ (កណ្តាល) និងមិត្តរួមក្រុមអបអរក្រោយស៊ុត​បាល់បញ្ចូលទីឲ្យអាស៊ីអឺរ៉ុប។ រូបថត CNCC
ដោយ: ថ្មីៗ
​បឹងកេត​ទទួលបាន​៣​ពិន្ទុ​បន្ថែមទៀត​សម្រាប់​សប្តាហ៍​ទី​៦​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ បន្ទាប់ពី​ពួកគេ​បាន​តាម​វាយបក​យកឈ្នះ​ក្រុមយុវជន​បាទី ដែលជា​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ៣-១ ខណៈដែល​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ចែកគ្នា​១​ពិន្ទុ​ជាមួយ​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល​ស្មើ ២-២​។​



​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី ប៊ុនធឿន ប៊ុន​ណា​រ៉ុង រកបាន​គ្រាប់​នាំមុខ​សម្រាប់​ក្រុមយុវជន​បាទី​នៅ​៦​នាទី​ដំបូង តែ​ជិត​បញ្ចប់​ការប្រកួត​តង់​ទីមួយ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius Oiboh តាម​ស្មើ ១-១ សម្រាប់​បឹងកេត​។ ឈានដល់​តង់​ទី​ពីរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ស Purcino Luiz Eduardo ដែល​គេ​ស្គាល់​ជាទូទៅ​ថា Dudu បង្កើន​ការនាំ​មុខ​សម្រាប់​ក្រុម​ភ្ញៀវ ពេល​ប្រកួត​បាន​ជាង​១​ម៉ោង ហើយ Julius បន្ថែម​គ្រាប់​ទី​ពីរ​របស់ខ្លួន​ក្នុង​នាទី​បន្ថែម​។



ជ័យជម្នះ​បន្ថែម​នេះ​នាំ​ឲ្យ​បឹងកេត ទទួលបាន​ពិន្ទុសរុប​១៣ ខណៈ​យុវជន​បាទី រក្សា​៣​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ស្គាល់​ជាតិ​ឈ្នះ​តែ​ម្តងគត់ នៅពេលដែល​ពួកគេ​ស៊ី​ក្រុម​បាត​តារាង​កំពង់ចាម​ក្នុង​លទ្ធផល ៣-០ កាលពី​សប្តាហ៍​មុន​។​

​រីឯ​ជំនួប​នៅ​កីឡដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាក ឈឹម សំបូរ ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​នៅ​នាទី​១១ តែ​មួន ណា​រ៉ា តាម​ស្មើ​ឲ្យ​អគ្គិសនី​កម្ពុជា នា​រយៈពេល​៣​នាទី​បន្ថែម​។ ឈានដល់​នាទី​៥៤ ក្រោយ​សម្រាក ណា​រ៉ា បន្ថែម​១​គ្រាប់​ទៀត​សម្រាប់​ក្រុម​ភ្ញៀវ ហើយ​ខ្សែប្រយុទ្ធ​ជប៉ុន Masaki Tomohiro ធ្វើ​មាន​លទ្ធផល​ស្មើ ២-២ សម្រាប់​ម្ចាស់ផ្ទះ​នៅ​នាទី ៨១​។​



លទ្ធផល​នេះ នាំ​ឲ្យ​ក្រុម​ទាំងពីរ​មាន​៧​ពិន្ទុសរុប​ដូចគ្នា ដោយ​អាស៊ី​អឺរ៉ុប មានប្រៀប​លើ​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com