អន្តរជាតិ
ស៊ុ​លត​ង់​ព្រុយ​ណេ ប្រកាស​ផ្អាក​អនុវត្ត​ទោស​ប្រហារជីវិត ក្រោយ​រង​ការរិះគន់​ជុំ​ទិស​
06, May 2019 , 9:45 am        
រូបភាព
​ស៊ុ​លត​ង់​ព្រុយ​ណេ ហា​សា​ណា​ល់ ប៊ុល​គៀ នៅ​ថ្ងៃទី​៥ ខែឧសភា បានប្រកាស​ផ្អាក​ការអនុវត្ត​ទោស​ប្រហារជីវិត​ដែលមាន​ចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​ថ្មី​ដ៏​ចម្រូងចម្រាស​។ ច្បាប់​ថ្មី​នេះ​រង​ការរិះគន់​ជុំ​ទិស និង​ត្រូវបាន​ចាត់ទុកថា មានការ​រើស​អើ​ស​ក្រុម​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​រហូតដល់​ថ្នាក់​មាន​ការដាក់ទោសទណ្ឌ​ប្រហារជីវិត​ទៀតផង​។ តារា​បរទេស​ល្បី​ជាច្រើន បាន​ចេញមុខ​អំពាវនាវ​ឲ្យ​ព្រុយ​ណេ​លុបចោល​ការអនុវត្ត​ទោស​ធ្ងន់ធ្ងរ​បែបនេះ ឯ​ខ្លះទៀត​ប្រកាស​មិន​ចូលដេក​សណ្ឋាគារ​របស់​ស៊ុ​លត​ង់​អង្គ​នេះ​ផង​។​

 
​ជា​រឿង​កម្រ​បំផុត​មួយ មហាក្សត្រ​ព្រុយ​ណេ ស៊ុ​លត​ង់ ហា​សា​ណា​ល់ បុល​គៀ បាន​ឆ្លើយតប​ជា​សាធារណៈ​ទៅនឹង​ពាក្យរិះគន់​ជុំវិញ​ការអនុវត្ត​ច្បាប់​ឥស្លាម​ដ៏​តឹងរ៉ឹង ដែល​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចាត់ទុក​ជាកា​រ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ពិសេស​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុងប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​។ ក្រោម​ច្បាប់ព្រហ្មទណ្ឌ​ថ្មី បុគ្គល​ដែល​រកឃើញថា រួមភេទ​ជាមួយ​ភេទ​ដូចគ្នា នឹងត្រូវ​កាត់ទោស​ដោយ​ការ​គប់​ដុំថ្ម​រហូត​ស្លាប់​។​
 
​ប្រទេស​ជាច្រើន អង្គការសិទ្ធិមនុស្ស បូក​ទាំង​អង្គការសហប្រជាជាតិ និង​តារា​សម្ដែង​ល្បីៗ​ពេញ​ពិភពលោក សុទ្ធតែ​រិះគន់​ច្បាប់​ថ្មី​ដែល​កំណត់​កាត់ដៃជើង​សម្រាប់​បទល្មើស​លួច ហើយ​ដែល​ចូល​ធរមាន​កាលពី​ខែមេសា​កន្លងទៅ​។ ថ្លែង​នៅ​ថ្ងៃទី​៥ ខែឧសភា ស៊ុ​លត​ង់​ព្រុយ​ណេ បានទទួល​ស្គា​ល់ពី​ការយល់​ខុស និង​សំណួរ​ជាច្រើន​ទាក់ទិន​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​។ ស៊ុ​លត​ង់​អង្គ​នេះ​មានបន្ទូលថា ច្បាប់​ឥស្លាម​នេះ មិនគួរ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ឡើយ ព្រោះ​ជា​ក្ដីមេត្តា​របស់​ព្រះ​។​
 
​តាមពិតទៅ នៅ​ព្រុយ​ណេ បទល្មើស​ជាច្រើន ត្រូវបាន​កំណត់​ឲ្យ​មានការ​ដាក់ទោស​ប្រហារជីវិត​ដូចជា​ការធ្វើឃាត​ដោយ​ចេតនា និង​ការរត់ពន្ធ​គ្រឿងញៀន​ជាដើម​។ ប៉ុន្តែ​តាំងពី​ឆ្នាំ​១៩៩០ មក គេ​មិនទាន់​ឃើញ​មានការ​ដាក់ទោស​ធ្ងន់​បែបនេះ​ឡើយ​។ ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ ព្រះ​ចៅ ប៊ុល​គៀ មានបន្ទូល​រំឭក​ពី​ការផ្អាក​អនុវត្ត​ទោស​ប្រហារជីវិត​នេះ ហើយក៏​ប្រកាសថា ការផ្អាក​នេះ ក៏​អនុវត្ត​លើ​បទល្មើស​ដែល​មានចែង​ក្នុង​ច្បាប់​ថ្មី​នេះដែរ​។​
 
​ក្នុង​សុន្ទរកថា​ជា​ភាសា​អង់គ្លេស​ដែល​ចេញ​ដោយ​រាជវាំង ស៊ុ​លត​ង់​ព្រុយ​ណេ​មានបន្ទូល​សង្កត់ធ្ងន់​ពី​សារសំខាន់​របស់​ច្បាប់​សាសនា​ឥស្លាម ដែល​ដើរ​ទន្ទឹមគ្នា​ជាមួយ​ច្បាប់​រដ្ឋ ហើយ​មាន​គោលដៅ​ធានា​សន្តិភាព និង​ភាព​សុខដុម​របស់​ប្រទេស​។ នេះ​ជា​ក៏​ជា​រឿង​កម្រ​ទៀត ដែល​រាជវាំង​ព្រុយ​ណេ​ចេញ​សុន្ទរកថា​របស់​ទ្រង់​ដែល​បក​ប្រែជា​ភាសា​អង់គ្លេស​បែបនេះ​។ 
 
​ក្រោយ​ការចូល​ធរមាន​ផ្នែក​ចុងក្រោយ​ដ៏​ចម្រូងចម្រាស​នៃ​ច្បាប់​ឥស្លាម​នេះ ពាក្យរិះគន់​បាន​ធ្លាក់​លើ​រដ្ឋ​អាស៊ាន​មួយ​នេះ​យ៉ាងខ្លាំង​។ តារា​សំដែង​អាមេរិក George Clooney តន្ត្រីករ​អង់គ្លេស Elton John បានស្នើ​ឲ្យ​មានការ​ធ្វើពហិការ​សណ្ឋាគា​រ​កាន់កាប់​ដោយ​ប្រមុខរដ្ឋ​ព្រុយ​ណេ​ដូចជា សណ្ឋាគារ Dorchester ក្នុង​ទីក្រុង​ឡុង​ដ៍ និង​សណ្ឋាគារ Beverly Hills នៅ​អាមេរិក​ជាដើម​៕ 

Tag:
 ព្រុយ​ណេ​
  Hassanal Bolkiah
© រក្សាសិទ្ធិដោយ thmeythmey.com