ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​ដែល​ល្អ​សម្រាប់​សុខភាព “​ខួរក្បាល​” របស់កុមារ​
06, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការផ្ដល់​ឲ្យ​កូន​របស់លោក​អ្នក​នូវ​អាហារ​ត្រឹមត្រូវ​កំឡុងពេល​ពួកគេ​ស្ថិតក្នុង​ដំណាក់កាល​ធំធាត់​ឡើង​នោះ គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល ជាពិសេស​ភាព​ឆ្លាត​វៃ​នៃ​ខួរក្បាល​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ខួរក្បាល​កុមារ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ឪពុកម្ដាយ​គួរ​ឲ្យ​កូន​ទទួលទាន ដើម្បី​អាច​ឲ្យ​ខួរក្បាល​របស់​កុមារ​ទទួលបាន​សារធាតុចិញ្ចឹម​ត្រឹមត្រូវ​ក្នុងការ​ដំណើរការ​មុខងារ ៖
 
១. យ៉ា​អួរ Greek ៖ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​។ លើសពីនេះទៅទៀត យ៉ា​អួរ greek ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​, ប្រូ​បាយ​អូ​ទិ​ក ក៏ដូចជា​បាក់តេរី​ល្អៗ​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ផងដែរ​។ អ្នក​ក៏​អាច​បន្ថែម​សូកូឡា​ខ្មៅ​ខ្លះ​លើ​យ៉ា​អួរ​អោយ​កូន​ទទួលទាន ដោយ​សូកូឡា​ខ្មៅ​ដែល​ផ្សំ​ឡើង​ពី​កា​កាវ ៧០​ភាគរយ មាន​ផ្ទុក​សារធាតុ polyphenols ដែល​ខួរក្បាល​ត្រូវការ​។​
 
២. ស៊ុត ៖ ជា​អាហារ​ដ៏​មាន​សុខភាព​ល្អ ដោយ​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​ខួរក្បាល រួមទាំង​រាងកាយ​ទាំងមូល​ត្រូវការ​។ លើសពីនេះទៅទៀត ស៊ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ choline ដែល​សំខាន់​ជួយ​ការអភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​គួរ​ឲ្យ កត់សម្គាល់​។​
 
៣. អាហារ​ផ្សេងទៀត​ដែល​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​កុមារ​នោះ គឺ​បន្លែ​បៃតង​។ បន្លែង​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់ រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដល់​ការលូតលាស់​នៃ​កោសិកា​ខួរក្បាល​។​
 
៤. ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ក៏​ប្រសើរ​សម្រាប់​សុខភាព និង​ការអភិវឌ្ឍ​នៃ​ខួរក្បាល​កុមារ​ផងដែរ ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D, កាល់ស្យូម​, ប្រូតេអ៊ីន និង​ផូស្វ័រ​។​
 
៥. កុមារ​ក៏​គួរ​ទទួលទាន​នូវ​អាហារ​ដែលជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែរ ដើម្បី​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ សំខាន់​ណាស់​សម្រាប់​ការ​វិវឌ្ឍន៍​ខួរក្បាល និង​ភ្នែក​របស់​កុមារ​។ ហើយ​ត្រី​សម្បូរ​ខ្លាញ់ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com