កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea បាន​កៅអី UCL ខណៈ Arsenal សល់​ឱកាស​តែ​១% ដើម្បី​ដណ្តើម Top4 ពី Spurs
06, May 2019 , 10:42 am        
រូបភាព
Chelsea ទទួលបាន​កៅអី​លេង​នៅ​ក្របខណ្ឌ UEFA Champions League រដូវ​កាល​ក្រោយ​បន្ទាប់ពី​យកឈ្នះ Watford ៣-០ ក្នុងការ​ប្រកួត Premier League សប្តាហ៍​ទី​៣៧ ថ្ងៃទី​៥ ខែឧសភា​។ Manchester United ដែល​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​បាត​តារាង Huddersfield Town ១-១ សល់​កៅអី​លេង​នៅ Europa League រដូវ​កាល​ក្រោយ ខណៈ Arsenal ដែល​ស្មើ Brighton & Hove Albion ១-១ ដែរនោះ​ក៏​ស្ទើរតែ​អស់​ឱកាស​ក្នុងការ​ប្រជែង Top 4​។​


 
​ក្រោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ក្រុម Chelsea បាន​ឡើង​ទី​កាន់​ចំណាត់ថ្នាក់​ទី​៣​បណ្តោះអាសន្ន​ដោយមាន​ពិន្ទុសរុប​៧១​ពិន្ទុ នាំមុខ Spurs ដែល​នៅ​ចំណាត់ថ្នាក់​ទី​៤ ចំនួន​១​ពិន្ទុ និង​ក្រុម​លេខ​៥ Arsenal ៤​ពិន្ទុ​ដាច់​។ ដោយសារ​សល់​តែ​១​ប្រកួត​ហើយ​លើស​ក្រុម​លេខ​៥ ដល់​ទៅ​៤​ពិន្ទុ បានធ្វើ​ឲ្យ​ក្រុម​តោ​ខៀវ​ដែល​ដឹកនាំ​ដោយ​លោក Maurizio Sarri ទទួលបាន​កៅអី​លេង​នៅ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រដូវ​កាល​ក្រោយ​។​


 
​ដោយឡែក Arsenal ដែល​រក​បានតែ​១​ពិន្ទុ​សម្រាប់​ជំនួប​សប្តាហ៍​ទី​៣៧​នោះ នៅសល់​ឱកាស​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ដណ្តើម​កៅអី Top 4 ខណៈ​ពួកគេ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Spurs ចំនួន​៣​ពិន្ទុ និង​ចាញ់​គ្រាប់​ស៊ុត​បញ្ចូល​ទី​រហូត​៨​គ្រាប់​។ 
 
​យ៉ាងណា ក្រុម​កាំភ្លើង​ធំ​នៅតែ​អាច​ទទួលបាន Top4 ប្រសិន​ពួកគេ​ឈ្នះ​គូប្រជែង​នៅ​ជំនួប​ចុងក្រោយ​លើសពី​៤​គ្រាប់ ហើយ Spurs ចាញ់​គូប្រជែង​ដោយ​របូត​គ្រាប់​បាល់​លើសពី​៤​គ្រាប់​ដូចគ្នា​។​
 
​កៅអី UEFA Europa League រដូវ​កាល​ក្រោយ​សម្រាប់​ក្រុមពី​លី​គ​កំពូល​អង់គ្លេស​ ក្រៅពី Arsenal ឬ Spurs ដែលកំពុងប្រជែង Top4 យើងបានរកឃើញ១ក្រុមគឺ Man Utd ដែលបានកៅអី​នេះ​ផ្លូវ​​ការ។ ដោយឡែក​ក្រុម​ពី​អង់គ្លេស​១​ទៀត ដែល​ត្រូវ​ដណ្តើម​គ្នា​យក​១​កៅអី​សម្រាប់​លេង​នៅ​ក្របខណ្ឌ​ទី​២​អឺរ៉ុប​នេះ​គឺ Watford និង Wolverhampton Wanderers ឬ Leicester City​។​
 
​ប្រសិនបើ Watford ឈ្នះ Manchester City ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន FA Cup នោះ​ពួកគេ​នឹង​បាន​កៅអី Europa League រដូវ​កាល​ក្រោយ​។ ផ្ទុយទៅវិញ​បើ Man City លើក​ពាន FA Cup នោះ​កៅអី Europa League នេះ​ត្រូវ​ធ្លាក់​លើ​ក្រុម​លេខ​៧​ពី​ក្របខណ្ឌ Premier League ដែល​អាចជា Wolves ឬ Leicester៕

Tag:
 បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com