ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អតីត​កម្មករ​ទូ​កនេ​សាទ​មកពី​ខេត្តបាត់ដំបង​ប្រឹងប្រែង​លុបបំបាត់​ការជួញដូរ​មនុស្ស​តាមរយៈ​ការសរសេរ​សៀវភៅ​
07, May 2019 , 8:19 am        
រូបភាព
លោក​ ព្រំ វណ្ណៈ​អានន្ទ ហៅ​វណ្ណៈ គឺជាវិចិត្រករមួយរូប ដែលបានបោះពុម្ពសៀវភៅមួយក្បាលដើម្បីលុប​បំបាត់​ជួញ​ដូរ​មនុស្ស។ លោកបានរួចផុតពីទាសភាពនៅលើទូកនេសាទនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១០។ (រូបដកស្រង់ពីវីដេអូ៖ NURFC) Photo: video grab
លោក​ ព្រំ វណ្ណៈ​អានន្ទ ហៅ​វណ្ណៈ គឺជាវិចិត្រករមួយរូប ដែលបានបោះពុម្ពសៀវភៅមួយក្បាលដើម្បីលុប​បំបាត់​ជួញ​ដូរ​មនុស្ស។ លោកបានរួចផុតពីទាសភាពនៅលើទូកនេសាទនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១០។ (រូបដកស្រង់ពីវីដេអូ៖ NURFC) Photo: video grab
ដោយ: VOA
​វ៉ាស៊ីនតោន ៖ បុរស​សក់វែង​ប្រាំពីរ​នាក់​កំពុង​ជួយ​គ្នា​ទាញ​សំណាញ់​ពី​ក្នុង​ទឹកសមុទ្រ​ឡើងលើ​ទូក​នេសាទ​ពណ៌​ខៀវ ដែលមាន​ទង់ជាតិ​ម៉ាឡេស៊ី​នៅ​ពីលើ និង​បុរស​ទឹកមុខ​ស្មើ​ម្នាក់ សក់វែង​ប្រះ​ស្មា ពាក់​ខ្សែក​បន្តោង​រូប​ព្រះពុទ្ធ ជាមួយ​ស្នាម​សាក់​រូប​ផ្កា​នៅ​ដើមដៃ​ខាងឆ្វេង គឺជា​រូប​នៅលើ​គម្រប​សៀវភៅ​និពន្ធ​ដោយ​លោក ព្រំ វណ្ណៈ​អានន្ទ ហៅ វណ្ណៈ និង​អ្នកស្រី Jocelyn Pederick​។​

 
​សៀវភៅ​ដែល​និពន្ធ​ឡើង​ផ្អែកលើ​រឿង​ពិត​របស់លោក វណ្ណៈ ស្ដីពី​ទាសភាព​សម័យ​ទំនើប​ដែល​លោក​ធ្លាប់​ឆ្លងកាត់​នេះ​មាន​ចំណងជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «​ពិភព​អន្ធការ​នៅលើ​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​»​។​
 
​គិត​ត្រឹម​ឆ្នាំ ២០១៩ គឺមាន​រយៈពេល​ប្រាំបួន​ឆ្នាំ​មកហើយ ដែល​លោក វណ្ណៈ បានគេច​ផុតពី​ការធ្វើជា​ទាសករ​នៅលើ​ទូក​នេសាទ និង​ចម្ការ​ដូងប្រេង​។ ប៉ុន្តែ​ការចងចាំ​ដ៏​ឈឺចាប់ ដែល​លោក​បាន​ជួបប្រទះ​អំឡុង​ពេលដែល​លោក​ត្រូវបាន​គេ​លក់​ឲ្យ​ធ្វើជា​ទាសករ​កាលពី ១៣ ឆ្នាំមុន នៅតែ​លងបន្លាច​លោក​ជានិច្ច​។ នៅពេល​នឹកឃើញ​រឿង​អកុសល​នេះ​ម្ដងៗ លោក​ជ្រើស​រើសយក​ការធ្វើ​កិច្ចការ​ផ្ទះ និង​គូររូប​ដើម្បី​បន្លប់​ខ្លួនឯង​។​
 
​លោក វណ្ណៈ បាន​ប្រាប់ VOA ថា​៖ «​បាទ​! គឺ​អត់​មាន​បំភ្លេច​បានទេ គឺ​ខ្ញុំ​នៅ​ចងចាំ​ជានិច្ច គឺ​ភ្លេច​អត់​បានទេ​។ ជួនណា​ខ្ញុំ​ធ្វើការ​កំប៉ិកកំប៉ុក​នៅផ្ទះ ហើយ​និង​គូររូប​។ ពេល​គូររូប​ទៅ​វា​អាច​រំសាយ​នូវ​អារម្មណ៍ ការគិត​ទាំងអស់​ហ្នឹង​»​។​


គម្របសៀវភៅរបស់លោក ព្រំ វណ្ណៈ និង​អ្នកស្រី Jocelyn Pederick​ ដែលចំណង​ជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)
 
​ជីវិត​នៅលើ​ទូក​នេសាទ​
 
​កាលពី​ឆ្នាំ ២០០៦ ដោយ​ចង់​រកប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ប្រពន្ធ​សម្រាលកូន លោក វណ្ណៈ បានសម្រេច​ចិត្ត​ចាក​ចេញពី​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ ជា​អកុសល លោក​ត្រូវបាន​ឈ្មួញ​ជួញដូរ​មនុស្ស លក់​ឲ្យ​ទៅធ្វើ​ការ​ជា​ទាសករ​នៅលើ​ទូក​នេសាទ អស់​រយៈពេល​បី​ឆ្នាំ ប្រាំពីរ​ខែ ដែល​សឹងតែ​ស្មើនឹង​របប​កុ​ម្មុយ​និ​ស្ត​ខ្មែរក្រហម​។​
 
​លោក វណ្ណៈ បាន​ឲ្យ​ដឹងថា នៅលើ​ទូក​នេសាទ​ដែល​លោក​ធ្វើការ​គេ​ប្រើប្រាស់​ភាសា​ថៃ ហើយ​កម្មករ​នៅលើ​ទូក​នោះ​មាន​ជនជាតិខ្មែរ ថៃ និង​មី​យ៉ាន់​ម៉ា​។ កម្មករ​ទាំងអស់​ត្រូវ​បាន​ចែកចេញជា​ពីរ​ប្រភេទ ទីមួយ​គឺ កម្មករ​ដែល​ទទួលបាន​ប្រាក់ខែ និង​អាច​ត្រឡប់​ឡើងគោក​ជួបជុំ​គ្រួសារ​វិញ និង​ប្រភេទ​ទី​ពីរ​គឺ កម្មករ​ដែល​ត្រូវបាន​គេ​លក់​ឲ្យ​ធ្វើជា​ទាសករ ដែល​មិនអាច​ទទួលបាន​ប្រាក់ខែ និង​សេរីភាព​នោះទេ​។ លោក វណ្ណៈ ស្ថិតក្នុង​ប្រភេទ​ទី​ពីរ​។​
 
​លោក វណ្ណៈ បាន​និយាយថា​៖ «​អ្នក​ដែល​ចុះទៅ ដូច​ថា​គេ​មាន​លុយ​បង់ពន្ធ​អ៊ីចឹង គេ​បាន​ប្រាក់ខែ ហើយ​គេ​ឡើងមក​វិញ​។ ដូច​ពួក​ខ្ញុំ​អ្នកលក់ គេ​យកទៅលក់​អ៊ីចឹង​អត់​បាន​ប្រាក់ខែ​ទេ​»​។​
 
​លោក វណ្ណៈ បន្ថែមថា នៅលើ​ទូក​នោះ ថៅកែ​ផ្ដល់​អាហារ​មួយថ្ងៃ​ពីរ ឬ​បី​ពេល​ដល់ក​ម្មករ ប៉ុន្តែ​ភាគច្រើន​សុទ្ធតែជា​ត្រី ឬ​គ្រឿង​សមុទ្រ​។ យូរៗ​ម្ដង កម្មករ​ទទួលបាន​អាហារ​ជា​សាច់មាន់ ឬ​សាច់ជ្រូក​ជាដើម​។​
 
​ការហូបចុក​មិនមែនជា​បញ្ហា​ចោទ​នោះទេ​សម្រាប់​លោក វណ្ណៈ អ្វី​ដែលជា​បញ្ហា​នោះ​គឺ​ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង សម្រាក​មិន​គ្រប់គ្រាន់ និង​ការប្រើ​អំពើហិង្សា​ពី​សំណាក់​ថៅកែ និង​អ្នកមើលការខុសត្រូវ​លើ​ទូក​ទៅលើ​កម្មករ និង​អំពើហិង្សា​រវាង​កម្មករ និង​កម្មករ​។​
 
​លោក វណ្ណៈ បាន​និយាយថា​៖ «​ប្រើ​អំពើហិង្សា ដូច​ថា​គេ​ប្រើ​យើង ប្រើ​វាយ​ធ្វើបាប​យើង​ដូច​ថា​អ្នកណា​ល្ងង់ គេ​វាយ​ធ្វើបាប​។ និយាយ​រួម​នៅលើ​ទូក វា​ពោរពេញ​ដោយ​ការឈ្លោះគ្នា វាយដំ ជួនណា​កាប់សម្លាប់​គ្នា​ទៅវិញទៅមក ឈ្លោះ​គ្នា​។ ធ្វើការ​ជាមួយគ្នា​អត់​សូវ​ត្រូវ​គ្នា មួយ​ខ្លាំង​ជាង​មួយ​ខ្សោយ​ជាង វា​អត់​សូវ​ត្រូវ​គ្នា ឈ្លោះ​តែ​គ្នា​»​។​
 
​លោក​បន្ថែមថា ពេលណា​កម្មករ​ណា​ម្នាក់​ធ្លាក់ខ្លួន​ឈឺ ថៅកែ​ចាំ​ឃ្លាំមើល​រយៈពេល​ពីរ​បី​ថ្ងៃ​។ បើ​ពីរ​បី​ថ្ងៃ​ហើយ​កម្មករ​នោះ​នៅតែ​ឈឺ​ធ្វើការ​មិនកើត គ្នីគ្នា​របស់​ថៅកែ សម្លាប់​កម្មករ​នោះ​ចោល ឬ​ទម្លាក់​ចូល​សមុទ្រ​តែម្ដង​។​
 
​ទស្សនា​ដំណើរ​រត់គេចខ្លួន​ពី​អំពើ​ទាសភាព​លោក​ទូក​នេសាទ​ក្នុងប្រទេស​ថៃ​របស់លោក ព្រំ វណ្ណៈ និង​សាច់រឿង​របស់លោក Solomon Northup អតីត​ទាសករ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ (​វីដេអូ​ដោយ National Underground Railroad Freedom Center)
 
​លោក វណ្ណៈ បញ្ជាក់ទៀតថា កម្មករ​មាន​គ្នា​ច្រើនជាង​គ្នីគ្នា​របស់​ថៅកែ ប៉ុន្តែ​ពួកគេ​មិនអាច​រួមគ្នា​តដៃ​បានទេ ដោយសារតែ​ថៅកែ​ដាក់​កម្មករ​ដែលមាន​ជាតិ​សាសន៍​ខុសៗ​គ្នា​ឲ្យ​នៅ​ជាមួយគ្នា​។ ដូច្នេះ​ក ម្មករ​មិនអាច​និយាយ​ស្ដាប់​គ្នា​យល់ ឬ​បបួលគ្នា​ធ្វើ​អ្វីមួយ​ស្រុះគ្នា​បានទេ​។​
 
​ដើម្បី​គេច​ពី​ការ​ធ្វើបាប​របស់​ថៅកែ និង​អ្នកមើលការខុសត្រូវ លោក វណ្ណៈ បាន​ឲ្យ​ដឹងថា លោក​ត្រូវខិតខំ​ធ្វើការ​បន្ថែម ដូចជា​បោសសម្អាត​ទូក ឬ​ស្រោច​ទឹក​ទូក នៅពេល​ថ្ងៃ​ក្ដៅ ដើម្បី​កុំ​ឲ្យ​ទូក​ប្រេះ​ជាដើម​។ មិនតែប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​កម្មករ​ដទៃ​ធ្វើបាប លោក​ខំ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ពួកគេ តាមរយៈ​ការ​សាក់​រូប​ឲ្យ​ពួកគេ​ជាដើម​។ លោក​ប្រើ​ថ្នាំដុសធ្មេញ លាយ​ជាមួយ​ធ្យូង ធ្វើជា​ទឹក​ថ្នាំ​ដើម្បី​សាក់​រូប​។​
 
​សត្វ​សេះ​សមុទ្រ​ជា​រូបិយប័ណ្ណ​
 
​កម្មករ​លើ​ទូក​ខ្លះ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ថៅកែ​ចែក​ឲ្យ និង​ទិញ​ពី​ទូក​តូចៗ​ដែល​មក​សាង​ត្រី​។ កម្មករ​មិន​ប្រើ​លុយ​សម្រាប់​ការ​ទិញដូរ​នោះទេ​។ នៅ​ទី​នោះគេ​ប្រើ​សត្វ​សេះ​សមុទ្រ​ក្រៀម​ជា​រូបិយប័ណ្ណ​។​
 
​លោក វណ្ណៈ បាន​ឲ្យ​ដឹងថា គេ​ប្រើ​សេះ​សមុទ្រ​ដូរ​យក​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា ស្រា បារី នំ ឬ​ទឹកក្រូច​ជាដើម​។ សេះ​សមុទ្រ​ប្រាំពីរ​អាច​ដូរ​បាន​ស្រា​មួយ​ដប សេះ​សមុទ្រ​ប្រាំ​អាច​ដូរ​បាន​បារី​មួយកញ្ចប់ ហើយ​សេះ​សមុទ្រ​បួន​អាច​ដូរ​បាន​នំ​មួយកញ្ចប់ ឬ​ទឹកក្រូច​មួយ​ដប​។​
 
​លោក និង​កម្មករ​ផ្សេងទៀត តែង​លួចលាក់​សេះ​សមុទ្រ​តូចៗ​ទុក​ដើម្បី​ដូរ​ស្រា ឬ​បារី ប៉ុន្តែ​បើ​សេះ​សមុទ្រ​ណា​រាង​ធំ ត្រូវ​ឲ្យ​ទៅ​ថៅកែ ពេលខ្លះ​ឲ្យ​តែ​ថៅកែ​ឃើញ​កម្មករ​ណា​រកបាន​សេះ​សមុទ្រ ថៅកែ​មក​យកតែ​ម្ដង​។ សត្វ​សេះ​សមុទ្រ​ត្រូវបាន​ឈ្មួញ​ទិញ ដើម្បី​កែច្នៃ​ធ្វើជា​ថ្នាំបុរាណ​។​


គំនូររបស់លោក​ ព្រំ វណ្ណៈ​ បង្ហាញពីបទពិសោធន៍របស់លោក នៅពេលដែលលោកត្រូវបានឈ្មួញជួញដូរតាមរថយន្តឈ្នួលមួយទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ (រូបដកស្រង់ពីវីដេអូ៖ NURFC) 

គំនូររបស់លោក​ ព្រំ វណ្ណៈ បង្ហាញពីបទពិសោធន៍ធ្វើការដូចទាសករនៅលើទូកនេសាទសមុទ្រក្នុងប្រទេសថៃ។ (រូបដកស្រង់ពីវីដេអូ៖ NURFC)

​ចុះ​ទឹក​ក្រពើ ឡើងលើ​ខ្លា​
 
​ដោយ​ទ្រាំទ្រ​នឹង​ការធ្វើការ​ហួសកម្លាំង សម្រាក​មិន​គ្រប់គ្រាន់ និង​ការធ្វើ​ទារុណកម្ម​លើ​រាងកាយ​មិនបាន លោក វណ្ណៈ បានសម្រេច​ចិត្ត​គេចខ្លួន​ពី​ទូក​នេសាទ​ដោយ​លោត​ចូល​សមុទ្រ និង​តោង​ប៊ីដុង​ទឹកត្រី​ជា​ជំនួយ ដើម្បី​ហែល​ទៅកាន់​ដីគោក​ប្រទេស​ម៉ាឡេស៊ី ដែលមាន​ចម្ងាយ​ប្រមាណ​បី​បួន​គីឡូម៉ែត្រ​ពី​ទូក​។​
 
​លោក វណ្ណៈ បញ្ជាក់ថា លោក​បាន​លោត​ចូល​ទឹកសមុទ្រ​នៅ​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ជាមួយ​កម្មករ​ថៃ​ម្នាក់ទៀត ហើយ​ពេលនោះ​ទឹកសមុទ្រ​មិនសូវ​ជា​ត្រជាក់​ខ្លាំង​ទេ​។ ដៃ​ម្ខាង​របស់លោក​ចង​ជាប់​នឹង​ប៊ីដុង​ទឹកត្រី ឯ​ដៃ​ម្ខាង​ទៀត​ចង​ជាប់​នឹង​កាំបិត​ដេរ​មង ដើម្បី​ទុក​ការពារ​ខ្លួន​ពី​ត្រី​ឆ្លាម​។ ដោយមាន​ទឹករលក​ជា​ជំនួយ លោក​បាន​ចំណាយពេល​ហែល​ទៅ​ច្រាំង​ប្រមាណ ២០ នាទី​តែប៉ុណ្ណោះ​។​
 
​ពិតណាស់ថា លោក​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ជួយសង្គ្រោះ ប៉ុន្តែ​ប៉ូលិស​នោះ​ក៏បាន​លក់​លោក​បន្ត ឲ្យ​ទៅធ្វើជា​កម្មករ​នៅ​ចម្ការ​ដូងប្រេង នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុងប្រទេស​ម៉ាឡេស៊ី​។​
 
​លោក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រោយពី​រងរបួស​ដោយសារ​កម្មករ​មី​យ៉ាន់​ម៉ា​ម្នាក់​បានកា​ប់លោក​មួយ​កាំបិត នៅពេល​លោក​ចូលទៅ​ជួយ​លើក​កម្មករ​ខ្មែរ​ម្នាក់ទៀត​ឈ្មោះ ធារ៉ា ដែល​ដេក​ដួល​នៅ​ដី ក្រោយពី​ត្រូវ​កម្ម​ករមី​យ៉ាន់​ម៉ា​ដដែល​នោះ​កាប់​ពីរ​កាំបិត​រួចមក​។ បន្ទាប់មក​លោក​ក៏ត្រូវ​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ជួយសង្គ្រោះ នឹងត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​មកជួបជុំ​គ្រួសារ​នៅ​កម្ពុជា​វិញ​នៅក្នុង​ខែឧសភា ឆ្នាំ ២០១០​។​
 
​នៅពេលដែល​លោក​បាន​ជួប​ជាមួយ​ភរិយា​របស់លោក ហើយ​សួរថា​តើ​ភរិយា​របស់លោក​គិត​យ៉ាងណា នៅពេលដែល​លោក​មិនបាន​ទាក់ទង​មក​ផ្ទះ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មក​នោះ ភរិយា​របស់លោក​វណ្ណៈ​បាន​ឆ្លើយថា គាត់​ស្មានតែ​លោក វណ្ណៈ​បាន​ស្លាប់​បាត់ទៅហើយ​។​


គំនូររបស់លោក​ ព្រំ វណ្ណៈ បង្ហាញពីរូបលោក និងពលករចំណាកស្រុកម្នាក់ទៀត ត្រូវបានប៉ូលិសម៉ាឡេស៊ីសួរនាំ បន្ទាប់ពីទូក​នេសាទដែលលោក វណ្ណៈ ត្រូវបានបង្ខំឲ្យធ្វើការ ត្រូវប៉ូលិសត្រួតពិនិត្យ។ (រូបដកស្រង់ពីវីដេអូ៖ NURFC)


 
​ដំណើរ​មកកាន់​សហរ​ដ្ឋ​អាមេរិក​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​
 
​ក្រោម​ការឧបត្ថម្ភ និង​ជ្រោមជ្រែង​ពី​សំណាក់​រោង​ពុម្ព Seven Stories Press ដែលជា​អ្នក​បោះពុម្ព​សៀវភៅ​នេះ លោក វណ្ណៈ និង​អ្នកស្រី Pederick នឹងធ្វើ​ដំណើរ​មកដល់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ «The Dead Eye and The Deep Blue Sea» ឬ «​ពិភព​អន្ធការ​នៅលើ​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​»​។​
 
​អ្នកស្រី Pederick សហ​និពន្ធ​សៀវភៅ​នេះ​បាន​និយាយថា​៖ «​រោង​ពុម្ព Seven Stories បានផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ និង​វណ្ណៈ ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ វណ្ណៈ អាច​ប្រាប់​មនុស្ស​នៅ​ទីនោះ អំពី​រឿង​របស់គាត់ ចែករំលែក​បទពិសោធ​ន៍​ដែល​គាត់​បាន​ជួបប្រទះ និង​ផ្សព្វផ្សាយ​សៀវភៅ​ទៅកាន់​ពលរដ្ឋ​អាមេរិក​។ យើង​សង្ឃឹមថា ពួកគេ​នឹង​ចាប់អារម្មណ៍​ពី​រឿង​របស់ វណ្ណៈ ក៏ដូចជា​ទិញ​សៀវភៅ​របស់​ពួកយើង​។​លើសពីនេះ យើង​ចង់​ឲ្យ​ពួកគេ​បាន​ដឹងឮ ពី​រឿង​កម្មករ​ធ្វើការ​លើ​ទូ​កនៅ​តំបន់​អាស៊ីអាគ្នេយ៍​»​។​
 
​លោក វ​ណុៈ្ណ និង​អ្នកស្រី Pederick នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង New York ចាប់ពី​ថ្ងៃទី ៧ ដល់ ១២ ឧសភា រដ្ឋធានី Washington ពីថ្ងៃ​ទី ១២ ដល់ ១៧ ឧសភា និង​ទីក្រុង Los Angeles ពីថ្ងៃ​ទី ១៨ ដល់ ២១ ឧសភា​។​
 
​អ្នកស្រី Pederick បាន​ឲ្យ​ដឹងថា សៀវភៅ​«The Dead Eye and The Deep Blue Sea» ត្រូវបាន​សាកលវិទ្យាល័យ University of California, Los Angeles បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​ក្នុង​មុខវិជ្ជា​សិល្បៈ និង​ចិត្ត​វិទ្យា​។ ដូច្នេះ​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង Los Angeles រដ្ឋ California នឹង​ផ្ដល់ឱកាស​ឲ្យ​លោក វណ្ណៈ បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​និស្សិត ដែល​សិក្សា​មុខវិជ្ជា​នោះ​។​
 
​អ្នកស្រី Pederick បញ្ជាក់ថា​សៀវភៅ​នេះ មាន​លក្ខណៈពិសេស​ប្លែក​ពី​សៀវភៅ​ដទៃ​។ អ្នកស្រី​ថា​៖ «​មិន​ដែលមាន​សៀវភៅ​និពន្ធ​ឡើង​បែបនេះ​ទេ ជាពិសេស​គឺ​ការនិពន្ធ​ចេញពី​ទស្សនៈ​របស់​ជនរងគ្រោះ ដែល​អ្នក​រស់រានមានជីវិត និង​ភ្ជាប់​ជាមួយ​រូបភាព​ពិស្ដារ​គូរ​ដោយ​ជនរងគ្រោះ​ផ្ទាល់​។ ដូច្នេះ នេះ​គឺជា​រឿង​មួយ​ដែល​ប្លែក​ពី​គេ ហើយ​កន្លងមក យើង​ទទួលបាន​មតិ​សាទរ​ពី​សំណាក់​អ្នកអាន​យ៉ាងច្រើន​»​។​
 
​ថ្វីត្បិតតែ​សៀវភៅ «The Dead Eye and The Deep Blue Sea» ឬ «​ពិភព​អន្ធការ​នៅលើ​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​» ចេញផ្សាយ​ជា​ភាសា​អង់គ្លេស លោក វណ្ណៈ សង្ឃឹមថា ពលរដ្ឋ​ខ្មែរ​ក៏​អាច​មើលសៀវភៅ​នេះ​យល់ តាមរយៈ​រូបភាព​ពិស្ដារ​ដែល​លោក​បាន​គូរ និង​បញ្ចូល​ទៅក្នុង​សៀវភៅ​។​
 
​យោងតាម​អ្នកស្រី Pederick លោក វណ្ណៈ ចំណាយពេល​ជិត ៤ ឆ្នាំ​ដើម្បី​គូររូប​ទាំងអស់​នៅក្នុង​សៀវភៅ​នេះ ហើយ​សរុបមក​ការងារ​និពន្ធ​សៀវភៅ​ទម្រាំ​បានចេញ​ផ្សាយ​គឺ​ត្រូវ​ចំណាយពេល​សរុប​ប្រមាណ ៦​ឆ្នាំ​។ អ្នកនិពន្ធ​រូបនេះ​សង្ឃឹមថា នឹង​អាច​រកប្រាក់​បាន​ពី​ការលក់​សៀវភៅ ឬ​រកបាន​ដៃគូរ​ក្នុងប្រទេស​កម្ពុជា ដើម្បី​បកប្រែ​សៀវភៅ​នេះ​ជា​ភាសា​ខ្មែរ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​


រូបគំនូរមួយនៅក្នុងសៀវភៅរបស់លោក ព្រំ វណ្ណៈ និង​អ្នកស្រី Jocelyn Pederick​ ដែលចំណង​ជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)
 
​កិច្ច​ប្រឹងប្រែង​កែប្រែ​វិស័យ​ជួញដូរ​មនុស្ស​
 
​នៅ​ឆ្នាំ ២០១២ លោក វណ្ណៈ បានទទួល​រង្វាន់ «​វីរជន​ផ្នែក​ជួញដូរ​មនុស្ស​» ពី​ក្រសួងការបរទេស​អាមេរិក ហើយ​រង្វាន់​នោះ​ត្រូវបាន​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ លោកស្រី Hillary Clinton ប្រគល់ជូន​លោក​ដោយ​ផ្ទាល់ដៃ​។​
 
​លោក វណ្ណៈ ចង់​បន្ត​កិច្ចប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរឡើង​ក្នុង​វិស័យ​ជួញដូរ​មនុស្ស​នេះ​បន្តទៀត​។ ហើយ​លោក​សង្ឃឹមថា សៀវភៅ​ដែល​លោក​និពន្ធ​នេះ​អាចជួយ​លោក​សម្រេច​បំណង​នេះ​បាន​។​
 
​សម្រាប់​លោក វណ្ណៈ សារសំខាន់​បំផុត​តាមរយៈ​សៀវភៅ​នេះ គឺ​លោក​ចង់​ឲ្យ​ប្រជាជន​ខ្មែរ ក៏ដូចជា​ពលរដ្ឋ​សាសន៍​ដទៃ បានដឹង​ពី​គ្រោះថ្នាក់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ល្បិចកល​របស់​ឈ្មួញ​ជួញដូរ​មនុស្ស និង​បទពិសោធន៍​លំបាក​វេទនា​ពេល​ក្លាយខ្លួនជា​ទាសករ​។​
 
​លោក​សង្ឃឹមថា រឿងរ៉ាវ​របស់លោក​នឹងធ្វើ​ឲ្យ​អ្នក​ដែលមាន​បំណង​ចង់​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ឡើងវិញ និង​បោះបង់​គំនិត​នោះ​ចោល​តែម្ដង​។ លោក​មិន​ចង់​ឲ្យ​នរណាម្នាក់​មាន​វាសនា​ដូច​លោក​ឡើយ​។​
 
​នា​ថ្ងៃ​អនាគត លោក វណ្ណៈ មានបំណង​ក្លាយខ្លួនជា​អ្នកសារព័ត៌មាន​មួយរូប ដែល​ធ្វើការ​ផ្ដោតលើ​វិស័យ​ជួញដូរ​មនុស្ស និង​ការ​ឆ្លងដែន​ខុសច្បាប់​ជាដើម​។​


លោក​ ព្រំ វណ្ណៈ​អានន្ទ ហៅ​វណ្ណៈ គឺជាវិចិត្រករមួយរូប ដែលបានបោះពុម្ពសៀវភៅមួយក្បាលដើម្បីលុប​បំបាត់​ជួញ​ដូរ​មនុស្ស។ លោកបានរួចផុតពីទាសភាពនៅលើទូកនេសាទនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១០។ (រូបដកស្រង់ពីវីដេអូ៖ NURFC)
​ 
​ជីវិត​ក្នុងពេល​បច្ចុប្បន្ន​
 
​បើតាម​លោក វណ្ណៈ សព្វថ្ងៃនេះ ជីវភាព​គ្រួសារ​របស់លោក​មិនទាន់​ធូរធារ​ទេ ដោយសារតែ​លោក​គ្មាន​ការងារ​ពេញ​ម៉ោង ក្រៅពី​ការ​គូររូប​លក់​ឲ្យ​អង្គការ​មួយចំនួន ដែល​គេ​បាន​បញ្ជា​ទិញ​។ ភរិយា​របស់លោក​ជា​ស្ត្រី​មេផ្ទះ ជួយ​មើល​ការខុសត្រូវ​កូន​ពីរ​នាក់ ដែល​ម្នា​ក់រៀន​ថ្នាក់​ទី ៦ និង​ម្នាក់ទៀត​រៀន​ថ្នាក់​ទី ៣​។​
 
​លោក វណ្ណៈ បញ្ជាក់ថា ចំពោះ​កិច្ចការ​សរសេរ​សៀវភៅ​នេះ លោក​ដំបូង​ឡើយ​ទទួលបាន​ប្រាក់ ៦​ពាន់​ដុល្លារ ពី​រោង​ពុម្ព ហើយនឹង​ការសន្យា​របស់​រោង​ពុម្ព ថា​នឹង​ប្រគល់ជូន​លោក​នូវ​ទឹកប្រាក់​ចំនួន ១០% ភាគរយ​នៃ​ចំនួន​ប្រាក់​បានមកពី​ការលក់​សៀវភៅ​នៅ​ថ្ងៃ​ខាងមុខ​។​
 
​ចាប់ពី​ឆ្នាំ ២០១០ ជា​ឆ្នាំ​ដែល​លោក​រួច​ផុតពី​ទាសភាព​សម័យ​ទំនើប​នោះមក លោក​មិន​ចង់ ហើយក៏​មិនដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ឡើយ​។ មិនតែប៉ុណ្ណោះ លោក​ចង់​ឲ្យ​កូន​ទាំងពីរ​ប្រុស​មួយ​ស្រី​មួយ​របស់លោក​រៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់ ដើម្បី​រក​ការងារ​ធ្វើ​ត្រឹមត្រូវ និង​ដាច់ខាត​មិន​ឲ្យ​ពួកគេ​ឆ្លងដែន​ខុសច្បាប់​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com