អន្តរជាតិ
លោក ពូ​ទីន បញ្ជា​ស៊ើបអង្កេត​ឲ្យ​ល្អិតល្អន់​ជុំវិញ​ហេតុការណ៍​ឆេះ​យន្តហោះ​សម្លាប់​មនុស្ស​៤១​នាក់
06, May 2019 , 3:28 pm        
រូបភាព
ដោយ:
​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​រុស្ស៊ី ផ្ទុះ​ឆាបឆេះ​ក្នុង​អណ្តាតភ្លើង ក្រោយពី​ចុះចត​យ៉ាង​បន្ទាន់​មួយ នៅ​អាកាសយានដ្ឋាន​ដ៏​មមាញឹក​បំផុត​របស់​ទីក្រុង​មូ​ស្កូ កាលពី​ម៉ោង ៦​ល្ងាច (​ម៉ោង​ក្នុងស្រុក​) ថ្ងៃទី​៥ ខែឧសភា​។ ក្នុង​ហេតុការណ៍​នេះ មនុស្ស​៤១​បាត់បង់​ជីវិត និង​៣៧​នាក់​ផ្សេងទៀត សំណាងល្អ​នៅ​រស់រានមានជីវិត​។

 
​វីដេអូ​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម បង្ហាញ​ពី​ទិដ្ឋភាព​យន្តហោះ​ធុន Sukhoi Superjet 100 របស់​ក្រុមហ៊ុន​រុស្ស៊ី Aeroflot ផ្ទុះ​ឆេះ​នៅ​ផ្នែក​ខាងក្រោយ​ពេល​ចុះចត​ជាបន្ទាន់​ក្នុង​ល្បឿន​ដ៏​លឿន​នៅលើ​ផ្លូវ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Sheremetyevo ។ ក្រោយមក អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ពី​តួ​យន្តហោះ​តែម្តង​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​រុស្ស៊ី នៅលើ​យន្តហោះ មាន​មនុស្ស​សរុប ៧៨​នាក់ រួមទាំង​អ្នកបម្រើ​ការ​លើ​យន្តហោះ​ផងដែរ​។ ក្នុងចំណោម​នោះ មនុស្ស ៤១​នាក់​ស្លាប់ និង​គិត​មកទល់ពេលនេះ មនុស្ស ៣៧​នាក់ រួចខ្លួន​មានជីវិត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP យន្តហោះ​នេះ មាន​គោលដៅ​ហោះហើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Sheremetyevo ទៅកាន់​ទីក្រុង Murmansk ភាគ​ពាយព្យ​នៃ​រុស្ស៊ី​។​
 
​យ៉ាងណាមិញ អាជ្ញាធរ​រុស្ស៊ី ពុំទាន់​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ​នៅឡើយ​ទេ​។ ទោះបីជា​បែបនេះ​ក្តី ប្រ​ធានា​ធីប​តី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ការសោកស្តាយ​ទៅកាន់​សាច់ញាតិ​ជាទី​ស្រឡាញ់​របស់​ជនរ​ង​គ្រោះ និង​បាន​និយាយថា ការស៊ើបអង្កេត ត្រូវធ្វើឡើង​ឲ្យ​បាន​ល្អិតល្អន់ និង​ឆាប់​បំផុត​។ បើតាម​ប្រភព​វិមាន​ក្រេ​ម​ឡាំង នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev បាន​បញ្ជា​គណៈកម្មការ​ពិសេស​ឲ្យ​បើក​ការស៊ើបអង្កេត​ក្នុង​រឿងនេះ​៕

Tag:
 រុស្ស៊ី​
  យន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com