រថយន្ត
អន្តរជាតិ
គិតពី​បរិស្ថាន សិង្ហ​បុរី ដាក់​ដំណើរការ​រថយន្តក្រុង​ដែលមាន​សួនច្បារ​លើដំបូល​
06, May 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ Straits Times
ប្រភពរូប៖ Straits Times
ដោយ:
​រថយន្តក្រុង​សាធារណៈ​លើកទីមួយ​របស់​សិង្ហ​បុរី ដោយមាន​សួនច្បារ​លើដំបូល ចាប់ផ្តើម​បើកបរ​នៅលើ​ដងផ្លូវ កាលពី​ថ្ងៃទី​៥ ខែឧសភា​។ ការដាក់​ដំណើរការ​នេះ គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដើម្បី​សិក្សា​ពី​ការ​អាច​កាត់​បន្ថយកម្តៅ​ក្នុង​រថយន្តក្រុង និង​បន្ធូរ​បន្ថយថ្លៃ​ចំណាយ​លើ​ប្រេងឥន្ធនៈ​។

 
​គំនិត​ផ្តួចផ្តើម​ឈ្មោះថា  The Garden on the Move ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែឧសភា នឹងដាក់​ដំណើរការ​រថយន្តក្រុង​ធុន SBS Transit ចំនួន​១០​គ្រឿង លើ​ដងផ្លូវ​សំខាន់ៗ​របស់​សិង្ហ​បុរី ។ ដំណើរការ​នេះ មាន​រយៈពេល​យ៉ាងហោចណាស់ ៣​ខែ ។ បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​រដ្ឋ​សិង្ហ​បុរី Channel News Asia ថ្លៃ​ចំណាយ​ដែល​អ្នកដំណើរ​ត្រូវ​បង់​សម្រាប់​ជិះ​រថយន្តក្រុង​ប្រភេទ​នេះ មានតម្លៃ​ដូចគ្នា​ទៅនឹង​រថយន្តក្រុង​ទូទៅ​។  
 
​ជា​គំនិត​ផ្តួចផ្តើម​រថយន្តក្រុង​បៃតង​លើកដំបូង​បង្អស់​នៅ​តំបន់​អាស៊ី  រថយន្តក្រុង​ប្រភេទ​នេះ បំពាក់​ដោយ​ប្រព័ន្ធ​ដំបូល​គ្មាន​ដី ឬ​ហៅថា Gaiamat ដែល​អភិវឌ្ឍ​ក្នុងស្រុក​។ ចំណែក រុក្ខជាតិ​នៅលើ​ដំបូល​រថយន្ត​នេះ ត្រូវបាន​ដាំ​ដុះ​នៅលើ​កំរាល​ស្រាល​មួយ​ប្រភេទ ដូច​ទៅនឹង​កំរាល​ដែល​គេ​យកទៅ​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​លើ​អគារ​ខ្ពស់ៗ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​របស់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​គម្រោង​បៃតង​នេះ​។ 
 
​សម្រាប់​ការសិក្សា រុក្ខជាតិ​មិន​ប្រើ​ដី​ចំនួន​ពីរ​បន្ទះ ឬ​មាន​ខ្លះ​បួន​បន្ទះ ត្រូវបាន​ដាក់​នៅលើ​ដំបូល​រថយន្តក្រុង​នីមួយៗ​។ រុក្ខជាតិ​មួយ​បន្ទះៗ មាន​ប្រវែង​បណ្តោយ ១,៨​ម៉ែត្រ និង​ទទឹង ១,០៥​ម៉ែត្រ ហើយ​មាន​ទម្ងន់​៤០​គីឡូក្រាម​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​ដដែល គោលដៅ​នៃ​ការសិក្សា​រយៈពេល​៣​ខែ​នេះ គឺ​ដើម្បី​រក​ឲ្យ​ឃើញថា ដំបូល​បៃតង​បែបនេះ នឹង​ជួយ​កាត់បន្ថយ​សីតុណ្ហភាព​នៅ​ផ្នែក​ខាងក្នុង​របស់​ឡានក្រុង ព្រមទាំង​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ រួមមាន​ការបើក​ម៉ាស៊ីនត្រជាក់​ជាដើម​៕
 

Tag:
 សិង្ហ​បុរី​
  ឡានក្រុង​
  សួនច្បារ
© រក្សាសិទ្ធិដោយ thmeythmey.com