អន្តរជាតិ
របាយការណ៍ UN៖ កូរ៉េខាងជើង ប្រឈមមុខ​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​
07, May 2019 , 8:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​កាលពី​ចុង​សប្ដាហ៍​មុន អង្គការសហប្រជាជាតិ​បាន​ព្រមាន​ពី​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ដែល​អាច​កើតឡើង​នៅ​កូរ៉េខាងជើង​។ បើតាម​របាយការណ៍ កូរ៉េខាងជើង បាន​កាត់បន្ថយ​របប​អាហា​ប្រចាំថ្ងៃ​យល់​កម្រិត​ទាប​បំផុត ព្រោះ​មិនមាន​ស្បៀង​គ្រប់គ្រាន់​។ គ្រោះធម្មជាតិ​ដូចជា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ប្រមូល​តិច​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ ខណៈ​ទណ្ឌកម្ម​រាប់សិប​ជាន់ ក៏​ជា​កត្តា​បង្ក​មួយ​ដែរ​។ 

 
​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) និង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) របស់​អង្គការសហប្រជាជាតិ បានចេញ​ផ្សាយ​របាយការណ៍​មួយ ដែល​បាន​ព្រមាន​ពី​ការកើតឡើង​វិបត្តិ​មនុស្ស​ធ​ម៌​ដ៏​អាក្រក់​នៅ​កូរ៉េខាងជើង​។ ក្នុង​របាយការណ៍​វាយតម្លៃ​រួមគ្នា​នេះ ប្រជាជន​កូរ៉េខាងជើង​ជាង​១០​លាន​នាក់ ជួប​បញ្ហា​កង្វះ​អាហារ​យ៉ាងធ្ងន់ធ្ងរ​ ព្រោះ​ការប្រមូល​ផល​បាន​ទាប​យ៉ាងខ្លាំង​ មិន​ធ្លាប់មាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​មកនេះ​។ 
 
​អង្គការ​អន្តរជាតិ​ទាំងពីរ បាន​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅ​កូរ៉េខាងជើង​ ចំនួន​ពីរដង​កាលពី​ឆ្នាំ​២០១៨ ដោយបាន​វាយតម្លៃ​សន្តិសុខ​ស្បៀងអាហារ ទៅពិនិត្យ​កសិដ្ឋាន ទីជនបទ និង​ទីក្រុង ក៏ដូចជា​មជ្ឈមណ្ឌល​បែង​ចែក​ទិន្នផល​។ ក្រុម​ស៊ើបអង្កេត WFP និង FAO ក៏​រកឃើញថា តាំងពី​ខែមករា ឆ្នាំ​២០១៩ ក្រុង​ព្យុងយ៉ាង​បាន​បង្ខំចិត្ត​កាត់បន្ថយ​បរិមាណ​អាហារ​ចំនួន​៣០០​ក្រាម​ក្នុង​មួយថ្ងៃ ដែល​បរិមាណ​នេះ​តិច​ជា​ពេល​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​៣៨០​ក្រាម​។ 
 
​លើសពីនោះ ក្រុមគ្រួសារ​កូរ៉េខាងជើង ទទួលទាន​អាហារ​មាន​ប្រូតេ​អ៊ី​ន​តិចតួច ហើយ​អាហារ​ភាគច្រើន​គឺមាន​តែ​បាយ និង​គីម​ឈី​ប៉ុណ្ណោះ​។ លោក Nicolas Bidault សហប្រធាន​ក្រុម​ស៊ើបអង្កេត ​ចាត់ទុក​ស្ថានភាព​បែបនេះ ជាការ​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​សហគមន៍​ជាច្រើន​ប្រឈមមុខ​បញ្ហា​ខ្លាំង ហើយ​ការកាត់បន្ថយ​របប​អាហារ​កាន់តែ​ទាប នឹងធ្វើ​ឲ្យ​ប្រជាជន​កូរ៉េខាងជើង​ធ្លាក់​ក្នុង​វិបត្តិ​អាហារ​មិន​ខាន​។ បើ​គ្មាន​ជំនួយ​ទេនោះ ការកាត់បន្ថយ​អាហារ ​នឹង​កើតឡើង​នៅ​អំឡុង​ខែមិថុនា​ ដល់​ខែតុលា​នេះ​មិន​ខាន​។​
 
​ជាមួយ​ការព្រមាន​ពី​ហានិភ័យ​ផ្នែក​ស្បៀងអាហារ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ​ទាំងពីរ​បាន បានលើកឡើង​ពី​ភាពចាំបាច់​ នៃ​ជំនួយ​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​ផលិតកម្ម​អាហារ​។ រលក​កម្ដៅ​ខ្លាំង ទឹកជំនន់ គ្រោះរាំងស្ងួត​ដែល​អូសបន្លាយ​យូរ សុទ្ធសឹង​ជា​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​ការប្រមូល​ផល​របស់​កូរ៉េខាងជើង​ធ្លាក់ចុះ​។ របាយការណ៍​ដដែល​នេះ ក៏​ចង្អុល​ដល់​ទណ្ឌកម្ម​អន្តរជាតិ ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ លើ​វិស័យ​កសិកម្ម​ប្រទេស​នេះដែរ​។​
 
​ទណ្ឌកម្ម​ដែល​សំដៅ​បញ្ឈប់​កូរ៉េខាងជើង​ ពី​ការអនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ​នោះ បាន​រឹតត្បិត​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន ការ​នាំចូល​ប្រេង និង​គ្រឿងបន្លាស់ ហើយ​វា​ក៏​នាំ​ឲ្យ​កសិករ​កូរ៉េខាងជើង​រងគ្រោះ​ទៅវិញ​។ របាយការណ៍​ខាងលើ ទំនងជា​ឱកាស​សម្រាប់​ការស្នើ ​ឲ្យ​មានការ​បន្ធូរ​ប​ន្ថ​យ​ទណ្ឌកម្ម​ខ្លះ​ លើ​កូរ៉េខាងជើង ពិសេស​ការបន្ថយ​ការហាមឃាត់​ លើ​ការ​នាំចូល​គ្រឿងយន្ត​កសិកម្ម និង​ការបើកផ្លូវ​ឲ្យ​មានការ​ផ្ដល់ជំនួយ​កាន់​តែ​ទូលាយ​៕
 

Tag:
 UN
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com