ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី UN ថ្លែង​នៅមុខ​សម្តេច​ថា «​ដើម្បី​បោះជំហាន​ទៅមុខ ត្រូវ​យកចិត្តទុកដាក់​រវាង​សេដ្ឋកិច្ច​និង​សិទ្ធិមនុស្ស​...»
07, May 2019 , 10:30 am        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី និង អ្នកស្រី Pauline Tamesis  នៅវិមានសន្តិភាព នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី និង អ្នកស្រី Pauline Tamesis នៅវិមានសន្តិភាព នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​អ្នកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហ​ប្រជា​តិ (UN) ប្រចាំ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​។


 
​មន្ត្រី​នៃ​ការិយាល័យ​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ បាន​ស្រង់​ប្រសាសន៍​របស់​អ្នកស្រី Pauline Tamesis ដែល​និយាយ​នៅ​ចំពោះមុខ​សម្តេច ហ៊ុន សែន ទៅ​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​បោះជំហាន​ទៅមុខ ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ជា​អាទិភាព​រវាង​តុល្យភាព​នៃ​កំណើនសេដ្ឋកិច្ច​ជាមួយនឹង​ការការពារ​បរិស្ថាន ការការពារ​សិទ្ធិមនុស្ស និង​ការលើកកម្ពស់​គោលដៅ​សង្គម ដើម្បី​ធានាថា ប្រជាជន​ក្រីក្រ ត្រូវបាន​ការពារ​ពី​ហា​នី​ភ័យ និង ធានាថា វិបុលភាព ត្រូវបាន​ចែករំលែក​ប្រកបដោយ​សមធម៌ ហើយ​ជំនាន់​ក្រោយៗ​ទៀត ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​ការសម្រេចចិត្ត​ថ្ងៃនេះ អំពី​របៀប​ដែល​ធនធាន​ត្រូវបាន​គ្រប់គ្រង​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី តប​ទៅ​អ្នកស្រី ថា កាលពី​ដើមឡើយ កម្ពុជា មាន​ភាពក្រីក្រ​រហូតដល់​១០០​ភាគរយ​ឯណោះ ហើយ​ក្រោយមក ក៏មាន​ការចាប់ផ្ដើម​ផ្ដល់​កិច្ច​គាំពារ​សង្គម​ទៅដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ បន្ទាប់​មកដល់​ស្ត្រី​ដែល​ធ្វើការ​នៅតាម​រោងចក្រ  និង​បន្ទាប់មកទៀត​គឺ​ទៅដល់​ស្ត្រី​ដែលមាន​ភាពក្រីក្រ ហើយក៏​បានធ្វើការ​មួយចំនួន​ថែមទៀត រួមទាំង​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី  ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ  ការជីក​អណ្តូងទឹក ជីក​ស្រះ​ទឹកជា​ដើម ដែល​ទាំងអស់នេះ​សុទ្ធសឹងតែ​ជាការ​គាំពារ​សង្គម​។ នេះ​បើតាម​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​។ 
 
​ក្នុងជំនួប​នោះ អ្នកស្រី បានលើកឡើង​ពី​ចំណុច​សំខាន់ៗ​៣ រួមមាន កម្មវិធី​គាំពារ​សង្គម ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលដៅ​អ​ភ​វិ​ឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព​។
​បន្ទាប់ពី​បញ្ចប់​ជំនួប មានការ​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDAF) ២០១៩ ដល់ ២០២៣ រវាង​អ្នកស្រី Pauline Tamesis និង លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ ក្របខ័ណ្ឌ UNDAF ផ្តោតលើ​អាទិភាព​នៃ​ការអភិវឌ្ឍ​៥​យ៉ាង គឺ ការពង្រីក​ឱកាស​សង្គម ការពង្រីក​ឱកាស​សេដ្ឋកិច្ច ការលើកកម្ពស់​ការ​រ​ស់​នៅ​ប្រកបដោយ​ចីរភាព ការពង្រឹង​ការចូលរួម និង គណនេយ្យភាព និង ការគ្រប់គ្រង​នគរូបនីយកម្ម​៕

Tag:
 UN
  កម្ពុជា​
  ហ៊ុន សែន​
  Pauline Tamesis
© រក្សាសិទ្ធិដោយ thmeythmey.com