ជាតិ
ក្នុងចំណោម​បរទេស​នៅ​ខ្មែរ ចិនប្រ​ព្រឹ​ត្ត​បទល្មើស និង​រងគ្រោះ​ច្រើនជាងគេ
07, May 2019 , 3:53 pm        
រូបភាព
រូបភាពពីក្រសួងមហាផ្ទៃ
រូបភាពពីក្រសួងមហាផ្ទៃ
​ជនបរទេស​ទទួលរ​ង​គ្រោះ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​នេះ មាន​ប្រមាណ​១៦០​ករណី ដែលមាន​ជនរងគ្រោះ​សរុប​ជាង​២០០​នាក់ ក្នុងនោះ ជនជាតិ​ចិន​ជិត​១០០​នាក់ ទទួលរង​គ្រោះ ដែលជា​ចំនួន​ច្រើនជាងគេ​។ ចំណែក​ជន​ប្រព្រឹត្ត​បទល្មើស​ច្រើនជាងគេ ក៏​ជា​ជនជាតិ​ចិន​ដែរ គឺមាន​ជាង​២០០​នាក់​ឯណោះ​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងមហាផ្ទៃ​ថ្ងៃទី​៧​ឧសភា ឆ្នាំ​២០១៩​។


 
​លោក ថោង លីម អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​កិច្ចប្រជុំ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ អំពី​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOT LINE) ជាមួយ​ជនបរទេស​នៅ​កម្ពុជា​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៩​។ ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ បាន​បង្ហាញថា ជនបរទេស​ទទួលរ​ង​គ្រោះ​សរុប​ជាង​១៦០​ករណី និង​ប្រព្រឹត្ត​បទល្មើស​៨២​ករណី ដោយ​ក្នុងនោះ​ជនរងគ្រោះ​និង​ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជា​គេ គឺជា​ជនជាតិ​ចិន​។ 
 
​ជនបរទេស​ដែល​រងគ្រោះ រួមមាន ចិន​៩៨​នាក់​, បារាំង​១២​នាក់​, អង់គ្លេស​១១​នាក់​, អាល្លឺម៉ង់​៩​នាក់​, និង អាមេរិក​៧​នាក់​។ ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស រួមមាន ចិន​ជាង​២០០​នាក់​, វៀតណាម​៤៩​នាក់​, ថៃ​២៦​នាក់​, កូរ៉េខាងត្បូង​៤​នាក់​, និង អាមេរិក ៣​នាក់​។ 
 
​តាម​របាយការណ៍​រប​ស់​ក្រុម Hotline ជនបរទេស មាន​បណ្តឹងសុំ​អន្តរាគមន៍​ពី​ជនបរទេស​និង​ស្ថានទូត​ចំនួន​១១​ករណី ហើយ​បាន​ដោះស្រាយ​បញ្ចប់​៨​ករណី និង​មិនទាន់​បញ្ចប់​៣​ករណី​(​ស្ថិតក្នុង​ការស៊ើបអង្កេត​)​។ សមត្ថកិច្ច នឹង​បន្ត​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​បណ្ដឹង​ដែល​នៅសល់ បង្កើន​ការយកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ រួម​ជាមួយនឹង​ការបន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​៕ 
 

Tag:
 ជនបរទេស​
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com