អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ ចិន​ទទូច​ឲ្យ​អាមេរិក​ឈប់​បង្ករឿង និង​ព្រមាន​ប្រើ​គ្រប់​មធ្យោបាយ​ការពារ​អធិបតេយ្យ​ខ្លួន​
08, May 2019 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ជាថ្មី​ទៅនឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​ការធ្វើសកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ប៉េកាំង បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា​មាន​ចេតនា​បង្ករឿង និង​ទទូច​ឲ្យ​បញ្ឈប់​សកម្មភាព​បំពាន​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង​។​

 
​តាម​របាយការណ៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​៦ ឧសភា មាន​នាវា​ល្បាត​របស់​អាមេរិក​ពីរ​គ្រឿង បានធ្វើ​ដំណើរ​ចូលទៅ​កៀក​នឹង​តំបន់​កោះ​របស់​ចិន​ដែល​ស្ថិតនៅក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​ជាមុន​ឡើយ​។ សកម្មភាព​នេះ ត្រូវបាន​រដ្ឋាភិបាល ចាត់ទុក ថា​បាន​បំពាន​អធិបតេយ្យ​របស់ខ្លួន​យ៉ាងធ្ងន់ធ្ងរ​។​
 
​តាម​ការ​អះអាងថា​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang នា​រយៈ​សន្និសីទ​សារព័ត៌មាន​ដដែល​នោះ បាន​ផ្ញើ​សារ​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​បែបនេះ​។ លោកអ្នក​នាំពាក្យ បានចាត់ទុក​សកម្មភាព​នេះ ជាការ​បំផ្លាញ​សន្តិភាព សន្តិសុខ និង​សណ្តាប់​ល្អ​នៅក្នុង​ដែនទឹក​ពាក់ព័ន្ធ​។ 
 
​ឆ្លៀតឱកាស​នោះ​ផងដែរ លោក Geng Shuang បាន​គូសបញ្ជាក់ថា ក្រោម​កិច្ចប្រឹងប្រែង​ចរចា​រវាង​ចិន និង​រដ្ឋ​អាស៊ាន ស្ថានភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​។ លោក សង្កត់ធ្ងន់ថា​៖«​ចិន សូម​ទទូច​ឲ្យ​អាមេរិក​បញ្ឈប់​សកម្មភាព​បង្ករឿង ហើយ​គោរព​អធិបតេយ្យ និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ចិន និង​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ក្នុង​តំបន់​ក្នុងការ​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​លោកអ្នក​នាំពាក្យ​រូបនេះ ក៏បាន​ប្រកាស​ជំហរ​ត្រង់ៗ​របស់​ចិន​យ៉ាង​ដូច្នេះ​៖« ចិន នឹង​បន្ត​ចាត់​គ្រប់​វិធានការ​ចាំបាច់ ក្នុងការ​ការពារ​អធិបតេយ្យ សន្តិសុខ សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​គួរ​ជម្រាប​ផងដែរ សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែន​ជម្លោះ​មួយ​ដែលមាន​រដ្ឋ​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ភាគី​រដ្ឋ​អាស៊ាន បានទាមទារ​គ្រប់គ្រង​តំបន់​ខ្លះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយយោង​តាមច្បាប់​អន្តរជាតិ ដែល​ត្រួតស៊ីគ្នា​ទៅនឹង​ការទាមទារ​របស់​ចិន ដោយ​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នោះ​។​
 
​គួរកត់សម្គាល់​នោះ អាមេរិក បាន​មាន​សកម្មភាព​យ៉ាងសកម្ម​ទាំង​តាមរយៈ​ការចូលរួម​ក្នុង​វេទិកា​អន្តរជាតិ និង​ទាំង​តាមរយៈ​ការធ្វើសកម្មភាព​ផ្ទាល់​ក្នុង​តំបន់​ជម្លោះ​។ អាមេរិក ដែលមាន​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ដូចជា​វៀតណាម និង​ហ្វីលីពីន​ក្នុង​ភាគី​ជម្លោះ ជា​ញឹកញាប់​បាន​បញ្ជូន​ទាំង​នាវា​ល្បាត និង​យន្តហោះ​ល្បាត​មកកាន់​តំបន់​នេះ ដែល​ធ្វើ​ឲ្យ​ចិន ផ្ទុះ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ផងដែរ​៕
 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com