ជាតិ
លោក អូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាបេសកជនពិសេស ដើម្បីចរចាសុំជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសតែងតាំងលោក អូស្មាន ហាស្សាន់ ប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ជាបេសកជនពិសេស សម្រាប់ចរចាសុំចូលជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម។ ការតែងតែងនេះ ធ្វើឡើងនៅក្នុងពិធីអាហារស្រាយបួស «ខែរ៉ាមាឌន) កាលពីថ្ងៃទី៧ ឧសភា។
សម្ដេច ហ៊ុន សែន បាននិយាយថា មូលហេតុដែលកម្ពុជា ចង់ចូលជាសមាជិកអង្គការមួយនេះ គឺក្នុងគោលបំណង បង្កើនទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការនេះ ដែលនឹងអាចចូលរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា។ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលនិស្សិតសាសនិកឥស្លាម និងពលរដ្ឋកម្ពុជាទៀតផង។ ដោយសារមើលឃើញពីអត្ថប្រយោជន៍នៃការចូលរួមជាមួយអង្គការសហប្រតិបត្តិការឥស្លាមនេះ ទើបសម្ដេច ហ៊ុន សែន តែងតាំងឲ្យលោក អូស្មាន ហាស្សាន់ ធ្វើជាបេសកជនពិសេស ទៅចរចាជាមួយបណ្ដាប្រទេសជាសមាជិក ដើម្បីផ្ដល់ឱកាសកម្ពុជា បានចូលជាសមាជិកនៃអង្គការនេះ។
អមជាមួយការចង់ក្លាយជាសមាជិកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម ជួយទិញទំនិញពីកម្ពុជា រាប់ទាំងម្ហូបហាឡាល់ (Halal food) ដែលជាតម្រូវការរបស់ពលរដ្ឋសានិកឥស្លាម ។ ជាពិសេទិញម្ហូបអាហារ អង្ករ ដើម្បីឲ្យទីផ្សារកម្ពុជាកាន់តែទូលាយ និងរីកចម្រើន ដែលជាផ្នែកមួយនៃការបង្កើនការងារធ្វើនៅកម្ពុជាទៀតផង។
គួរបញ្ជាក់ថា អង្គការសហប្រតិបត្តិការឥស្លាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដើម្បីប្រមូលផ្ដុំសំឡេងនិងការពារផលប្រយោជន៍ដល់ក្រុមអ្នកកាន់សាសនាឥស្លាមនៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការមួយនេះ មានប្រទេស៥៣ ជាសមាជិក ដែលភាគច្រើនជាប្រទេសកាន់សាសនាឥស្លាម៕
Tag:
ហ៊ុន សែន
អូស្មាន ហាហ្សាន់
ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com